នៅព្រឹកនេះ ជាព្រឹកដែលបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេសកំពុងមមាញឹក ញាប់ដៃញាប់ជើងប្រឡង ស្របពេលដែលមន្ត្រីអប់រំក៏ខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីទប់ស្កាត់បញ្ហាមិនប្រក្រតី កុំឱ្យកើតមាននៅក្នុងពេលប្រឡង។
នៅព្រឹកមិញនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រួមជាមួយភាគីពាក់ព័ន្ធជាច្រើនចូលរួមក្នុងកម្មវិធីកាត់វិញ្ញាសា និងពិនិត្យមើលការប្រឡងមធ្យមសិក្សាទុតិយភូមិ បានលើកឡើងថា នៅឆ្នាំសិក្សា2018-2019នេះ នឹងមិនមានបញ្ហាបច្ចេកទេសកុំព្យូទ័រទៀតទេ ព្រោះក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបណ្តុះបណ្តាលបុគ្គលិកផ្នែកបូកពិន្ទុ ព្រមទាំងបង្កើតមជ្ឈមណ្ឌលកុំព្យូទ័រដល់ទៅ 2កន្លែងដើម្បីធ្វើការផ្ទៀងផ្ទាត់។ ប្រសិនបើមានមជ្ឈមណ្ឌលណាមួយខុស នោះយើងអាចដឹងបានភ្លាម ហើយធ្វើការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់មុននឹងចេញលទ្ធផល។
ការធ្វើបែបនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យបេក្ខជនប្រឡងកាន់តែមានទឹកចិត្ត ទំនុកចិត្ត និងភាពស្វាហាប់ក្នុងការប្រឡង ដោយគ្មានការព្រួយបារម្ភពីបញ្ហាមិនប្រក្រតីណាមួយដែលប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់ពួកគេឡើយ៕