ដោយសារសម័យបច្ចេកវិទ្យាជឿនលឿន គេហទំព័រជាច្រើនបានបង្ហាញចេញនូវការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងពីការធ្វើពាណិជ្ជកម្ម ការលក់ផលិតផលតាមអនឡាញ និងមុខរបរផ្សេងដោយឡែកៗពីគ្នា។ ដោយឡែក គេហទំព័រក្រុមហ៊ុនផ្តល់ប្រាក់កម្ចីជាច្រើន ក៏កំពុងធ្វើប្រតិបត្តិការ តាមរយៈការផ្ញើសារតាមទូរស័ព្ទ ការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាការចែកខិត្តប័ណ្ណផ្សេងៗ ដែលរៀបរាប់ពីការផ្តល់កម្ចីមានការប្រាក់ ការផ្តល់សេវាកម្ចីរហ័ស មានលក្ខខណ្ឌងាយស្រួល មិនតម្រូវឱ្យមានវត្ថុបញ្ចាំ និងអ្នកធានាជាដើម។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រង ហ្វ័រតេ បានប្រាប់ឡារ៉ែន ពាណិជ្ជថា៖“ការផ្តល់សេវាកម្ចីប្រាក់ដែលយើងឃើញមានការផ្សព្វផ្សាយទាំងនោះ គេអាចកត់សម្គាល់បាន 2ប្រភេទគឺ1 ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ពួកគេត្រូវគ្រប់គ្រងដោយធនាគារជាតិ និង2 ក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណដែលចេញដោយធនាគារជាតិ គឺជាក្រុមហ៊ុនក្រៅប្រព័ន្ធ”។
លោកអគ្គនាយក បានឱ្យដឹងថា៖“ធនាគារជាតិនៃកម្ពុជា គ្មានសិទិ្ធផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនសេវាកម្ចីក្រៅប្រព័ន្ធទេ។ ធនាគារផ្តល់អាជ្ញាប័ណ្ណ តែទៅលើធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូច្នេះកម្ចីក្រៅប្រព័ន្ធ អត់មាននរណាផ្តល់អាជ្ញាប័ណ្ណឱ្យទេ វាមានអាជ្ញាប័ណ្ណមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុ និយាយពីរឿងបញ្ចាំ ជាការខ្ចីប្រាក់ដែលត្រូវយករបស់ទៅបញ្ចាំតែប៉ុណ្ណោះ”។
លោកបានបញ្ជាក់ថា៖“នៅប្រទេសណា ក៏មានដែរក្រុមហ៊ុនកម្ចីក្រៅប្រព័ន្ធ តែនៅប្រទេសគេប្រជាពលរដ្ឋមានការចេះដឹងច្រើនក្នុងរឿងសេដ្ឋកិច្ចនេះ គេពុំដែលដាក់ជំនឿទៅលើប្រភេទក្រុមហ៊ុនក្រៅប្រព័ន្ធទាំងនោះទេ តែនៅស្រុកយើង ដោយសារតែការយល់ដឹងមានកម្រិត និងស្ថានភាពជំរុញនិងការអភិវឌ្ឍក្នុងប្រទេសយើងនៅមិនទាន់រឹងមាំ ធ្វើឱ្យក្រុមហ៊ុនកម្ចីក្រៅប្រព័ន្ធអាចឆ្លៀតឱកាសបាន ខណៈដែលពលរដ្ឋកំពុងត្រូវការដើមទុនយ៉ាងបន្ទាន់ស្រាប់”។
លោកបានពន្យល់ទាក់ទងទៅនឹងក្រុមហ៊ុនកម្ចី“ឥណទានភ្នំពេញ” ដែលត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នអំពីកម្ចីរបស់ក្រុមហ៊ុន ដែលពុំទាន់មានអាជ្ញាប័ណ្ណពីធនាគារជាតិថា៖“ប្រសិនបើក្រុមហ៊ុនកម្ចី “ឥណទានភ្នំពេញ” គាត់ចង់ធ្វើឥណទាន គាត់អាចទៅចុះឈ្មោះយកអាជ្ញាប័ណ្ណ ពីធនាគារជាតិ ប្រសិនបើគាត់មិនទៅយកអាជ្ញាប័ណ្ណទេ គឺបានន័យថាក្រៅច្បាប់ហើយ”។
លោកបានបញ្ជាក់ថា៖“ហេតុអ្វីបានជាយើងត្រូវយកអាជ្ញាប័ណ្ណពីធនាគារជាតិ? ពីព្រោះការផ្តល់អាជ្ញាប័ណ្ណ គឺជាការគ្រប់គ្រងច្បាស់លាស់ របស់ធនាគារជាតិ ទី1- ប្រភពទុនបានមកពីណា? ទី2-ការប្រាក់យកចំនួនប៉ុន្មានភាគរយ។ ទី3-កម្ចីល្អប៉ុន្មាន? អាក្រក់ប៉ុន្មាន? និងទី4-មានសោធនភាព ឬអត់?។ នេះគឺជាច្បាប់គ្រប់គ្រងរបស់ធនាគារជាតិដែលគាត់មានសិទ្ធិក្នុងការគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុ”។
លោកអគ្គនាយកបានឱ្យដឹងទៀតថា ជាទូទៅនៅគ្រប់ប្រទេសទាំងអស់ ប្រព័ន្ធហិរញ្ញវត្ថុនៃធនាគារជាតិ គេគ្រប់គ្រងតឹងរ៉ឹងណាស់។ យើងក្រឡេកមើលក្នុងឆ្នាំ1997 ការបើកឱ្យមានធនាគារច្រើនធ្វើឱ្យមានការលំបាកគ្រប់គ្រង ហើយធនាគារខ្លះប្រមូលប្រាក់បានហើយ រត់បាត់អស់ក៏មាន។
យោងតាមគេហទំព័រ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ឥណទានភ្នំពេញ គឺជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីឈានមុខគេមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនមានឯកទេស លើប្រាក់កម្ចីផ្ទាល់ខ្លួន ការបញ្ចាំ និងអាជីវកម្ម។ គេហទំព័រសន្យាផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប ដែលនឹងត្រូវបានអនុម័តក្នុងរយៈពេល24ម៉ោង ដោយគ្មាននីតិវិធីស្មុគស្មាញ និងកត់សម្គាល់ថា រយៈពេលសងត្រឡប់មានចាប់ពី 1ឆ្នាំទៅ 8 ឆ្នាំ។
ប៉ុន្តែថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានព្រមានក្រុមហ៊ុនប្រាក់កម្ចី ឥណទានភ្នំពេញ ជាក្រុមហ៊ុនក្នុងស្រុក ដែលសន្យាថា នឹងទទួលបានប្រាក់ឆាប់រហ័សដោយធនាគារកណ្តាលបានប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនផ្ដល់កម្ចី តាមប្រព័ន្ធអនឡាញឈ្មោះ“ឥណទានភ្នំពេញ”មួយនេះ ដែលជាក្រុមហ៊ុនមិនមានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតពីធនាគារជាតិនៃកម្ពុជាឡើយ ប៉ុន្តែក្រុមហ៊ុននេះបែរជាហ៊ានផ្សព្វផ្សាយផ្តល់ឥណទាន តាមប្រព័ន្ធអនឡាញបំពានច្បាប់ទៅវិញ។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាត្រូវបានគេស្រង់សម្តីថា ក្រុមហ៊ុនប្រាក់កម្ចី ឥណទានភ្នំពេញ មិនទាន់ទទួលបានអាជ្ញាប័ណ្ណពីធនាគារកណ្តាលទេ ហើយបានប្រើប្រាស់រូបភាពរបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងទីផ្សាររបស់ខ្លួនដោយគ្មានការអនុញ្ញាត។
លោកសុវណ្ណារិទ្ធមានប្រសាសន៍ថា៖“ក្រុមហ៊ុនប្រាក់កម្ចី ឥណទានភ្នំពេញ មានមូលដ្ឋាននៅរាជធានីភ្នំពេញ បានផ្តល់ប្រាក់កម្ចី ដែលអតិថិជនអាចដាក់ពាក្យសុំតាមអុីនធើណិត ប៉ុន្តែក្រុមហ៊ុនមួយនេះមិនដែលទទួលបានអាជ្ញាប័ណ្ណពី NBC ដើម្បីអនុវត្តសកម្មភាពនេះទេ។ យើងកំពុងស្នើឱ្យប្រជាជនប្រុងប្រយ័ត្ន ជាមួយក្រុមហ៊ុនប្រាក់កម្ចី ឥណទានភ្នំពេញ ដែលកំពុងផ្តល់ប្រាក់កម្ចីតាមអុិនធើណិតដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាមួយនេះ”។
ប៉ុន្តែបើយើងស្វែងយល់ពីក្រុមហ៊ុននេះ ក្រុមហ៊ុននេះបាននិយាយថា ពួកគេកំពុងដំណើរការ ដោយស្របច្បាប់ ដោយមានសាខា2 គឺ1 នៅមហាវិថីព្រះនរោត្តម និង1ទៀតនៅខណ្ឌឫស្សីកែវ។ ដើម្បីទទួលបានប្រាក់កម្ចី អតិថិជនត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងរបាយការណ៍ធនាគារ ដោយប្រាក់កម្ចីនឹងមានចាប់ពី 500 ទៅ 25,000ដុល្លារអាមេរិក។
កាលពីឆ្នាំមុន NBC និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញការព្រមានមួយប្រឆាំងនឹងការកើនឡើងនៃគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីដែលមិនមានអាជ្ញាប័ណ្ណ សមាគម និងNGO ដោយលើកឡើងថា តាមរយៈប្រតិបត្តិការនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាល ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជាកំពុងស្ថិតក្នុងហានិភ័យ។ ការប្រកាសនេះបានអំពាវនាវឱ្យប្រតិបត្តិករដែលមិនបានចុះបញ្ជីត្រូវមកចុះបញ្ជី បើមិនដូច្នេះទេនឹងត្រូវបង្ក្រាបតាមផ្លូវច្បាប់។
លោកជំទាវ ជា សិរី អគ្គនាយិការបស់ NBC ក៏ធ្លាប់បានប្រាប់ដែរថា ចាប់តាំងពីមានសេចក្ដីប្រកាសរួមមក គ្រឹះស្ថានគ្មានអាជ្ញាប័ណ្ណ និងក្រៅផ្លូវការ បាននាំគ្នាទៅធនាគារកណ្ដាល ដើម្បីចុះបញ្ជី និងសុំការយល់ព្រមពីធនាគារជាតិ។ លោកជំទាវបានមានប្រសាសន៍ថា “គ្រឹះស្ថានផ្ដល់កម្ចីក្រៅផ្លូវការជាច្រើន បានដាក់ពាក្យទៅ NBC ដើម្បីចុះបញ្ជីបន្ទាប់ពីមានសេចក្ដីប្រកាសរួមនេះ ហើយគ្រឹះស្ថានមួយចំនួន ក៏ត្រូវបានផ្ដល់ការយល់ព្រមជាបណ្តើរៗដែរ”។
យោងតាមប្រកាសស្ដីពីការចុះបញ្ជី និងការផ្ដល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមច្បាប់កម្ពុជាដើម្បីបានការទទួលស្គាល់ជាផ្លូវការពី NBC តម្រូវឱ្យគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីត្រូវមានផលបត្រកម្ចី 25,000ដុល្លារអាមេរិក ឬច្រើនជាងនេះជាមួយនឹងប្រាក់បញ្ញើ 250ដុល្លារ ឬត្រូវមានអ្នកដាក់ប្រាក់បញ្ញើ 100នាក់។លោក ចំរើនឬទ្ធិក៏បានថ្លែងប្រាប់ឡារ៉ែន ពាណិជ្ជដែរថា បច្ចុប្បន្នគួរតែត្រូវបានត្រួតពិនិត្យឡើងវិញ ហើយរាល់ប្រតិបត្តិករឥណទានទាំងអស់ គឺតម្រូវឱ្យចុះបញ្ជី។ បច្ចុប្បន្នក្រុមហ៊ុនក្រៅប្រព័ន្ធ គឺសុទ្ធតែក្រុមហ៊ុនចិនភាគច្រើន ឬក្រុមហ៊ុនក្នុងស្រុកក៏ដោយ ក៏យើងមិនអាចធ្វេសប្រហែសបានដែរ ការចង់បានកម្ចីល្អ ពលរដ្ឋគួរតែទៅរកកម្ចីរបស់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិ។
លោក យក់ ចំរើនឬទ្ធិ បានអះអាងថា៖ “ដូច្នេះភាពប្រឈមរបស់ប្រព័ន្ធកម្ចីក្រៅច្បាប់ គឺទី1-ការប្រាក់ខ្ពស់បំផុត បើក្នុង1ខែ 5-6% ក្នុង 1ឆ្នាំ គឺការប្រាក់នឹងឡើងដល់ 60-70% តើនរណារកស៊ីបានដូច្នេះ? ទី2 បើយើងមានហេតុការណ៍កើតឡើង អាជ្ញាធរណាទទួលស្គាល់? យើងឃើញហេតុការណ៍កើតឡើងពីការប្រមូលប្រាក់វិនិយោគអចលនទ្រព្យថ្មីៗនេះ ក្នុង1ខែបានការប្រាក់ 20% គឺគ្មានរបររកស៊ីណាដែលមានការរកចំណូលបានខ្ពស់ដល់ថ្នាក់ហ្នឹងទេ។ ដូច្នេះវាមានភាពប្រឈមខ្លាំងណាស់ គឺយើងមិនដឹងជាទៅប្តឹងបែបណា? វាពិបាករកអ្នកការពារ ពីព្រោះអ្នកក្រៅប្រព័ន្ធ ពុំបានចុះបញ្ជីនៅធនាគារជាតិទេ”៕