ថ្ងៃនេះ ឡារ៉ែន សូមណែនាំរដូវកាលដ៏ល្អបំផុតក្នុងការទស្សនាមន្តស្នេហ៍របស់ ; “វាលផ្កា ថេមបូឈិគិសៃណូ អូកៈ” ផ្ទាំងទស្សនីយភាពដែលលាតសន្ធឹងទូទាំងតំបន់ ប៊ិអេយ៍ កោះហុកកៃដូ។ ក្នុងរដូវក្ដៅ បណ្ដាបុប្ផាចម្រុះពណ៌នឹងរីកស្គុះស្គាយឡើង បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យពេញកែវភ្នែក ដែលជះពន្លឺពណ៌ឥន្ធនូ ធ្វើឱ្យបេះដូងរបស់អ្នកទេសចរញាប់ញ័ររញ្ជួយយ៉ាងពិតប្រាកដ…។
“វាលផ្កា ថេមបូ ឈិគិសៃណូ អូកៈ” ស្ថិតនៅក្នុងតំបន់ប៊ិអេយ៍ ស្រុកខាមិខាវៈ ខេត្តហុកកៃដូ។ក្នុងអំឡុង “ហ្គ្រីន ស៊ីហ្សិន” តាំងពីចុងខែមេសា ដល់ខែតុលា នឹងមានវាលផ្កា ធីវលីប ប៉ប់ពីឈូករ័ត្ន ខូស្មស់ និងផ្សេងៗទៀតរួមជាង 30ប្រភេទ គ្របដណ្ដប់ទូទាំងជួរភ្នំ ប្រៀបដូចជាកម្រាលព្រំចម្រុះពណ៌ដូច្នោះដែរ។
អំឡុងពេលដែលល្អបំផុតក្នុងការទៅទស្សនា “វាលផ្កា ថេមបូ ឈិគិសៃណូ អូកៈ” គឺ…
…ខែកក្កដា ដល់ខែកញ្ញា។ ទីកន្លែងដែលមានរូបសម្ផស្ស2 ក្នុងរដូវកាលហ្គ្រីន ស៊ីហ្សិន មួយនេះ អាចមើលឃើញផ្ទាំងទស្សនីយភាពដែលខុសប្លែកពីគ្នាក្នុងអំឡុងពេលនីមួយៗនៃឆ្នាំ តែអំឡុងពេលដែលភ្ញៀវទេសចរមកលម្ហែនៅទីនេះច្រើនបំផុត គឺអំឡុងពេលប្រមាណជា 3ខែ គឺខែកក្កដា សីហា និងកញ្ញាដែលជារដូវក្ដៅ(នៅប្រទេសជប៉ុន)។ ក្នុងអំឡុងពេលនេះ ជួរភ្នំដ៏ធំទូលាយនឹងត្រូវគ្របដណ្ដប់ដោយបុប្ផាជាច្រើនពណ៌ រហូតក្លាយជាវាលផ្កាពណ៌ឥន្ធនូ។
អំឡុងពេលនោះ ខែកក្កដានឹងមានទាំងផ្កាឡាវេនឌើរ បុប្ផាពណ៌ស្វាយស្រស់ស្អាតមើលទៅត្រជាក់ភ្នែក ផ្កាឈូករ័ត្នដែលបើកស្រទាប់រីកស្គុះស្គាយបង្អួតពន្លឺពីដួងព្រះអាទិត្យ និងផ្កាស្បៃរឿងពណ៌លឿងស្រស់មូលៗគួរឱ្យស្រឡាញ់ និងនៅមានផ្កាជាច្រើនប្រភេទទៀតរង់ចាំស្វាគមន៍លោកអ្នក។
ទស្សនីយភាពដែលត្រូវតុបតែងបន្ថែមពណ៌ដោយបុប្ផាដ៏ច្រើន រហូតហាក់ដូចជាពិធីបុណ្យតផ្ទាំងក្រណាត់ចម្រុះពណ៌ជាខ្សែវែងនេះ គឺជាភាពស្រស់ស្អាតដែលធ្វើឱ្យលោកអ្នកចង់តែលើកកាមេរ៉ាឡើងផ្ដិតយករូបភាពទាំងនោះដោយមិនចាំបាច់គិតអ្វីច្រើនឡើយ និងថែមទាំងជាផ្ទាំងទស្សនីយភាពដែលទោះជាលោកអ្នកទៅថតពីត្រង់ណា ក៏នៅតែចេញមកដូចជារូបគំនូរដែរ ទើបធ្វើឱ្យអ្នកទេសចរចំនួនដ៏ច្រើនបានមកទស្សនាទីនេះរៀងរាល់ឆ្នាំ។
ដើមផ្កាទាំងអស់នោះត្រូវបានដាំដោយភាពចំណានដើម្បីឱ្យវារីកឡើងដំណាលៗគ្នារហូតកើតចេញជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត ដែលទោះជាស្ថិតក្នុងអំឡុងពេលចុងរដូវក្ដៅក៏ដោយ តែក៏យើងនៅតែអាចបានទស្សនាវាលផ្កាដ៏ស្រស់ស្អាតទាំងនោះបានដែរ។ ក្រោយពីផុតខែកក្កដាដែលតុបតែងដោយបុប្ផាចម្រុះពណ៌ហើយ ចាប់ពីខែកញ្ញាដែលកំពុងជិតត្រឡប់ចូលទៅដល់រដូវស្លឹកឈើជ្រុះនោះ ក៏នឹងមានផ្កា អាណេម៉ូណេជប៉ុន និងផ្កាខាលីហ្វ័រនៀប៉ុបពីឱ្យយើងបានទស្សនាវិញម្ដង ហើយជួរភ្នំទាំងនោះក៏នឹងត្រូវជ្រលក់ដោយបុប្ផាពណ៌ចម្រុះដែលចូលគ្នាយ៉ាងគួរឱ្យស្ងើចសរសើរ។
នៅក្នុងតំបន់ប៊ិអេយ៍ ហុកកៃដូនេះក៏នៅមានមណ្ឌលទេសចរណ៍ផ្សេងៗទៀត ដូចជា “បឹងពណ៌ផ្ទៃមេឃ” ដែលមានទឹកពណ៌ផ្ទៃមេឃហាក់ដូចជាទិដ្ឋភាពបន្លំភ្នែក និង “កសិដ្ឋានថូមិតៈ” ដែលជាវាលផ្កាឡាវេនឌើរដែលមានឈ្មោះល្បីនៅក្នុងប្រទេសផងដែរ។ នៅក្នុងឆ្នាំ2019 នេះ ហ្គ្រីន ស៊ីហ្សឹននឹងចាប់ផ្ដើមតាំងពីខែមិថុនា រហូតដល់ខែកញ្ញា ចំណែកឯតម្លៃចូលទស្សនាវិញភាគច្រើន គឺមិនមានបង់ថ្លៃទេ តែមានការបរិច្ចាគតាមសទ្ធា ដើម្បីទុកជាការមើលថែទាំ និងថែរក្សាវាលបុប្ផាដ៏សែនស្អាតនេះ និងថ្លៃសេវាយានជំនិះដែលដឹកអ្នកទេសចរដើរទស្សនាកម្សាន្តបន្តិចបន្តួចប៉ុណ្ណោះ៕