កសិកម្ម ជាវិស័យយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចកម្ពុជា បើទោះបីជាបច្ចុប្បន្ននេះ ឧស្សាហកម្ម និងសេវាកម្មបានចូលរួមចំណែកក្នុងការរកប្រភពចំណូលច្រើនសម្រាប់ថវិកាជាតិជារៀងរាល់ឆ្នាំក៏ដោយ។
ស្របពេលដែលវិស័យកសិកម្មនៅតែមានសារៈសំខាន់សម្រាប់កម្ពុជា ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានខិតខំប្រឹងប្រែងក្នុងការស្វែងរកការវិនិយោគបន្ថែមពីប្រទេសដៃគូសំខាន់ៗលើការកែច្នៃផលិតផលកសិកម្មរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងជំនួបជាមួយមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាចង់បានការវិនិយោគបន្ថែមពីប្រទេសចិន លើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយសារកម្ពុជាមានផលិតផលកសិកម្មមិនទាន់កែច្នៃច្រើន ដូចជាផ្លែស្វាយកំពង់ស្ពឺ ផ្លែមៀនប៉ៃលិន និងផ្លែឈើហូបផ្លែជាច្រើនផ្សេងទៀត។ ឯកឧត្តមបន្ថែមថា ក្រសួងពាណិជ្ជកម្មកំពុងជំរុញឱ្យមានការនាំចេញផលិតផលទៅកាន់តែទីផ្សារចិន តាមរយៈការចូលរួមព្រឹត្តិការណ៍នានា និងការបង្ហាញតាមមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើសុំឱ្យភាគីចិនជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មខ្មែរ និងជួយកៀងគរក្រុមហ៊ុនចិន ដែលមានឯកទេសច្បាស់លាស់មកវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លើសពីនេះទៅទៀត ក្រសួងនឹងបន្តសហការជាមួយគ្នាក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) ដើម្បីជំរុញការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិកាន់តែប្រសើរឡើង។
ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានជំរុញឱ្យប្រទេសបេឡារុសពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃ និងនាំចេញផលិតផលរបស់កម្ពុជាទៅបរទេសផងដែរ។
ក្នុងនោះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ប្រទេសបេឡារុសជាប្រទេសដែលបានផ្គត់ផ្គង់គ្រឿងយន្តកសិកម្មមកប្រជាពលរដ្ឋកម្ពុជា ហេតុនេះយើងចង់ឱ្យប្រទេសនេះពិនិត្យលទ្ធភាពបន្ថែមដើម្បីវិនិយោគឱ្យកាន់តែធំលើការកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា៖ “កម្ពុជាបានវិវឌ្ឍពីការប្រើប្រាស់កម្លាំងអូសទាញដោយគោក្របី មកការប្រើប្រាស់គ្រឿងយន្តបានជាង 97%ទៅហើយ នេះគឺជាយន្តការអាទិភាព ក្នុងការលើកកម្ពស់ទំនើបកម្មកសិកម្ម និងយន្តការពាណិជ្ជកម្ម-កសិកម្មនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង”។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចង់ជំរុញឱ្យប្រទេសបេឡារុស បង្កើនការផ្គត់ផ្គង់បន្ថែមនូវគ្រឿងយន្តទំនើបៗផ្នែកកសិកម្មដើម្បីធ្វើការប្រមូលផល និងជំរុញឱ្យការធ្វើកសិកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបជាមួយតម្រូវការសម្រាប់ការនាំចេញ។
គួរបញ្ជាក់ផងដែរថា បើយោងតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទកាលពីដំណាច់ខែមីនា ឆ្នាំ2019 បានបង្ហាញថា រយៈពេល 3ខែដើមឆ្នាំ2019 នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាផ្លូវការប្រមាណ1.4លានតោន។ ដោយឡែកការផ្គត់ផ្គង់បន្លែស្រស់ទៅកាន់ទីផ្សារអឺរ៉ុបមានប្រមាណជាង 50តោន។ បច្ចុប្បន្នទីផ្សារនាំចេញផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា រួមមានប្រទេសបារាំងមានប្រមាណ 40% ចិនមានប្រមាណ 40% រួមទាំងទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសក្នុងតំបន់អាស៊ានផងដែរ។ ចំណែកឯការនាំចេញចេកអំបូងលឿងពីកម្ពុជាដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បានចាប់ផ្ដើមជាផ្លូវការកាលពីខែមករា ឆ្នាំ2019 ក្រោយកម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងលើពិធីសារមួយដែលធ្វើឱ្យអាចនាំចេញទៅកាន់ប្រទេសចិនបាន ដោយប្រទេសចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែចេក 30ម៉ឺនតោនក្នុង 1ឆ្នាំ៕