កាលឆ្នាំ2009 ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម23ឆ្នាំរបស់កម្ពុជា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ BIDC Cup 2009 ដែលកាលនោះកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែម្តង។ ការប្រកួតនេះផងដែរ មានក្រុមចូលរួមចំនួន4 មកពី3ប្រទេស រួមមាន៖ U-23 កម្ពុជា U-23 ឡាវ និងក្រុមឈុតធំមកពីលីគកំពូលវៀតណាមចំនួន2ក្រុម។
ក្នុងនោះដែរ ក្រុម U-23 កម្ពុជា បានយកឈ្នះក្រុមលីគកំពូលវៀតណាម ខណៈដែលក្រុម U-23 ឡាវ ចាញ់ក្រុមមកពីលីគកំពូលវៀតណាមមួយទៀត។ ក្នុងវគ្គផ្តាច់ព្រាត់ ក្រុម U-23 កម្ពុជា ទទួលបានជ័យជម្នះក្រោយបំបាក់ក្រុមខ្លាំងមកពីលីគកំពូលវៀតណាម ដោយលទ្ធផល 3 ទល់នឹង 2គ្រងជើងឯកពានរង្វាន់នេះតែម្តង។
គ្រានោះដែរក្រុមជើងឯកកម្ពុជា ទទួលបានប្រាក់រង្វាន់ចំនួន 2ម៉ឺនដុល្លា រួមជាមួយនឹង ម៉ូតូហុងដា ឆ្នាំ2009 ម្នាក់មួយគ្រឿងជូនដល់ក្រុមជម្រើសជាតិ U-23 កម្ពុជាគ្រប់ៗគ្នា។ កាលនោះគឺជាលើកទី1ហើយ សម្រាប់ប្រវត្តិសាស្ត្របាល់ទាត់សម័យថ្មីរបស់កម្ពុជា ដែលបានគ្រងជើងឯកជាលើកដំបូង៕