មានការភ្ញាក់ផ្អើលតែម្តងដែលអតីតបេក្ខជនប្រឡងចម្រៀង The Melody របស់ទូរទស្សន៍បាយ័នលោក ហួន សំអុល ស្រាប់តែត្រូវបានលោក សួន ពិសិដ្ឋ និងក្រុមការងារគោលជាច្រើនជ្រើសរើសជាតារាចម្រៀងប្រចាំផលិតកម្មអ្នកនាង ចន ច័ន្ទលក្ខិណា។ នេះប្រហែលជាលោកមានសំឡេងល្អបើមិនដូចនេះមិនមែនអ្នកឆ្អិនខាងជំនាញសិល្បៈមើលឃើញឡើយ។
លោក ហួន សំអុល ជាបេក្ខជនឆ្លងកាត់ការប្រឡងធំៗច្រើនដូចដូចជា The Voice Cambodia និងនៅបាយ័នដែលបរាជ័យច្រើនដង លោកមិនដែលចុះចាញ់វាសនាព្រោះតែចង់ក្លាយជាតារារះចិញ្ចាចសមតាមការប៉ង។ លោកក៏ជាអតីតអ្នកនេសាទនៅសមុទ្រកំពតនិងកែបដោយតស៊ូអត់ធន់ធ្វើជាអ្នកចុះទូកនេសាទច្រើនឆ្នាំមុនក្លាយជាតារាចម្រៀងសព្វថ្ងៃ។
លោក ហួន សំអុល បានរំលឹកជីវិតជាអ្នកនេសាទតាមសមុទ្រខ្លះៗថា លោកជាអ្នកនេសាទប្រមាណ៤ទៅ៥ឆ្នាំតាំងពីវ័យជំទង់ចេះនេសាទត្រីក្តាមសមុទ្រមើលដឹងកន្លែងណាមានក្តាមមានត្រីយូរទៅដឹងដោយសារឪពុកប្រាប់។ ជីវិតហាលខ្យល់ភ្លៀងលើផ្ទៃសមុទ្រមិនដែលគិតថាបានឡើងឆាកហ្នឹងគេទេតែឱ្យតែចេញទៅនេសាទដៃកាន់ម៉ាញ៉េហាត់ច្រៀងលើទូកជាប្រចាំហើយសួរខ្លួនឯងជានិច្ចថាបើចេះស្ទាត់ហ្នឹងចូលប្រឡងនិងគេក្រែងមានឱកាសល្អ។ នៅទីបំផុតលោកពិតជាធ្វើបានតែក៏ជួបភាពបរាជ័យច្រើនដងមុននិងមានពេលវេលាដូចសព្វថ្ងៃនេះ។
តារាចម្រៀងដែលមានសំឡេងកាច់ស្រដៀងលោកព្រាប សុវត្ថិថ្លែងថាការណ៍ដែលលោកធ្វើជាតារាចម្រៀងប្រចាំផលិតកម្មរបស់បងស្រីចន ច័ន្ទលក្ខិណាគឺជាការពិតដែលលោកបានចុះហាត់ការងាច្រើនសប្តាហ៍មកហើយ។ នេះជាសំណាងលោកហើយក៏មិនដែលគិតថាមានឱកាសបានរៀមច្បងសិល្បៈមើលឃើញបែបនេះឡើយលោកពិតជាចចាំជានិច្ចពីគុណដ៏ពិសេសនេះ។ លោកថា ខាងផលិតកម្មរបស់លោកច្រៀងសុទ្ឋតែអ្នកជំនាញនៅទីនោះជួយសហការលើកស្ទួយដែលមានលោក សួន ពិសិដ្ឋ អ្នកនិពន្ឋទាំងចម្រៀងនិងបទភ្លេងគាត់ខិតខំរើសនិងតែងបទថ្មីល្អៗឱ្យប្រិយមិត្តស្តាប់ព្រោះគាត់ជំនាញហើយល្បីឈ្មោះយូរមកហើយក្រៅពីនេះមានបងស្រី ចន ច័ន្ទ លោក ហេង ឡុង ជាដើមសុទ្ឋតែរកគន្លឹះឲ្យផលិតកម្មបោះជំហ៊ានទៅមុខ។ មិនត្រឹមតែលោកនោះទេជ្រើសរើសក៏មានតារាមួយចំនួនទៀតចូលរួមនេះជាការលើកស្ទួយគិតគូរបស់រៀមច្បងមកលើតារាថ្មីៗពិតជាគម្រូល្អគួរឱ្យគោរព។ បងប្អូនអាចរង់ចាំស្តាប់បទចម្រៀងថ្មីៗរបស់ក្រុមចម្រៀងយើងដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះហើយក្រោយពេលមេកើយខិតខំសម្រិតសម្រាំងឱ្យបានល្អឆក់យកគុណភាព។៕