ចំនួនលក់រថយន្តសរុបនៅប្រទេសអូស្ត្រាលីប្រចាំខែកក្កដា ឆ្នាំ2019 មានការធ្លាក់ចុះ 2.8% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ យ៉ាងណាក្ដី ម៉ាករថយន្តរបស់ចិន Haval និង MG មានការកើនឡើងនូវចំនួនលក់រហូតដល់ជាង 100% ឯណោះ។
Haval ដែលជំនាញខាងផលិតរថយន្ត SUV មានការកើនឡើងនូវចំនួនលក់ 164.2% ធៀបនឹងខែកក្កដា ឆ្នាំ2018 ដែលលក់រថយន្តបាន 140គ្រឿង។ សរុប 7ខែដំបូង Haval លក់រថយន្តបាន 783គ្រឿង កើនឡើង 155% ធៀបនឹងឆ្នាំមុន។
ចំណែករថយន្តម៉ាក MG វិញ បានកើនឡើងចំនួនលក់ដល់ 149.8% ប្រៀបធៀបនឹងឆ្នាំមុន ហើយមានការកើនឡើងដល់ 253% នៅរយៈពេល 7ខែចុងក្រោយដូចគ្នា។ ម៉ូដែលរថយន្តពេញនិយមជាងគេ គឺម៉ូដែល ZS (លក់បាន 284គ្រឿង) និង MG3 លក់បាន 392គ្រឿង។
Great Wall ដែលជាក្រុមហ៊ុនមេរបស់ Haval ក៏កើនឡើងនូវចំនួនលក់ដែរ ដោយនៅក្នុងខែកក្កដា លក់បាន 120គ្រឿង កើនឡើង 118.2%។ ចុងក្រោយគេ គឺក្រុមហ៊ុន LDV ដែលលក់រថយន្តបាន 590គ្រឿង កើនឡើង 15.5%៕