ក្រុមហ៊ុនឈ្មោះថា Corellium បានផ្ដល់ជូន Hacker នូវ iPhone សិប្បនិម្មិត (Virtual iPhone)។ Hacker ដែលជាវសេវាកម្មរបស់ក្រុមហ៊ុន អាចបង្កើតនូវ iPhone សិប្បនិម្មិតនៅលើកុំព្យូទ័ររបស់ខ្លួន អាចប្ដូរម៉ូដែលនៃ iPhone ឬប្ដូរ iOS តាមរយៈម៉ឺនុយសាមញ្ញមួយ ដែលគេប្រទៈឃើញនៅវិបសាយជាង 1ឆ្នាំមកហើយ។ ពេលនេះ Apple បានប្ដឹង ដើម្បីបិទ iPhone សិប្បនិម្មិតនេះចោល។
ក្នុងពាក្យបណ្ដឹងដែលរាយការណ៍ដោយ Bloomberg បានបង្ហាញថា Apple បានចោទប្រកាន់ថា iPhone សិប្បនិម្មិតរបស់ Corellium ថាបានរំលោភកម្មសិទ្ធិនៃ iOS និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ត្បិតថាវាសឹងតែមិនអាចទៅរួចក្នុងការប្រើប្រព័ន្ធរបស់ Corellium ដើម្បីជំនួស iPhone ប៉ុន្តែវានៅតែបានចម្លងតាម iOS ដោយប្រយោល ដែលអាចឱ្យ Apple ប្ដឹងបាន។
អ្នកប្រឹក្សាយោបល់របស់ Apple បានលើកឡើងក្នុងពាក្យបណ្ដឹងថា ៖ ”គោលបំណងនៃពាក្យបណ្ដឹងនេះ មិនមែនចង់បង្អាក់ដំណើររបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាពដ៏ល្អមួយនោះទេ ប៉ុន្តែចង់បញ្ចប់ការធ្វើជំនួញដោយខុសច្បាប់របស់ Corellium មកលើកម្មសិទ្ធិបញ្ញាដ៏មានតម្លៃរបស់ Apple”។ ការព្រួយបារម្ភមួយចំនួនរបស់ Apple ចំពោះ Corellium គឺប្រហែលមកពីគោលដៅដែលផលិតផលរបស់ Corellium ត្រូវបានគេប្រើប្រាស់ នោះគឺការស្វែងរកចន្លោះប្រហោង។
ផ្អែកតាមការចុះផ្សាយរបស់ Motherboard និង Forbes កាលឆ្នាំមុន iPhone សិប្បនិម្មិតរបស់ Corellium ត្រូវបានប្រើប្រាស់ដោយអ្នកស្រាវជ្រាវ ដើម្បីស្វែងរកកំហុសឆ្គងលើ iOS និង iPhone ផ្ទាល់ ដែលកំហុសឆ្គងនេះតែងត្រូវបានលក់ទៅឱ្យជនទីបី មានបំណងមិនល្អ ជាជាងរាយការណ៍ឱ្យ Apple។ ខណៈពេលនេះមិនទាន់មានការឆ្លើយតបពី Corellium នៅឡើយទេ៕