ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដ៏ធំជាងគេរបស់ចិន បាននិងកំពុងសម្ងំអភិវឌ្ឍបង្កើតសេវាកម្មផែនទីផ្ទាល់ខ្លួន ដោយប្រកាសជំហរប្រជែងជាមួយសេវាកម្មដ៏ពេញនិយមបំផុតក្នុងពិភពលោករបស់អាមេរិក គឺ Google Maps។
ចំពោះមុខងារដែលគ្រោងនឹងបំពាក់លើផែនទីថ្មីនោះគឺ ប្រព័ន្ធបង្ហាញផ្លូវស្ទះ ឬក៏មិនស្ទះដ៏ជាក់លាក់ដូចទិដ្ឋភាពជាក់ស្ដែងលើដងផ្លូវ ព្រមជាមួយនឹងការបន្ថែមមុខងារផែនទី AR ដែលជាមុខងារស្រដៀងនឹង AR walking direction របស់ Google ដូច្នោះដែរ។
Map Kit នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវមុខងារសំខាន់ៗមិនខុសពី Maps របស់ក្រុមហ៊ុន Google នោះឡើយ ពោលគឺប្រព័ន្ធបង្ហាញទិសលើដងផ្លូវ ក៏ដូចការបង្ហាញនូវស្ថានភាពចរាចរណ៍លើដងវិថី គួបផ្សំការគាំទ្រផែនទី AR ដែលអាចបង្ហាញដល់ទៅ 40ភាសាដែលគ្រោងចេញផ្សាយនៅខែតុលាខាងមុខ។ នេះបើយោងតាមការបង្ហើបប្រាប់ពីនាយកជាន់ខ្ពស់ Huawei ជាមួយសារព័ត៌មាន TheVerge។
យ៉ាងណាមិញ សេវាកម្មនេះទើបនឹងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ដោយប្រើប្រាស់ Huawei Mapping technology ដើម្បីបង្កើតឱ្យចេញជារូបរាង។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន Huawei ក៏ទើបតែប្រកាសនូវប្រព័ន្ធប្រតិបត្តិការ Harmony OS ដែលជា OS ផ្ទាល់ខ្លួន ឈរលើគោលដៅកាត់បន្ថយការពឹងផ្អែកទៅលើសេវាកម្មរបស់ Google ដូចជាការប្រើប្រាស់ Android OS។ ប្រព័ន្ធប្រតិបត្តិការនេះអាចគាំទ្រគ្រប់ឧបករណ៍សំខាន់ៗដូចជារថយន្ត កុំព្យូទ័រ ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងឧបករណ៍ឥតខ្សែមួយចំនួនទៀតផង។
ដូចនេះ សូមរង់ចាំមើលទាំងអស់គ្នាថា តើសេវាកម្មថ្មីសន្លាងនេះ អាចប្រកាសផ្លូវការ និងអាចជាគូប្រជែងជាមួយ Google Maps ដែរឬយ៉ាងណា?