ខ្សែប្រយុទ្ធ Bertrand Traore បានចូលរួមជាមួយនឹងក្លិប Lyon ដោយចេញពីក្លិប Chelsea។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំងពីរ។ ខ្សែប្រយុទ្ធអន្តរជាតិបួគីណាហ្វាសូវ័យ 21ឆ្នាំរូបនេះ បានចំណាយពេលប៉ុន្មានរដូវកាលចុងក្រោយនេះក្នុងនាមជាកីឡាករកម្ចីរបស់ក្លិបហូឡង់ Vitesse Arnhem និង Ajax Amsterdam ហើយបច្ចុប្បន្នរូបគេនឹងផ្ទេរទៅកាន់ប្រទេសបារាំង ក្នុងកិច្ចសន្យាមួយដែលនឹងបន្តរហូតដល់ឆ្នាំ 2022។
Lyon បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «វាជាផ្លូវការហើយ ខណៈដែល Bertrand Traore ក្លាយជាកីឡាកររបស់ក្លិប Lyonnais»។ ការផ្ទេរនេះមានតម្លៃខ្លួន 10លានអឺរ៉ូ (ស្មើនឹង 11.2លានដុល្លារអាមេរិក ឬស្មើ 8.8លានផោន) ហើយរូបគេបានចុះហត្ថលេខារយៈពេល 5ឆ្នាំ។
ប្រភពព័ត៌មានជាច្រើនបានចេញផ្សាយថា តម្លៃខ្លួននេះ ក៏មានរាប់បញ្ចូលទាំងលក្ខខណ្ឌក្នុងពេលលក់កីឡាកររូបនេះបន្ត និងប្រាក់ឧត្ថម្ភផ្សេងៗទៀតផងដែរ។ ក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានរៀបចំឡើងដោយ Lyon ដើម្បីប្រកាសពីការចុះហត្ថលេខាជាមួយនឹង Traore លោក Jean-Michel Aulas ប្រធានក្លិប Lyon និងលោកគ្រូបង្វឹក Bruno Genesio បានធ្វើការពិភាក្សាលើបញ្ហាជាច្រើន។ Aulas ដែលត្រូវបានដក់ស្រង់សម្តីដោយកាសែត L’Equipe នោះ បាននិយាយពីផលលំបាកផ្នែកបច្ចេកទេស ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាដោះដូរកីឡាករផងដែរ។
ក្រោយពីបានបំពេញការផ្ទេររបស់គេរួចរាល់ Traore បានប្រាប់ទូរទស្សន៍ OLTV ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ ក្នុងការក្លាយជាកីឡាកររបស់ក្លិប Lyonnais។ Lyon តែងតែជាក្លិបដ៏គួរឲ្យចាប់អារម្មណ៍មួយ ដោយមានកីឡាករឆ្នើមៗ និងមានប្រវត្តិដ៏អស្ចារ្យ។ វាជាកិត្តិយសមួយសម្រាប់ខ្ញុំក្នុងការមកនៅទីនេះ»៕
ប្រភពពី៖ The Guardian