ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានកត់សម្គាល់ពីការរីកចម្រើនចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយ៉ាងល្អប្រសើរជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលតាមរយៈវិស័យនេះបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ការបញ្ជាក់ នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតទទួលជួបពិភាក្សាការងារ និងជម្រាប លា ជាមួយឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍បញ្ជាក់ថា៖« ជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់ប្រទេសកម្ពុជាបន្ថែមទៀត »។ ឯកឧត្តមបានរំឭកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនលើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ចំនួន2 រួមមាន៖
ទី1-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះហត្ថលេខានៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2017។
ទី2- អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ(MOC)ស្តីពីក្របខ័ណ្ឌសម្រាប់ភាពជាដៃគូព័ត៌ មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅ ពលករជំនាញ ដែលបានចុះហត្ថលេខានៅថ្ងៃទី25 ខែមីនា ឆ្នាំ2019 នៅទីក្រុងតូក្យូប្រទេសជប៉ុន»។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល យក និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជាឱ្យទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ និងចំណេះជំនាញ យ៉ាងល្អប្រសើរជាងមុន និងបានរួមចំណែកជួយជំរុញការលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យមានភាព រីកចម្រើនបានមួយកម្រិត។ ចំពោះកិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុនបានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជាផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការ យកចិត្តទុកដាក់ចំពោះកម្មករ និយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេស ជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ Technical and Vocational Education Development (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ National Employment Agency (NEA)ជាដើម។
ឯកឧត្តមក៏បានកោតសរសើរ ចំពោះបេសកកម្មរបស់ឯកអគ្គរាជទូតជប៉ុន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មានការរីកចម្រើនជាលំដាប់ផងដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុន រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំង2 កាន់តែល្អ ប្រសើរ និងមានភាពយូរអង្វែង។ លើសពីនេះទៀត ភាគីទាំង2 បានឯកភាពគ្នាថា នឹងអនុវត្តកិច្ច ព្រមព្រៀងលើការបញ្ជូនកម្មសិក្សាការីផ្នែកថែទាំមនុស្សចាស់ទៅប្រទេសជប៉ុនឱ្យបានត្រឹមត្រូវ ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ ក្រោយពេលបណ្ដុះបណ្ដាលបំពាក់បំប៉ននៅក្នុងប្រទេសកម្ពុជារួចរាល់។
ឯកឧត្តម អ៊ិត សំហេង ក៏បានមានប្រសាសន៍ថា លោកនឹងនៅតែនឹក ឯកឧត្តម Hidehisa HORINOU CHI ដែលគ្រោងនឹងចាកចេញពីប្រទេសកម្ពុជានៅ 2សប្តាហ៍ខាងមុខនេះ ហើយបានអបអរសាទរចំពោះមុខតំណែងថ្មីរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសហូឡង់៕