ការស្វែងរកការងារ ជាចំណុចចាប់ផ្តើមយ៉ាងសំខាន់នៃអាជីព បន្ទាប់ពីសិស្ស និស្សិត បានបញ្ចប់ការបណ្តុះបណ្តាលពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ យុវជនខ្លះសម្បូរការងារខណៈយុវជនជាច្រើនផ្សេងទៀតមិនទាន់រកការងារធ្វើបានដោយសារតែមិនមានប្រភពព័ត៌មាន ឬមិនទាន់បានស្វែងយល់ស៊ីជម្រៅពីព័ត៌មានស្តីពីការងារ។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានធ្វើការងារផ្សព្វផ្សាយ តាមរយៈកម្មវិធីផ្សេងៗដើម្បីឱ្យយុវជន ទទួលបានប្រភពព័ត៌មាន ចំណេះដឹងជាមូលដ្ឋានដើម្បីជ្រើសរើស ឬវិធីទទួលបានការងារ និងវេទិកាសំខាន់ៗដើម្បីភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងអ្នកកំពុងស្វែងរកការងារធ្វើ។
នៅថ្ងៃទី 15 ខែសីហា ឆ្នាំ2019 ខាងមុខនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារប្រមាណ 1,783កន្លែងដល់អ្នកដែលកំពុងស្វែងរកការងារនៅទូទាំងប្រទេស។ បេក្ខជនដែលមានបំណងចង់ដាក់ពាក្យធ្វើការងារអាចទៅដាក់ពាក្យនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដើម្បីសម្ភាសន៍ធ្វើការងារភ្លាម។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិការការងារត្រូវបានរៀបចំឡើងជារៀងរាល់ខែ ដោយក្នុងនោះយើងឃើញថាវេទិកានេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងរោង-ចក្រនានាដែលកំពុងមានតម្រូវការបុគ្គលិក និងកម្លាំងពលកម្មសម្រាប់បម្រើការងារ។ ក្រុមហ៊ុននានាបានទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារកាន់តែច្រើនដើម្បីជួយជ្រើសរើសបុគ្គលិកសម្រាប់ចូលបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។ សម្រាប់បេក្ខជនដែលចង់មកដាក់ពាក្យនៅវេទិការការងារត្រូវត្រៀមយកប្រវត្តិរូបសង្ខេបមកជាមួយដើម្បីជួប និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន 11 ដែលកំពុងត្រូវការបុគ្គលិក។ ក្រុមហ៊ុនដែលនឹងជ្រើសរើសបុគ្គលិកនៅក្នុងវេទិកាការងារលើកនេះមានដូចជា ក្រុមហ៊ុន Super Duper, Chip Mong Group, Ming Wuoy Group, Modern Intergrated Services, BS Land and Homg, MJQ Education, Hattha Kasekar Limited, WB Finance Cambodia, Asianerial Advisory Int Co., Ltd, Noyakong Group, Brown Coffee and Bakery។
វេទិកាការងារ ជាវេទិកាដែលផ្តល់ឱកាសឱ្យក្រុមហ៊ុនសហគ្រាស ដែលចង់ជ្រើសរើសរើសបុគ្គលិក ជួបគ្នាជាមួយអ្នកកំពុងស្វែងរកការងារ ដើម្បីជ្រើសរើសនៅនឹងកន្លែង។ វេទិកានេះត្រូវបានគេមើលឃើញថាអាចជួយដោះស្រាយបញ្ហាជាច្រើនជាពិសេសភាពមិនស៊ីគ្នារវាងទីផ្សារការងារ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ កន្លងមកគេតែងតែឃើញម្ចាស់ស្ថាប័នរអ៊ូរទាំរឿងខ្វះបុគ្គលិក ឬលំបាកស្វែងរកបុគ្គលិក ខណៈយុវជនជាច្រើនកំពុងរអ៊ូរទាំថាគ្មានការងារធ្វើ។ បញ្ហាដែលកើតមានឡើងនេះដោយសារតែក្រុមហ៊ុនដែលត្រូវការបុគ្គលិកមិនមានវិធីសាស្រ្តល្អក្នុងការផ្សព្វផ្សាយឱ្យយុវជនបានដឹង ចំណែកឯយុវជនដែលកំពុងត្រូវការងារវិញក៏មិនបានស្វះស្វែងក្នុងការទទួលបានព័ត៌មានពីទីផ្សារការងារ ហេតុនេះការដែលបង្កើតវេទិកានេះឡើងនឹងធ្វើឱ្យមានផលវិជ្ជមានទាំងក្រុមហ៊ុន និងទាំងយុវជនដែលកំពុងត្រូវការការងារ៕