ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) កំពុងផ្ដោតការយកចិត្តទុកដាក់លើវិស័យទឹកស្អាតនៅប្រទេសកម្ពុជា ដោយបានអនុវត្ត និងដាក់គម្រោងនានា ទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត។ ការឱ្យដឹងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួបជាមួយប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។
លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា ADB បានដាក់ផែនការកម្មវិធីក្នុងប្រទេសកម្ពុជារួមមាន៖ ឆ្នាំ 2017 គ្រោងនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទឹក ស្អាត និងអនាម័យខេត្ត ដែលមានទំហំថវិកាឥណទានរបស់ ADB ចំនួន 50លានដុល្លារអាមេរិក និងឆ្នាំ 2017 ធ្វើគម្រោងអភិវឌ្ឍដៃគូរវាងរដ្ឋ និងឯកជន (PPP)។
លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា
សម្រាប់ឆ្នាំ 2018 យើងនឹងដាក់គម្រោងជំនួយបច្ចេកទេស ដែលមានថវិកាជាជំនួយឥតសំណងប្រមាណ 1,5 លានដុល្លារអាមេរិក ដើម្បីសិក្សារៀបចំគម្រោងទឹកស្អាត និងអនាម័យដំណាក់កាលទី2។ ឆ្នាំ 2020 យើងគ្រោងនឹងអនុម័តគម្រោងទឹកស្អាត និងអនាម័យខេត្តជំហ៊ានទី2 ដែលមានថវិការបស់ ADB ចំនួន 50លានដុល្លារអាមេរិកទៀត។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា បានឱ្យដឹងដែរថា គម្រោងទាំងនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងអនុវត្ត និងរៀបចំបណ្តាគម្រោងនានា ដែលគ្រោងស្នើសុំនាពេលអនាគត ទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឯកឧត្តមបានសាទរគម្រោងបេសកកម្មកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងស្នើឱ្យ ADB ផ្តល់សារៈសំខាន់ ចំពោះគម្រោងអភិវឌ្ឃន៍ជាអាទិភាពមួយចំនួនរួមមាន៖ រោងចក្រទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្ននៅប្រើបំពង់បណ្តាញចាស់តាំងពីជំនាន់បារាំង កំពុងមានបញ្ហាធ្លាយលេចជាច្រើនកន្លែង ដែលតម្រូវឱ្យមានការផ្លាស់ប្តូរថ្មី និងកែតម្រូវប្រព័ន្ធដទៃទៀត។
គម្រោងផ្គត់ផ្គង់ពង្រីកវិសាលភាពទឹកស្អាត នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីប្រជុំជនជាប់ព្រំដែន មានសកម្មភាពពាណិជ្ជកម្មមមាញឹក ជាពិសេសជាតំបន់សេដ្ឋកិច្ចពិសេស ប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងកម្មករ និងគម្រោងពង្រីកសេវាគ្របដណ្តប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក៕