ជារៀងរាល់ពេលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅខាងក្រៅមណ្ឌលប្រឡងគេតែងតែគេមនុស្សជាច្រើនចម្រុះគ្នាឈរ និងអង្គុយត្រៀបត្រា ដែលខ្លះជាអាណាព្យាបាល អ្នកខ្លះជាបងប្អូន និងអ្នកខ្លះទៀតជាមិត្តិភក្តិបេក្ខជនជាដើម។ នៅក្នុងចំណោមនោះ ក៏អាចមានជនឆ្លៀតឱកាសមួយចំនួនដែលដើរបំផុសបំផុលព័ត៌មានក្នុងគោលបំណងកេងចំណេញយកប្រយោជន៍ពីអាណាព្យាបាល ឬសាច់ញាតិទាំងអស់នោះ។
បញ្ហាមួយ ក្នុងចំណោមបញ្ហាដែលអាចកើតមានឡើង គឺការបំផុសព័ត៌មានថាមានបែកធ្លាយវិញ្ញាសា។ កន្លងមកមានក្រុមឆ្លៀតឱកាសមួយចំនួនបានបំផុសបំផុល ផ្សព្វផ្សាយដល់អាណាព្យាបាល ឬសាច់ញាតិបេក្ខជនប្រឡងថាពួកគេមានឯកសារប្រឡងដែលបានបែកធ្លាយ។ ប្រសិនបើអាណាព្យាបាលចង់បាន គេអាចលក់ឱ្យក្នុងតម្លៃថ្លៃ ខណៈប្រភពឯកសារទាំងអស់នោះមិនមែនជាឯកសារប្រឡងពិតប្រាកដនោះទេ។ វាគ្រាន់តែជាក្រដាសឯកសារក្លែងក្លាយ ហើយត្រូវបានគេចម្លងតៗគ្នាតែប៉ុណ្ណោះ។
នៅឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញយ៉ាងច្បាស់នៅក្នុងទំព័របណ្តាញសង្គមរបស់ក្រសួងពីនីតិវិធីនៃការវិចខ្ចប់សន្លឹកកិច្ចការ ការដឹកជញ្ជូន និងការបើកហិបវិញ្ញសារ គឺធ្វើឡើងដោយហ្មត់ចត់ ត្រឹមត្រូវ និងច្បាស់លាស់ គ្មានការបែកធ្លាយសន្លឹកវិញ្ញាសារនោះទេ៕