គិតពីការអប់រំ ត្រូវគិតពីគ្រូបង្រៀន ព្រោះគ្រូបង្រៀន គឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ក្លាយជាមនុស្សដែលមានចំណេះដឹង និងមានផ្នត់គំនិតប្រកបដោយភាពវិជ្ជមាន។
ដោយមើលឃើញពីសារៈសំខាន់របស់គ្រូបង្រៀន ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានយកចិត្តទុកដាក់ខ្លាំងលើការបណ្តុះបណ្តាលគ្រូបង្រៀនតាមគ្រប់រូបភាព ដើម្បីគ្រូបានបន្តចែករំលែកដល់សិស្សនូវគុណភាពអប់រំប្រកបដោយភាពច្បាស់លាស់ និងទាន់តម្រូវការក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។
លោក ប៉ិច ប៉ឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា គ្រូបង្រៀនជាផ្នែកសំខាន់បំផុតមួយដែលបណ្តាញសាលារៀនរបស់លោកយកចិត្តទុកដាក់ខ្លាំង ព្រោះដើម្បីឱ្យសិស្សក្លាយជាមនុស្សមានសក្តានុពល និងពូកែបាន លុះត្រាតែគ្រូដែលជាអ្នកចែករំលែកចំណេះដឹងនេះ មានគុណភាពខ្ពស់លើគ្រប់ផ្នែកទាំងអស់។ គ្រូបង្រៀនចាំបាច់ត្រូវតែជាអ្នកដែលមានការយល់ដឹងទូលំទូលាយទាំងសម្រាប់មុខវិជ្ជាបង្រៀន ចំណេះដឹងទូទៅ ភាពជាអ្នកដឹកនាំ ភាពជាគំរូ និងបច្ចេកទេសក្នុងការជំរុញឱ្យសិស្សក្លាយជាមនុស្សពូកែទាំងចំណេះដឹងគោល និងឥរិយាបថ។
លោក ប៉ិច ប៉ូឡែន បានមានប្រសាសន៍ថា៖ “គ្រូបង្រៀននៅក្នុងសម័យថ្មីនេះ ចាំបាច់ត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យបានសកម្មខ្លាំង ព្រោះពិភពលោកបានប្រែប្រួលយ៉ាងឆាប់រហ័សពី 1ថ្ងៃ ទៅ 1ថ្ងៃ ដែលតម្រូវឱ្យអ្នកអប់រំ ក៏ចាំបាច់ត្រូវមានភាពបត់បែន និងព្យាយាមស្វែងយល់ជាប់ជាប្រចាំ ដើម្បីធានាថា ការបង្រៀនរបស់យើងអាចដើរទាន់ការវិវឌ្ឍរបស់ពិភពលោក ហើយធ្វើឱ្យសិស្សរបស់យើងរក្សាបាននូវភាពសំខាន់ បើទោះបីជាពិភពលោកមានការប្រែប្រួលក៏ដោយ”។
ស្ថាបនិកស្ថាប័នអប់រំខាងលើបានលើកឡើងផងដែរថា ក្រៅពីការបណ្តុះបណ្តាល គ្រូក៏ចាំបាច់ត្រូវមានភាពជាគំរូល្អផងដែរ ដើម្បីណែនាំផ្លូវរបស់សិស្សឱ្យដើរទៅក្នុងគន្លងវិជ្ជមានមួយសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនៅថ្ងៃអនាគត។ ហេតុនេះហើយទើប ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ព្យាយាមគ្រប់លទ្ធភាពដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនរបស់យើងនៅគ្រប់បណ្តាញសាលារៀនរបស់យើងទាំងអស់ឱ្យកាន់តែមានសមត្ថភាពខ្ពស់។
ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យកាន់តែមានសក្តានុពល យើងបានរៀបចំកម្មវិធីជាច្រើន ជាពិសេសវេទិកាគ្រូបង្រៀនដែលយើងបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យរបស់យើងទាំងខ្មែរ និងបរទេស ចែករំលែកចំណេះដឹងពីការសិក្សាស្រាវជ្រាវ និងការចូលរួមក្នុងកម្មវិធីធំៗជុំវិញពិភពលោកដល់គ្រូបង្រៀនទាំងអស់របស់យើង។ បន្ថែមពីលើនេះ យើងក៏បានធ្វើការជំរុញឱ្យមានការបណ្តុះបណ្តាលដោយអញ្ជើញអ្នកជំនាញសំខាន់ៗទាំងខ្មែរ និងបរទេសដើម្បីធ្វើបទបង្ហាញ ដើម្បីផ្តល់ឱ្យអ្នកអប់រំរបស់យើងទទួលបានព័ត៌មានថ្មីៗបំផុត សម្រាប់ពង្រីកការយល់ឃើញ ឬធ្វើបច្ចុប្បន្នភាពនៃប្រភពចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ ប្រភពព័ត៌មានទាំងអស់នោះ នឹងក្លាយជាប្រភពចំណេះដឹងជាមូលដ្ឋានដើម្បីបន្តស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពទាំងចំណេះដឹងជំនាញ និងចំណេះដឹងទូទៅឱ្យកាន់តែខ្លាំង ដែលវាជាកត្តាសំខាន់ក្នុងការរុញច្រានការបណ្តុះបណ្តាលដល់សិស្សឱ្យកាន់តែមានបញ្ញាមុតស្រួចដើម្បីសម្រេចគោលដៅអនាគតរបស់ពួកគេគ្រប់ៗគ្នា។
បន្ថែមពីលើនេះ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏មានបន្ថែមនូវវគ្គសិក្សាសំខាន់ៗដែលទទួលស្គាល់យ៉ាងទូលំទូលាយទូទាំងពិភពលោក ដូចជាកម្មវិធីទម្លាប់ល្អទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ និងកម្មវិធីជាច្រើនផ្សេងទៀតដល់គ្រូបង្រៀន ដើម្បីឱ្យគាត់ប្រើប្រាស់ចំណេះដឹងទាំងអស់នេះសម្រាប់ការរស់នៅប្រចាំថ្ងៃផង អភិវឌ្ឍអាជីពផង និងសម្រាប់បន្តណែនាំដល់សិស្សឱ្យមានភាពជាអ្នកដឹកនាំខ្ពស់ផង។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕