គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺសុទ្ធសឹងតែមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ប៉ុន្តែពួកគាត់មិនបានដឹងថា ដើម្បីពង្រីកអាជីវកម្មមួយបាន តើត្រូវធ្វើដូចម្ដេចខ្លះ? ខាងក្រោមនេះគឺជាការណែនាំរបស់អ្នកជំនាញ និងមានបទពិសោធន៍មួយចំនួន ដល់ម្ចាស់អាជីវកម្មដើម្បីជាគំនិតក្នុងការពង្រីកអាជីវកម្ម៖
សហការគ្នា៖ មានពាក្យមួយឃ្លាដែលអ្នកជំនួញនាពេលបច្ចុប្បន្នឧស្សាហ៍និយាយ គឺគេឈប់ប្រជែងគ្នាយើង តែគេបែរមកសហការគ្នាវិញ។ ការសហការគ្នា គឺជាវិធីសាស្ត្រមួយក្នុងការនាំជំនាញ និងបទពិសោធន៍នៃអាជីវកម្មរបស់អ្នកចូលគ្នាជាមួយនឹងអាជីវកម្មមួយផ្សេងទៀត ដើម្បីបំពេញបន្ថែមឲ្យគ្នា ពោលគឺរីកចម្រើនទាំងព្រម។
បើកទីតាំងថ្មី ឬពង្រីកសាខា៖ ប្រសិនបើអ្នកបានបង្កើតអាជីវកម្មមួយជោគជ័យនៅក្នុងទីតាំងណាមួយហើយ អ្នកគួរជ្រើសរើសទីតាំងមួយទៀតសម្រាប់ការពង្រីកមុខរបប ប៉ុន្តែអ្នកអាចធ្វើបែបនេះបាន លុះត្រាតែអ្នកមានដើមទុន និងលទ្ធភាពក្នុងការពង្រីក។
ផ្ដល់សិទ្ធិអាជីវកម្ម (Franchises)៖ ចំណុចនេះវាខុសពីការពង្រីកសាខា។ ការផ្ដល់សិទ្ធិអាជីវកម្មគឺជាយុទ្ធសាស្ត្រមួយដែលល្អបំផុត ក្នុងការពង្រីកអាជីវកម្ម។ មិនត្រឹមតែបានពង្រីកនូវអាជីវកម្មប៉ុណ្ណោះទេ សូម្បីតែស្លាកសញ្ញាយីហោរបស់អ្នកក៏ត្រូវបានពង្រីកដូចគ្នា។
ចូលទៅក្នុងទីផ្សារថ្មី៖ អាជីវកម្មរបស់អ្នកនឹងរីកចម្រើនបាននោះទេ បើសិនជាអ្នកមិនហ៊ានក្នុងការហក់ចូលទីផ្សារថ្មី ឬចាប់យកអតិថិជនថ្មី។ ទីកន្លែងដដែល អតិថិជនដដែល…គឺអាជីវកម្មមិនរីកចម្រើនទេ ព្រោះថាអ្នកស្គាល់ផលិតផល ឬសេវាកម្មរបស់អ្នកនៅតែដដែល។
ការនាំចេញ៖ ចូរស្វែងយល់អំពីឱកាសនៃការនាំចេញ។ នៅពេលអ្នកយល់ពីវិធីសាស្ត្រក្នុងការនាំចេញផលិតផល ឬសេវាកម្មហើយនោះ មានន័យថាអ្នកចាប់ផ្ដើមមានឱកាសក្នុងការពង្រីកអាជីវកម្មទៅក្រៅស្រុក។
ចែកចាយតាមអនឡាញ៖ វិធីសាស្ត្រថ្មី និងពេញនិយមនាពេលបច្ចុប្បន្នគឺការពង្រីកអាជីវកម្មតាមប្រព័ន្ធអនឡាញ។ អ្នកអាចផ្សព្វផ្សាយសេវាកម្ម ឬផលិតផលរបស់អ្នកបានដោយងាយស្រួល និងគ្រប់ទីកន្លែង ហើយសេវាកម្ម និងផលិតផលរបស់អ្នកនឹងងាយស្រួលទៅដល់ដៃអតិថិជនគោលដៅផងដែរ។
ទិញអាជីកម្មមួយផ្សេងទៀត៖ នៅអ៊ឺរ៉ុប ក្រុមហ៊ុនធំៗជាច្រើនគឺតែងតែប្រើវិធីសាស្ត្រមួយនេះ ដើម្បីពង្រីកអាជីវកម្ម ព្រោះគេមិនចង់ចំណាយពេលដើម្បីបង្កើតសេវាកម្ម ឬផលិតផល ម្យ៉ាងទៀតយុទ្ធសាស្ត្រទិញយកអាជីវកម្មពីគេគឺជាយុទ្ធសាស្ត្រឈ្នះៗទាំងសងខាង ព្រោះការទិញនោះមិនមែនទិញដាច់នោះទេ គឺគ្រាន់តែទិញដើម្បីបន្ថែម និងពង្រីកអាជីវកម្ម៕