ភ្នំពេញ – បន្ទាប់ពីសង្កេតឃើញសកម្មភាពនៃទីផ្សារគម្រោងខុនដូកំពុងតែមានដំណើរការយឺត គួបផ្សំនឹងស្ថានភាពនយោបាយផងនោះ បានធ្វើឱ្យមានការលើកឡើងថា មានគម្រោងខ្លះអាចនឹងបន្ធូរដៃក្នុងការសាងសង់ ចំណែកគម្រោងខ្លះទៀតអាចឈានទៅដល់ការផ្អាកការសាងសង់តែម្ដងក៏មាន។ ជាមួយគ្នានេះម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Treeបានលើកឡើងថា ទោះយ៉ាងណាគម្រោងរបស់លោកនៅតែបន្ដពន្លឿនការសាងសង់ឱ្យទាន់ផែនការដដែល។
រហូតមកដល់ពេលនេះគម្រោងអភិវឌ្ឍន៍ Sky Tree Condominium បានសាងសង់ឡើងដល់ជាន់ទី3 និងគ្រោងចូលដល់ជាន់ទី4 ហើយ លើសពីនេះក៏កំពុងតែជំរុញល្បឿននៃការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីធ្វើឱ្យទាន់ទៅតាមផែនការដែលបានសន្យាជាមួយអតិថិជន។
លោក Scott Wu ម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Tree Condominium នៃក្រុមហ៊ុន J&L Property បានលើកឡើងថា បើទោះជាមានការលើកឡើងជាច្រើនពីស្ថានភាពមិនសូវល្អនៃការអភិវឌ្ឍគម្រោងនានាក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ Sky Tree របស់លោកនៅតែបន្ដការអភិវឌ្ឍប្រកបដោយនិរន្ដរភាពដដែល។ លោកបន្ដថា បច្ចុប្បន្នយើងកំពុងតែជំរុញឱ្យមានការសាងសង់ទាំងយប់ទាំងថ្ងៃ និងថែមទាំងរក្សាបាននូវគុណភាពដើម្បីធ្វើយ៉ាងណាឱ្យសំណង់អាចបញ្ចប់ទៅតាមផែនការ។
ម្ចាស់គម្រោងអភិវឌ្ឍន៍ Sky Tree Condominium នៃក្រុមហ៊ុន J&L Propertyបញ្ជាក់ថា៖”មូលហេតុដែលយើងហ៊ានអះអាងថា គម្រោង Sky Tree នឹងបញ្ចប់ទៅតាមផែនការនៅឆ្នាំ2019នោះ គឺដោយសារតែយើងមានទុនវិនិយោគគ្រប់គ្រាន់ យើងពុំបានយកលុយរបស់អតិថិជនមកធ្វើការវិនិយោគឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះគឺ យើងទទួលបានការសហការពីធនាគារធំៗចំនួន6ដែលមានទីតាំងនៅក្នុងប្រទេសតៃវ៉ាន់។ ទាំងនេះគឺជាចំណុចខ្លាំងរបស់យើងដើម្បីបង្ហាញទៅដល់អតិថិជនឱ្យកាន់តែមានទំនុកចិត្ដ តាមរយៈការអភិវឌ្ឍរបស់ពួកយើងថា ពុំមានការបារម្ភអំពីទុនវិនិយោគទេ”។
ធនាគារ6 ដែលបានធ្វើកិច្ចសហការជាមួយនឹងគម្រោង Sky Tree Condominiumមានដូចជា Taiwan Cooperate bank, Land bank, Bank of Taiwan, Taiwan business bank និង Bank of Panhsin ព្រមទាំង Sunny bank។
លោកScott Wuបញ្ជាក់ថា៖«មូលហេតុធនាគារទាំងនោះបង្កើតកិច្ចសហការជាមួយយើងព្រោះគ្រួសារWuរបស់ខ្ញុំជាគ្រួសារមានកិត្ដិយស កេរ្ដិ៍ឈ្មោះ និងភាពស្មោះត្រង់ក្នុងមុខជំនួញ។ ជាងនេះទៅទៀតគឺ គេសម្លឹងឃើញទីតាំងនៃការវិនិយោគរបស់ក្រុមហ៊ុនយើងល្អ ព្រមទាំងយុទ្ធសាស្រ្ដនៃការលក់របស់យើងខ្លាំង គួបផ្សំនឹងតម្លៃសមរម្យផងដែរ ទើបគេសម្រេចចិត្ដសហការ»។
Sky Tree Condominium ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន J&L Development Company មានបទពិសោធក្នុងស្រុកជាង20ឆ្នាំ រួមជាមួយដៃគូយុទ្ធសាស្ត្រក្រុមហ៊ុន MCC CORPORATION ដ៏ល្បីឈ្មោះលំដាប់ពិភពលោកនៅទីក្រុងប៉េកាំង។ គម្រោងនេះបានសាងសង់នៅក្នុងឆ្នាំ2016 លើផ្ទៃដីសរុប 8,248ម៉ែត្រការ៉េ និងផ្ទៃអគារសរុប142,402ម៉ែត្រការ៉េ និងត្រូវបញ្ចប់ការសាងសង់នៅចុងខែមករា ឆ្នាំ2019 ។
គម្រោងនេះមានទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ជាទីតាំងល្អស្ថិតនៅក្បែរសាកលវិទ្យាល័យរដ្ឋ និងសាលាអន្តរជាតិ ផ្សារ TK Mall ផ្សារ Aeon Mall 2 សណ្ឋាគារ Raffles លំដាប់ថ្នាក់ផ្កាយប្រាំ។ ទន្ទឹមនឹងនេះលោកអ្នកអាចធ្វើដំណើរទៅព្រលានយន្តហោះដោយចំណាយពេលត្រឹមតែ 15 នាទី និងទៅកន្លែងវាយកូនហ្គោលត្រឹមតែ 10នាទីប៉ុណ្ណោះ៕