លោក Frank de Boer ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Crystal Palace បានបញ្ជាក់ថា លោកចង់ឲ្យក្រុមរបស់លោកធ្វើការគ្រប់គ្រងលើគូប្រកួតរបស់ខ្លួនក្នុងទម្រង់លេងដូចជាក្រុម Ajax ជាក្លិបដែលលោកបានកសាងកេរិ៍្តឈ្មោះរបស់លោក។
លោក De Boer បានចុះហត្ថលេខាលើកុងត្រារយៈពេល 3ឆ្នាំនៅឯកីឡដ្ឋាន Selhurst Park និងត្រូវបានផ្តល់ការងារដោយលោក Steve Parish ដែលជាប្រធានក្លិប ឲ្យធ្វើការផ្លាស់ប្តូរពីក្រុមមួយដែលបានត្រឹមតែអាចប្រជែងគេចផុតពីតំបន់កាត់ចោល ទៅជា «ក្រុមដ៏រឹងមាំមួយក្នុងក្របខ័ណ្ឌ Premier League»។
អតីតខ្សែការពារអន្តរជាតិហូឡង់រូបនេះ ដែលបានឈ្នះពានជាច្រើនទាំងក្នុងនាមជាកីឡាករ និងអ្នកចាត់ការទូទៅនៅឯក្លិប Ajax នោះ នឹងចូលជំនួសកន្លែងរបស់លោក Sam Allardyce ដែលបានលាលែងពីតំណែងរបស់លោកកាលពីខែមុន។ ក្នុងពេលបង្ហាញមុខទៅកាន់ក្លិបថ្មីរបស់ខ្លួន លោក De Boer បានឲ្យដឹងថា៖ «ខ្ញុំចង់បានក្រុមមួយដែលអ្នកគាំទ្ររំភើបក្នុងការមកទស្សនាការប្រកួតរបស់យើង ដើម្បីមើលក្រុមមួយដែលចង់ឈ្នះ និងចង់ប្រយុទ្ធរាល់នាទីទាំងអស់»។ លោក De Boer នឹងក្លាយជាអ្នកចាត់ការទូទៅទី 7របស់ក្លិប Crystal Palace បើគិតចាប់តាំងពីលោក Parish បានទិញក្លិបនេះកាលពីឆ្នាំ 2010 និងជាគ្រូបង្វឹកមិនជាប់សញ្ជាតិអង់គ្លេសដំបូងគេក្នុងការដឹកនាំក្រុមនេះក្នុងចំណោមគ្រូបង្វឹកទាំង7។
លោក De Boer បានបញ្ជាក់បន្ថែមថា៖ «គោលបំណងរបស់ខ្ញុំ គឺការធ្វើឲ្យយើងក្លាយជាក្រុមដ៏រឹងមាំមួយក្នុងក្របខ័ណ្ឌ Premier League មិនមែនត្រដាបត្រដួសក្នុងតំបន់កាត់ចោលឡើយ។ នោះគឺជាគោលដៅដ៏សំខាន់របស់យើង ហើយប្រសិនបើយើងសម្រេចបានសមិទ្ធផលកាន់តែច្រើន នោះវានឹងក្លាយជារឿងដ៏ល្អ»៕
ប្រភពពី៖ The Guardian