នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ គម្រោងថ្មីក្នុងគោលបំណងជំរុញការអាននៅកម្ពុជាមានឈ្មោះថា « តម្រា » បានប្រកាសបើកសម្ពោធស្នាដៃនិពន្ធសៀវភៅ ៤ចំណងជើងដើម្បីឱ្យកាន់តែមានភាពសម្បូរបែបសម្រាប់អ្នកអាន និងផ្ដល់ចំណោះដឹង បទពិសោធន៍ល្អៗពីអ្នកនិពន្ធ។ តម្រា ក៏បានប្រមូលផ្ដុំក្រុមអ្នកនិពន្ធ ដើម្បីផលិតស្នាដៃជានិពន្ធសៀវភៅឱ្យមានគុណភាពទាក់ចិត្តយុវវ័យឱ្យងាកមករកការអានឡើងវិញផងដែរ។ ព្រោះថា ក្រៅពីធ្លាក់ចុះនៃការអានហើយ គេកត់សម្គាល់ឃើញថា ការនិពន្ធសៀវភៅការថមថយទន្ទឹមគ្នាដែរ។
អ្នកនាង ទូច បុប្ផា នាយិកាតម្រា បានអះអាងថា ដោយសារតែអ្នកនាង និងក្រុមយុវជនមួយចំនួនមើលឃើញថាកម្រិតនៃការអានមានការថយចុះ ស្របពេលដែលស្នាដៃតែងនិពន្ធដែលបោះពុម្ពសៀវភៅក៏មិនសូវមាន។ អ្នកនាងថា យុវវ័យសព្វថ្ងៃមិនមែនមិនចង់អានសៀវភៅនោះទេ ប៉ុន្តែបណ្ដាលមកពីស្នាដៃដែលបានផលិតឡើង អាចមិនសូវមានការចាប់អារម្មណ៍ទើបធ្វើឱ្យការអានធ្លាក់ចុះ។ អ៊ីចឹងហើយទើបអ្នកនាង និងក្រុមការងារបានរួបរួមគ្នាគ្នាបង្កើតគម្រោងនេះឡើង ដើម្បីប្រមូលអ្នកនិពន្ធ ហើយចងក្រងស្នាដៃ ដើម្បីផលិតជាស្នាដៃសៀវភៅ ឱ្យមានគុណភាព និងស្អាតទាក់ទាញដើម្បីឱ្យយុវវ័យងាកមកស្រលាញ់សៀវភៅវិញ។ អ្នកនាងសៀវភៅ៤ប្រភេទ ដែលតម្រាបោះពុម្ពផ្សាយរួមមានរឿង”អាគមបរព្រៃ” រឿង”ពេលវេលា” រឿង”បឹងអតីត” និងរឿង”ស្ទូឌីយោលេខ៧” ដែលសុទ្ធតែជាស្នាដៃបង្កប់ដោយអត្ថន័យ និងការអប់រំខ្ពស់។ ស្នាដៃទាំងនេះ មានលក់នៅតាមបណ្ណាគារធំៗនៅរាជធានីភ្នំពេញ នៅបាត់ដំបង កំពង់ចាម កំពង់ស្ពឺ និងមានចែកជូននៅតាមបណ្ណាល័យសំខាន់ៗ។ ស្នាដៃទាំងអស់របស់តម្រា ក៏មានប្រកាសលក់តាមអនឡាញផងដែរ ខណៈដែលអ្នកនាង បញ្ជាក់ថា ក្នុងមួយស្នាដៃៗត្រូវបានគេទិញមិនក្រោម១ពាន់ទៅ១៥០០ក្បាលនោះទេ តាំងពីចាប់ផ្ដើមមុនសម្ពោធ ទើបធ្វើឱ្យអ្នកនាង យល់ថា តម្រូវការនៃការអាននៅតែមានការចាប់អារម្មណ៍ជាពិសេសពីសំណាក់យុវវ័យ។
អ្នកនាង ទូច បុប្ផា បន្តថា តម្រានឹងគៀគរអ្នកមានគំនិតចង់បង្កើតស្នាដៃ ឱ្យមានឱកាសផលិតជាសៀវភៅ ប៉ុន្តែក៏ទាមទារឱ្យស្នាដៃទាំងនោះត្រូវតែមានខ្លឹមសារ និងការអប់រំខ្ពស់ ដែលផ្ដល់ប្រយោជន៏ដល់អ្នកអានផងដែរ ទើបតម្រាទិញសិទ្ធិយកមកផលិត។ ក្នុងមួយខែតម្រាប្រកាសបញ្ចេញស្នាដៃមួយរឿង ដោយការបោះពុម្ពតិចឬ ច្រើន គឺអាស្រ័យលើស្នាដៃនីមួយៗ៕