ក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម 4.0នេះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាច្រកយ៉ាងសំខាន់ដែលអាចជួយយុវជនឱ្យអភិវឌ្ឍខ្លួនសម្រាប់ប្រកួតប្រជែងក្នុងពិភពការងារដែលពោរពេញដោយការប្រកួតប្រជែងខ្ពស់បានយ៉ាងល្អ។ ទន្ទឹមនឹងនេះ វាក៏ជាផ្នែកមួយក្នុងការជួយដល់សង្គមតាមរយៈស្នាដៃនវានុវត្តន៍ថ្មីៗរបស់ប្រជាជនសម្រាប់នាំចេញ ឬបម្រើឱ្យសេចក្តីត្រូវការក្នុងប្រទេសថែមទៀតផង។
ដោយមើលឃើញពីសារៈសំខាន់នៃការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន KOOMPI ដើម្បីបង្កើតក្លិបអ្នកវិទ្យសាស្រ្តវ័យក្មេងសម្រាប់បណ្តុះបណ្តាលសិស្សានុសិស្សឱ្យយល់ដឹងពីការសរសេរកូដ និងកម្មវិធីវិទ្យាសាស្ត្រជាច្រើនផ្សេងទៀតដែលពិភពលោកកំពុងត្រូវការ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា វិទ្យសាស្ត្រមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គម និងសម្រាប់ការអភិវឌ្ឍប្រទេស ព្រោះប្រសិនបើគិតពីផ្នែកសេដ្ឋកិច្ចយើងអាចដើរក្រោយគេ តែប្រសិនបើគិតពីបច្ចេកវិទ្យាយើងអាចលោតមកស្មើគេបាន ព្រោះយុវជនម្នាក់ៗសុទ្ធតែមានសមត្ថភាព និងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាបានទាំងអស់។ លោកបន្ថែមថា ការចាប់ដៃគ្នាជាមួយ KOOMPI បង្កើតមជ្ឈមណ្ឌលអ្នកវិទ្យាសាស្រ្តវៃក្មេងនេះឡើង គឺក្នុងគោលបំណងផ្តល់ឱ្យគាត់នូវកន្លែងពហុសិក្សាមួយ (co-learning space) ដើម្បីសិក្សាស្រាវជ្រាវពីការសរសេរកូដ និងវិទ្យាសាស្ត្រផ្សេងៗទៀត។ យើងទាំងអស់គ្នាសុទ្ធតែមើលឃើញហើយថា ក្មេងៗ ឬយុវជនរបស់យើងមានសក្តានុពលឥតព្រំដែន ហេតុនេះការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្រ្តនេះ គឺជាការជំរុញឱ្យសក្តានុពលរបស់សិស្សយើងឱ្យកាន់តែខ្លាំង ហើយបង្កើតសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗបន្ថែមទៀតដែលឆ្លើយតបជាមួយសេចក្តីត្រូវការក្នុងសង្គម។
លោក ប៉ិច បូឡែន បាននិយាយថា៖ «ខ្ញុំជឿជាក់ថា សិស្សរបស់យើងនឹងចាប់អារម្មណ៍កាន់តែខ្លាំងលើផ្នែកវិទ្យាសាស្ត្រ ស្របពេលដែលសង្គមរបស់យើងត្រូវការអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបម្រើឱ្យតម្រូវការនានាលើគ្រប់វិស័យទាំងអស់»។
លោក ប៉ិច បូឡែន បានបន្ថែមទៀតថា យើងរំពឹងទុកថា ប៉ុន្មានឆ្នាំក្រោយនឹងមានសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗដែលកើតចេញពីការធ្វើការសិក្សាស្រាវជ្រាវរួមគ្នានៃសិស្សរបស់យើង ព្រោះអ្វីដែលសិស្សកំពុងស្រាវជ្រាវ និងអនុវត្តនេះ គឺធ្វើឡើងដោយក្តីស្រឡាញ់ពិតប្រាកដ។ យើងចង់ឃើញយុវជនរបស់យើង ដូចជាយុវជននៅបណ្តាប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន ដែលអាយុប្រមាណ 16-17ឆ្នាំអាចក្លាយជាសហគ្រិនបាន បន្ទាប់ពីរួមគ្នាបង្កើតបានផលិតផលដែលអាចធ្វើអាជីវកម្មបានផង និងផ្តល់ផលប្រយោជន៍សម្រាប់សង្គមផង។ ប្រសិនបើមានការបង្កើតថ្មីបែបនេះមែន វេសឡាញ ក៏ដូចជា KOOMPI អាចនឹងរីករាយក្នុងការវិនិយោគដើម្បីធ្វើឱ្យមានភាពរីកចម្រើនកាន់តែខ្លាំង ហើយក៏ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការបង្កើតថ្មីកាន់តែខ្លាំង។
លោក ធុល រិទ្ធី ស្ថាបនិក KOOMPI បានលើកឡើងថា មូលហេតុដែលលោកចាប់អារម្មណ៍សហការជាមួយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ព្រោះលោកបានស្គាល់ និងបានដឹងយូរមកហើយថា ក្រុមហ៊ុននេះមានបណ្តាញសាលារៀនដែលមានសិស្សច្រើន ស្របជាមួយនឹងទស្សនវិស័យរបស់លោកដែលចង់ឱ្យសិស្សជាច្រើនមានកុំព្យូទ័រដែលមានចំណេះដឹងច្រើននៅក្នុងនោះ។ ក្នុងកិច្ចសហការនេះ គឺលោកចង់ឱ្យយុវជនជំនាន់ថ្មីរបស់យើងក្លាយជាវិស្វករបច្ចេកវិទ្យា ក្លាយជាអ្នកស្រាវជ្រាវ និងក្លាយជាអ្នកដោះស្រាយបញ្ហាសំខាន់ៗក្នុងសង្គមតាមរយៈវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
លោក ធុល រិទ្ធី បាននិយាយថា៖ «យើងចង់ឱ្យយុវជនរបស់យើងប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្រ្តដើម្បីដោះស្រាយបញ្ហានានាដែលអាចកើតមានឡើងនាពេលខាងមុខ។ កន្លងមកពេលមានបញ្ហាម្តងៗ យើងតែងតែពឹងគេពីខាងក្រៅមកជួយ ហើយទម្រាំគេមកដល់យើងត្រូវជួបបញ្ហាធ្ងន់ធ្ងរខ្លាំង ហេតុនេះអនាគតទៅ យើងចង់ឱ្យមានអ្នកជំនាញដែលអាចដោះស្រាយបញ្ហាខ្លួនឯងបាន»។
លោក ធុល រិទ្ធី បានបន្ថែមផងដែរថា តាមរយៈមជ្ឈមណ្ឌលវិទ្យាសាស្រ្តដែលយើងបង្កើតឡើងជាមួយវេសឡាញ នៅថ្ងៃនេះ យើងធ្វើការបណ្តុះបណ្តាលដោយផ្តល់សេរីភាពដល់សិស្សក្នុងការស្រាវជ្រាវ និងសិក្សាពីអ្វីដែលគេចង់សិក្សាដោយខ្លួនឯង។ ការធ្វើបែបនេះនឹងធ្វើឱ្យគេរកឃើញនូវសក្តានុពល និងអ្វីដែលចង់ធ្វើពិតប្រាកដ ដោយក្នុងនោះយើងបានដាក់អ្នកប្រឹក្សាយោបល់ដើម្បីជួយពួកគេឱ្យកាន់តែខ្លាំង ព្រោះពួកគេអាចដោះស្រាយចម្ងល់ និងមានអ្នកជួយដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពខ្ពស់៕