អប់រំ ជាវិស័យសំខាន់បំផុតសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងវិនិយោគយូរអង្វែងដើម្បីទទួលបានលទ្ធផលជាវិជ្ជមានត្រឡប់មកវិញ។ បន្ថែមពីលើនេះ បើទោះបីជាការវិនិយោគលើវិស័យអប់រំទទួលបានលទ្ធផលល្អហើយក៏ដោយ អ្នកគ្រប់គ្រងស្ថាប័នអប់រំចាំបាច់ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយក្នុងគិតគូរពីអនាគតនៃប្រតិបត្តិការអប់រំនោះឱ្យប្រកបដោយនិរន្តរភាពដើម្បីផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់សង្គម។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីផ្តល់នូវនិរន្តរភាពក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាពខ្ពស់ យើងចាំបាច់ត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការអប់រំ ដោយបន្តអភិវឌ្ឍទាំងកម្មវិធីសិក្សា សេវាកម្មសិក្សា រួមទាំងបុគ្គលិកអប់រំឱ្យកាន់តែខ្លាំង។ ក្នុងចំណោមផ្នែកសំខាន់ៗទាំងអស់នោះ ធនធានមនុស្សក្នុងវិស័យអប់រំគឺជារឿងសំខាន់មួយដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះយើងចង់ឱ្យមានអ្នកបន្តវេនពូកែៗត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីបន្តបេសកកម្មប្រកបដោយគុណតម្លៃលើវិស័យអប់រំនៅគ្រប់ផ្នែកទាំងអស់។
លោក ប៉ិច បូឡែន បាននិយាយថា៖ «យើងនឹងជ្រើសរើសបុគ្គលិកដែលមានផ្នត់គំនិត និងអត្តចរិតល្អៗរបស់យើងដើម្បីចូលរួមបណ្តុះបណ្តាលបន្ថែមសម្រាប់ធ្វើជាកម្លាំងត្រៀមដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែខ្លាំង ព្រោះប្រសិនបើយើងចង់តម្លើងដំណែង ឬផ្លាស់ប្តូរអ្នកគ្រប់គ្រងណាម្នាក់ទៅកាន់ផ្នែកណាមួយទៀតនោះយើងនឹងមានធនធានគ្រប់គ្រាន់ដើម្បីជំនួសកន្លែងនេះដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ដដែល»។
លោក ប៉ិច បូឡែន បានបន្ថែមទៀតថា អ្នកបន្តវេនដែលយើងចង់បាននៅទីនេះ គឺអ្នកដែលមានអត្តចរិត និងផ្នត់គំនិតល្អ មិនមែនត្រឹមតែពូកែនោះទេ ព្រោះពេលខ្លះប្រសិនបើយើងពូកែ តែមិនមានអត្តចរិតល្អ មិនចេះធ្វើការងារជាក្រុម ឬមិនមានផែនការជីវិតច្បាស់លាស់ នោះយើងនឹងមិនអាចដឹកនាំការងារបានល្អនោះទេ។ លោកបានបន្ថែមទៀតថា បុគ្គលិកមិនទាន់ពូកែផ្នែកចំណេះជំណាញគេអាចបណ្តុះបណ្តាលបាន តែប្រសិនបើបុគ្គលិកនោះពូកែ ហើយមានអត្តចរិតមិនល្អ នោះជារឿងលំបាកក្នុងការកែប្រែ ឬអភិវឌ្ឍ។ ហេតុនេះហើយទើបយើងចង់បានមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មានភាពជាអ្នកដឹកនាំ ចេះធ្វើការងារជាក្រុម និងលក្ខណៈសម្បត្តិខាងក្នុងជាច្រើនទៀតដើម្បីបន្តធ្វើការបណ្តុះបណ្តាល។
លោក ប៉ិច បូឡែន បាននិយាយថា៖ «អ្នកដែលមានតែដំណែង តែគ្មានឥទ្ធិពលវិជ្ជមានសម្រាប់ក្រុមការងារ គឺមិនមានន័យនោះទេ ព្រោះពួកគេពូកែតែម្នាក់ឯង ហើយមិនអាចធ្វើការងារជាក្រុម ឬមិនអាចធ្វើឱ្យក្រុមការងារយល់ពីអ្វីដែលកំពុងធ្វើដើម្បីធ្វើការងាររួមប្រកបដោយប្រសិទ្ធភាព»។
លោក គង់ សំនៀង នាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ការវិវឌ្ឍន៍របស់ក្រុមហ៊ុន ក៏ដូចជាពិភពលោក និងតម្រូវការសិស្សានុសិស្ស វេសឡាញ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការជ្រើសរើស និងរក្សាបុគ្គលិកដែលមានសមត្ថភាពទាំងចំណេះ ជំនាញ សមត្ថភាព និងពិសេសអត្តចរិត និងសីលធម៌ល្អ។ បន្ថែមពីលើនេះ ស្ថាប័នក៏បន្តបណ្តុះបណ្តាលតម្រង់ទិសការងារ និងបង្ហាត់បង្រៀនការងារតាមតួនាទី ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយកំហុសឆ្គង។ លើសពីនេះទៅទៀត វេសឡាញ ក៏ផ្តល់នូវបរិយាកាសការងារល្អ ស្និទ្ធស្នាល ជាមិត្តភាពដើម្បីជាទីរីកចម្រើន រីករាយ និងនិរន្តភាពការារសម្រាប់បុគ្គលិកគ្រប់ប្រភេទ គ្រប់ជាតិសាសន៍ផងដែរ៕