ភាពជាអ្នកមាន ខ្ញុំបានរកឃើញថា វាគឺជាការបង្កើត ឬវាគ្រាន់តែជាគោលដៅរបស់មនុស្សយើង។ ប្រសិនបើយើងមានគោលដៅជាក់លាក់ យើងខិតខំធ្វើវាពិតប្រាកដ ថ្ងៃណាមួយយើងនឹងមានសមត្ថភាពក្នុងការបង្កើតវា។ ប្រសិនបើយើងដេករង់ចាំសុំគេវិញ គឺមិនងាយទេ ដូចយើងរងចាំភាពជាអ្នកមានឱ្យធ្លាក់មកពីលើមេឃអ៊ីចឹង។ បើយើងខ្លាំង យើងនឹងបង្កើតវាបានដោយស្រួល តែបើយើងខ្សោយ យើងនឹងបង្កើតវាបានដោយលំបាក។ ការដែលយើងមិនចាត់ទុកមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន វាគឺជាការប្រមាថមនុស្សជាតិ ហើយអ្នកដែលមិនចាត់ទុកខ្លួនឯងអាចក្លាយជាអ្នកមាន គឺជាកូនអកតញ្ញូ ជាកូនប្រមាថឪពុកម្ដាយដែលថា ឪពុកម្ដាយបង្កើតមកហ្នឹង គឺចោលម្សៀតតែម្ដង។ ដូច្នេះ គឺហាមដាច់ខាត មិនត្រូវមើលងាយខ្លួនឯងទេ។ ពេលយើងធ្វើអ្វី១មិនបាន មិនមែនមានន័យថា យើងធ្វើមិនបានទេ គឺគ្រាន់តែយើងធ្វើមិនទាន់បានប៉ុណ្ណោះ។ នៅលើលោកនេះ គ្មានអ្វីរៀនមិនចេះ ធ្វើមិនកើតទេ គឺមានតែរៀនមិនទាន់ចេះ និងធ្វើមិនទាន់កើត។ ការចាត់ទុកមនុស្សគ្រប់គ្នាអាចក្លាយជាអ្នកមាន គឺជាការចេះគោរពឱ្យតម្លៃមនុស្ស ចេះអភិវឌ្ឍមនុស្ស និងចេះអភិវឌ្ឍខ្លួនឯងឥតឈប់ឈរ។ កាលណាយើងមានការប្រកួតប្រជែងពេញលេញ នោះវានឹងនាំឱ្យមានសង្គមរីកចម្រើនរុងរឿងគ្មានដែនកំណត់។
តាមការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សមិនសូវមានបញ្ហាជាមួយនឹងសមត្ថភាពដើម្បីក្លាយជាអ្នកមានទេ ប៉ុន្តែភាគច្រើនបំផុត គឺមានបញ្ហាចរិតជាអ្នកមាន ឬគ្មានចរិតជាអ្នកមាន។ ភាពជាអ្នកមាន គឺពឹងផ្អែកលើចរិតធំជាង85% ហើយជំនាញឬសមត្ថភាពតូចជាង15%។ ដោយសារតែចរិតរបស់យើង វាបានបំផ្លាញយើងច្រើនណាស់ ហើយវាបានធ្វើឱ្យយើងគ្មានឱកាសក្នុងការបញ្ចេញសមត្ថភាព និងសក្ដានុពលរបស់ខ្លួន។ តើចរិតរបស់យើងកើតមកពីណា? បើតាមទ្រឹស្ដីរបស់លោក Lao Tzuកំពូលអ្នកប្រាជ្ញរបស់ចិនបានរកឃើញថា ចរិត គឺកើតមកពីគំនិត ហើយវាដូចគ្នានឹងទ្រឹស្ដីរបស់ព្រះពុទ្ធដែលថា ដោយសារគំនិតរបស់យើង យើងបង្កើតពិភពលោករបស់យើង។ គំនិតបង្កើតបានជាពាក្យ-សម្ដី ពាក្យសម្ដីបង្កើតបានជាសកម្មភាព សកម្មភាពបង្កើតបានជាទម្លាប់ ទម្លាប់បង្កើតបានជាចរិត និងចុងក្រោយចរិតបង្កើតបានជាវាសនារបស់យើង។ គំនិត គឺស្មើនឹងចរិត ប្រសិនបើយើងប្តូរគំនិត គឺយើងនឹងប្តូរចរិតរបស់យើង។
តើធ្វើម៉េចដើម្បីមានគំនិត? ខ្ញុំមានសៀវភៅភាពជាអ្នកមានកំពូល គឺជាសៀវភៅកំពូលគំនិតរបស់កំពូលអ្នកមាននៅលើលោកចំនួន30រូប។ មនុស្សទាំង30រូបនេះ គឺអាចគ្រប់គ្រាន់នៅក្នុងអាណាចក្រធំៗទាំង6នៅលើលោក ដែលប្រជាពលរដ្ឋយើងអាចយកទៅធ្វើការសិក្សារៀនសូត្របាន។ សៀវភៅនេះ គឺមានទាំងនៅក្នុងអាណាចក្រអាជីវកម្ម អាណាចក្រកុំព្យូទ័រ អាណាចក្រអីុនធើណិត អាណាចក្រម្ហូបអាហារ អាណាក្ររាជិនីអាជីវកម្ម និងអាណាចក្រអ្នកបង្កើត ហើយខ្ញុំសូមលើកយកតែចរិតកំពូលអ្នកមាន៣រូបប៉ុណ្ណោះ។ ទាំងអស់គ្នាតែងតែស្គាល់ថា អ្នកមាន គឺ Bill Gates ប៉ុន្តែអ្នកដែលមានជាង Bill Gates គឺ Jeff Bezos ហើយអ្នកដែលមានជាង Jeff Bezos គឺ Andrew Carnegie។ លោក Bill Gates មកដល់ថ្ងៃនេះ មានប្រាក់ប្រមាណតែ100ពាន់លានដុល្លារ ហើយលោក Jeff Bezos មានប្រាក់ប្រហែលជា150ពាន់លានដុល្លារ ហើយនៅក្នុងចុងឆ្នាំនេះ អាចនឹងឡើងដល់200ពាន់លានដុល្លារ។ ចំណែកមនុស្សម្នាក់ដែលយើងភាគច្រើនបំផុតមិនស្គាល់ គឺលោក Andrew Carnegie។ គាត់ គឺជាកំពូលអ្នកមានបំផុតលើលោក ដែលបានបង្កើតវិថីអ្នកមានដ៏អស្ចារ្យសម្រាប់ពិភពលោក។ លោក Andrew Carnegie មានប្រាក់ដែលគេធ្វើសមមូលនឹងបច្ចុប្បន្ន គឺជាង370ពាន់លានដុល្លារ មានន័យថា គាត់មានលើសលោក Bill Gates និងលោក Jeff Bezos ទៅទៀត។
ចរិតលោក Bill Gates គឺហាក់បីដូចជាស្របគ្នាមែនទែនជាមួយនឹងលោក Jeff Bezos និងលោក Andrew Carnegie។ លោក Bill Gates តែងនិយាយថា ធ្វើការអ្វីក៏ដោយ គឺដូចជាជ្រើសរើសប្រពន្ធអីចឹង។ ហេតុអ្វីបានជាយើងជ្រើសរើសយកប្រពន្ធតែ1បាន តែហេតុអ្វីបានជាយើងមិនអាចធ្វើការងារតែ1បាន? គាត់មានចរិត៖ ភាពស្មោះត្រង់ ភាពតស៊ូមិនបោះបង់ និងភាពផ្ដោតលើរឿងតែ១ហើយគាត់បានក្លាយទៅជាកំពូលអ្នកមានបំផុតនៅក្នុងយុគសម័យកុំព្យូទ័រ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺជាយុគសម័យ Internet លោក Jeff Bezos ដែលជាស្ថាបនិក Amazon.com បានក្លាយទៅជាកំពូលអ្នកមានបំផុតវិញម្ដង គឺវាស្របនឹងសម័យកាល។ លោក Jeff Bezos មានចរិត៖ ខិតខំធ្វើការ រីករាយ និងបង្កើតប្រវត្តិសាស្ត្រ (Hard Work, Fun, Make History) ។ លោក Andrew Carnegie មានចរិត៖ ភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងភាពផ្ដោតលើរឿងតែ។ ភាពអស្ចារ្យ និងអាថ៌កំបាំងរបស់កំពូលអ្នកមានបំផុតលើលោក គឺជាអ្វីដែលយើងទាំងអស់គ្នាអាចរៀនសូត្របាន។ តើយើងមានភាពស្មោះត្រង់ប៉ុនណា? តើយើងមានភាពឧស្សាហ៍ព្យាយាមប៉ុនណា? និងតើយើងមានភាពផ្ដោតលើរឿងតែមួយប៉ុនណា?
ប្រសិនបើយើងពិនិត្យមើលបុគ្គលទាំង3រូបនេះ ថ្វីត្បិតតែគាត់កើតនៅពេលវេលាខុសគ្នា ប៉ុន្តែពួកគាត់មានលក្ខណៈរួមជាច្រើនដូចគ្នា។ លោក Bill Gates ៖ ភាពស្មោះត្រង់ ភាពតស៊ូមិនបោះបង់ និងភាពផ្ដោតលើរឿងតែមួយ ចំណែកឯលោក Andrew Carnegie ៖ ភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងភាពផ្ដោតលើរឿងតែមួយ ហើយលោក Jeff Bezos ៖ខិតខំធ្វើការ រីករាយ និងបង្កើតប្រវត្តិសាស្ត្រ។ តើមានភាពខុសគ្នាអ្វីខ្លះ? ភាគច្រើនបំផុត គឺដូចគ្នា។ ភាពឧស្សាហ៍ព្យាយាមអាចស្មើនឹងការខិតខំធ្វើការ ការបង្កើតប្រវត្តិសាស្ត្រអាចស្មើនឹងភាពផ្ដោតលើរឿងតែមួយ ភាពរីករាយអាចស្មើនឹងភាពស្មោះត្រង់។ មនុស្សបើមិនមានភាពស្មោះត្រង់ គឺមិនមានភាពរីករាយទេ ហើយអ្នកដែលមិនមានភាពរីករាយ គឺប្រហែលមកពីមានបញ្ហាមិនស្មោះត្រង់។
ដូច្នេះ ភាពជាអ្នកមាន គឺជាអ្វីដែលយើងអាចរៀនសូត្របាន និងអាចបង្កើតបាន។ ប្រសិនបើយើងកសាងចរិតឱ្យមាន៖ ភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម ភាពផ្ដោតលើរឿងតែមួយ ឬបូកបន្ថែមភាពរីករាយ និងបង្កើតប្រវត្តិសាស្ត្រ គឺយើងមានប្រាក់ច្រើនណាស់នៅក្នុងខ្លួនយើង ហើយទាំងនេះ គឺយើងមិនអាចកាត់ថ្លៃបានឡើយ៕