ជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្ត មិនមែនកើតតែចំពោះមនុស្សពេញវ័យ វ័យកណ្ដាលនោះទេ។ មនុស្សវ័យចំណាស់គឺជាវ័យមួយទៀត ដែលងាយនឹងជួបប្រទះគ្រោះថ្នាក់នៃជំងឺមួយនេះមិនតិចឡើយ។ ជាពិសេសគេអាចសន្មត់ថា មនុស្សវ័យចំណាស់ គឺងាយមានគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តមិនចាញ់វ័យផ្សេងៗដូចគ្នា។
តើជំងឺថប់បារម្ភនៅក្នុងវ័យចំណាស់ កើតឡើងដោយសារមូលហេតុអ្វី?
ជំងឺថប់បារម្ភនៅក្នុងវ័យចំណាស់ ដែលភាសាបច្ចេកទេសពេទ្យហៅថា Late-Life Depression កើតឡើងចំពោះមនុស្សដែលមានវ័យចាប់ពីអាយុ 60ឆ្នាំឡើងទៅ ឬក្រោមនេះក៏មាន។ ដោយជំងឺនេះ កើតមានដោយសារភាពខុសប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទ ដែលធ្វើឱ្យសភាវផ្លូវអារម្មណ៍ផ្លាស់ប្ដូរ។ ហើយមានកត្តាចម្បងមួយទៀត ដែលបណ្ដាលមកពីការផ្លាស់ប្ដូររបបនៃជីវិតផ្សេងៗដូចជា ៖
1. វ័យចូលនិវត្ត រស់នៅតែឯង មិនបានចេញទៅជួបមិត្តភក្តិ ឬក្រុមមនុស្សដូចពេលមុនៗ
2. នៅឆ្ងាយពីដៃគូជីវិត
3. បាត់បង់បុគ្គលជាទីស្រឡាញ់ដូចជា ឪពុកម្ដាយ បង ប្អូន កូន ចៅ និងមិត្តជិតស្និទបំផុត
4. រស់នៅតែម្នាក់ឯង មិនបានរស់នៅជាមួយក្រុមគ្រួសារ ឬញាតិមិត្ត
5. ជាប់បំណុលគេច្រើន
6. ទទួលទានជាតិស្រវឹងច្រើនពេក
7. កង្វះវីតាមីន B12 ជាដើម។
អាការនៃជំងឺថប់បារម្ភក្នុងវ័យចំណាស់រោគសញ្ញានៃជំងឺថប់បារម្ភនេះ នៅក្នុងមនុស្សចាស់កើតមានចាប់ពីអាការកម្រិតស្រាលទៅកម្រិតមធ្យម។ វាអាចមានសញ្ញាគ្រោះថ្នាក់ដូចខាងក្រោម៖
1. ការផ្លាស់ប្តូរអារម្មណ៍សាមញ្ញដូចជា ពីសភាពស្ងប់ស្ងាត់ ត្រឡប់ទៅរកភាពតានតឹង កាន់តែឆាប់ខឹង កាន់តែឆាប់ធូរស្រាលហើយរហ័សត្អូញត្អែរថែមទៀត និយាយស្ដីមានមូលហេតុតិចជាងមុន ឬអាចមានអាការវីតក្កកង្វល់ច្រើនជាងមុន។
2. អស់ការចាប់អារម្មណ៍ចំពោះវត្ថុដែលធ្លាប់ចូលចិត្តកន្លងមក។
3. រហ័សធុញ ទ្រាន់មនុស្សក្នុងគ្រួសារ ធុញអាហារ ធុញខ្លួនឯង និងមិនចូលរួមធ្វើការងារ ឬកម្មវិធីផ្សេងៗ។
4. ចាប់ផ្ដើមមិនចង់មើលថែទាំខ្លួនឯង មិនចង់ទទួលទានបាយ មិនចង់ហាត់ប្រាណ មិនញ៉ាំថ្នាំ មិនចង់ទៅជួបគ្រូពេទ្យជាដើម។
5. ទម្ងន់ខ្លួនស្រកចុះ ដោយសារការមិនទទួលទានអាហារ។
6. ជួបបញ្ហាច្រើនក្នុងរឿងដំណេក ដូចជាគេងមិនលក់ ឆាប់ក្រោកពីព្រលឹមពេក ចូលគេងយប់ជ្រៅ គេងភ្ញាក់ៗ និងមិនគេងសោះក៏មាន។
7. ប្រព័ន្ធចងចាំមិនប្រក្រតី ងាយភ្លេច និងសម្មាធិខ្លី
8. ចូលចិត្តអន់ចិត្តដោយនិយាយថា ខ្លួនឯងមិនមានតម្លៃ រស់នៅគ្មានតម្លៃ ចង់ស្លាប់ មិនចង់ជួបមុខគ្រួសារ ឬកូនចៅ។
9. និយាយស្ដីតិច ពេលឆ្លើយនឹងសំណួរបានត្រឹមតែញញឹម ចូលចិត្តលាក់ខ្លួន មិនចង់និយាយស្ដីជាមួយអ្នកដទៃ។
10. កម្លាំងចុះទន់ខ្សោយដោយមិនមានមូលហេតុច្បាស់លាស់។
ការព្យាបាលជំងឺថប់បារម្ភចំពោះមនុស្សចាស់ប្រសិនបើមានមនុស្សអាយុច្រើន ហើយកើតអាការដូចពោលខាងលើនេះ អ្នកគួរតែចូលទៅនិយាយជាមួយគាត់ យកចិត្តទុកដាក់ចំពោះគាត់ឱ្យបានកាន់តែច្រើនឡើង និងនាំគាត់ទៅត្រួតពិនិត្យសុខភាពជារៀងរាល់ខែជាមួយគ្រូពេទ្យជំនាញ។ ហើយដាច់ខាតកុំទុកគាត់ចោលឱ្យនៅតែម្នាក់ឯងឱ្យសោះ។
ទង្វើប្រតិបត្តិចំពោះមនុស្សចាស់ដែលមានជំងឺថប់បារម្ភ
1. បបួលគាត់និយាយ បបួលគាត់ឱ្យធ្វើការងារហត្ថកម្មជារឿយៗដូចជា ការធ្វើម្ហូបអាហារ ស្ដាប់ចម្រៀង និងមើលកុនជាដើម។
2. ប្រមូលវត្ថុមុតស្រួច អាវុធ ឬសារធាតុពុលនៅក្នុងផ្ទះឱ្យផុតពីដៃគាត់។ កុំដាក់វត្ថុគ្រោះថ្នាក់ចោល ឬនៅកន្លែងដែលងាយមើលឃើញឱ្យសោះ។
3. ជួយគាត់ឱ្យទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ កុំឱ្យអ្នកជំងឺបន្ថយ ឬឈប់ប្រើថ្នាំដោយខ្លួនឯង។
4. ត្រូវនាំគាត់ទៅជួបជាមួយគ្រូពេទ្យឱ្យបានទៀងទាត់៕