ក្រោយកំណែរទម្រង់ប្រព័ន្ធអប់រំ បើទោះបីជាមានការរឹតបន្តឹង និងកំណត់ឱ្យធ្លាក់ចំពោះបេក្ខជនទាំងឡាយណាដែលយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកយ៉ាងណាក្តី ក៏គេសង្កេតឃើញមានបេក្ខជនមួយចំនួននៅតែឆ្លៀតលួយយកសំណៅឯកសារចូលដដែល។
ទោះជាយ៉ាងនេះក្តី នៅឆ្នាំនេះយើងឃើញថាបេក្ខជនមានការយល់ដឹងច្រើនជាងមុន ព្រោះបើក្រលេកមើលឆ្នាំមុនៗយើងឃើញថាមានអ្នកខ្លះបន្លំខ្លួនចូលប្រឡងជំនួស និងមានភាពមិនប្រក្រតីមួយចំនួនដែលត្រូវបានមន្ត្រីអប់រំឃាត់ខ្លួនបាន ហើយបញ្ចូនឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់។ សម្រាប់ឆ្នាំនេះ មិនសូវមានបញ្ហាធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះទេ តែនៅមានបេក្ខជនខ្លះនៅលួចសរសេរមេរៀននៅបាតដៃ និងលួចយកសំណៅឯកសារខ្លះៗចូលក្នុងមណ្ឌលប្រឡង ហើយត្រូវបានមន្ត្រីអប់រំចាប់បាន នេះបើតាមការបញ្ជាក់ពីទំព័របណ្តាញសង្គមរបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ 2019នេះ៕