អ្នកជំនាញវិស័យអចលនទ្រព្យនៅកម្ពុជាបានរួមគ្នាចែករំលែកបទពិសោធអំពីប្រធានបទ“ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញ” ដែលការចែករំលែកបទពិសោធអំពីអ្នកជំនាញទាំងនេះបានធ្វើឱ្យអ្នកចូលរួមប្រឡូកក្នុងវិស័យអចលនទ្រព្យ យល់ថា ការវិនិយោគលើអចលនទ្រព្យមិនមែនជាការងាយទេដើម្បីត្រូវការទទួលបាននូវជោគជ័យនោះ។
លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Co., Ltd បានធ្វើបទបង្ហាញអំពី របៀបប្រើប្រាស់ទុនវិនិយោគក្នុងវិស័យអចលនវត្ថុ ដោយលោកបានលើកបង្ហាញពីកត្តាមួយចំនួន ដែលអ្នកប្រឡូកក្នុងវិស័យនេះគួរធ្វើ ដោយត្រូវប្រើប្រាស់ទុនបែបណាដើម្បីឱ្យទទួលបានផលចំណេញ និងធ្វើការរកស៊ីបានយូរអង្វែង។
លោកបានបន្ដថា៖“ការវិនិយោគលើអចលនទ្រព្យ ឱ្យទទួលបានប្រាក់ចំណេញមិនមែនជារឿងងាយស្រួលនោះឡើយ។ គឺត្រូវបែងចែកប្រភេទវិនិយោគរួមមាន៖ ការផ្ដោតការវិនិយោគជាចម្បងលើអចលនទ្រព្យប្រភេទផ្ទះដែលជាអចលនទ្រព្យមានតម្រូវការកើនឡើងគ្រប់ពេល។ អាចខ្ចីប្រាក់ពីធនាគារមកធ្វើការវិនិយោគបានច្រើន និងការប្រាក់ទាប ហើយអចលនទ្រព្យប្រភេទផ្ទះនេះ អាចឱ្យយើងរកកម្រៃបានពីការជួលបន្ថែមជាដើម”។
លោកបានបញ្ជាក់ថា ដោយចាប់ផ្ដើមពីទុនវិនិយោគបន្ដិចបន្ដួចសិនមុននឹងបន្ថែមដើមទុនឱ្យកើនឡើង ជាវិធីល្អមួយដែលអាចឱ្យយើងដកស្រងបទពិសោធពីកំហុសឆ្គងក្នុងការវិនិយោគលើកក្រោយៗទៀត។ ការជ្រើសរើសផ្ទះដែលមានអ្នកជិតខាងល្អ ប្រសើរជាផ្ទះដែលមានទីតាំងល្អ វានឹងជួយឱ្យផ្ទះមានតម្លៃល្អទៅថ្ងៃក្រោយ។ ជ្រើសរើសអចលនទ្រព្យដែលមនុស្សភាគច្រើនចង់រស់នៅ និងមានតម្រូវការជួលច្រើន។
លោកក៏បានឱ្យដឹងដែរថា៖ “យើងត្រូវទិញអចលនទ្រព្យឱ្យបានក្នុងតម្លៃទាប ដែលអាចជាផ្ទះចាស់ឬម្ចាស់អចលនទ្រព្យមានបញ្ហាហិរញ្ញវត្ថុ ដោយព្យាយាមចរចាតម្លៃឱ្យបានទាបជាងទីផ្សារដើម្បីឱ្យយើងបានចំណេញតាំងពីយើងចាប់ផ្តើមទិញ និងត្រូវវិនិយោគលើអចលនទ្រព្យដែលនៅជិតយើង ព្រោះគឺជាទីតាំងយើងស្គាល់ ហើយវាងាយស្រួលស្រាវជ្រាវតម្លៃទិញ-លក់នៅកន្លែងនោះបានច្បាស់”។ ដើម្បីឱ្យប្រាកដក្នុងចិត្ត មុននឹងសម្រេចចិត្តទិញ ត្រូវអង្កេតតាមដានអចលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឱ្យដឹងពីអ្វីដែលបានកើនឡើងក្នុងកន្លែងនោះ ឬតំបន់នោះថាតើ នឹងមានហាងលក់ដូរកំពុងសង់ ឬក៏មានគម្រោងសាងសង់អគារខ្ពស់ដែរឬទេ? ហើយត្រូវធ្វើផែនការគ្រប់យ៉ាងឱ្យបានហ្មត់ចត់ និងដំណើរការតាមជំហានមួយៗច្បាស់លាស់មុនពេលសម្រេចចិត្ត ដោយគិតតាមក្បួនខ្នាតឱ្យបានល្អិតល្អន់ជាមុន។ យើងត្រូវគិតថាទិញយកមកធ្វើអ្វី? បានផលតបស្នងត្រឡប់មកវិញប៉ុន្មាន? សម្រាប់តម្លៃអចលនទ្រព្យទាំងនោះ ដើម្បីឱ្យមានលំហូរសាច់ប្រាក់វិជ្ជមាន”។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាន់ ច័ន្ទឌី។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co.Ltd ក៏បានបង្ហាញពីការវាយតម្លៃអចលនទ្រព្យមុនពេលវិនិយោគដែរ ដោយលោកបានលើកឡើងថា៖ “មុនពេលវិនិយោគគួរមើលពីទីតាំង ទំហំ ជម្រៅ ក្បាលដី និងរូបរាងដីជាដើម ដើម្បីឱ្យការវិនិយោគមានដំណើរការល្អប្រសើរ ដោយផ្តោតទៅលើចំណុច2 គឺ៖ ទី1-រូបមន្តប្រៀបធៀប ទី2-រូបមន្តវិនិយោគ។ គឺយើងត្រូវប្រមូលព័ត៌មាន ដើម្បីឱ្យដឹងពីទីផ្សារ ដោយពិចារណាទៅលើតម្លៃណាមួយដែលសមស្របសម្រាប់យើងអាចធ្វើការវិនិយោគបាន។ ពោលគឺយើងយកមកវិភាគតាមទិន្នន័យទីផ្សារ បន្ទាប់មកគឺយើងបានតម្លៃទីផ្សារដែលយើងត្រូវយកមកធ្វើការវិនិយោគ”។ លោក សន សៀប ក៏បានបន្ថែមទៀតដែរថា៖“កត្តាដែលយើងគួរវាយតម្លៃមុនវិនិយោគ គឺ ដើម្បីឱ្យដឹងពីកត្តានៃការលក់ត្រឡប់ទៅវិញ ដោយបានមកពីការលក់ ឬជួល និងមានភាពងាយស្រួលក្នុងការទទួលបានផលចំណេញថា តើយើងត្រូវធ្វើការវិនិយោគលំនៅដ្ឋាន ខុនដូ អាផាតមិន ឬក៏ផ្ទះល្វែង ដែលការពិចារណា គឺស្ថិតនៅលើអ្នកវិនិយោគខ្លួនឯងដែលបានវិភាគទៅតាមទិន្នន័យទីផ្សារដែលបានប្រមូលមក”។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានបង្ហាញពីការកសាងទំនុកចិត្ត រវាងភ្នាក់ងារអចលនទ្រព្យ និងវិនិយោគិន ដើម្បីភាពជោគជ័យក្នុងការវិនិយោគម្រោងធំ។ គឺការកសាងទំនុកចិត្តត្រូវមានភាពស្មោះត្រង់ ត្រូវមានការធ្វើការងារជាក្រុមដើម្បីបន្ថែមនូវទំនុកចិត្តសម្រាប់ដៃគូម្ខាងទៀត ការគោរពពេលវេលា ការបង្ហាញពីទឹកដមនៃការទំនាក់ទំនងរវាងគ្នា និងការគោរពចំពោះដៃគូម្ខាងទៀតជាដើម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានធ្វើបទបង្ហាញពីការវិនិយោគលើវិស័យអចលទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់ផងដែរ ដោយលោកលើកឡើងថា៖ “ដើម្បីវិនិយោគលើអចលនទ្រព្យ ទទួលបានប្រាក់ចំណេញត្រូវវិនិយោគដោយមើលទៅលើស្ថានភាពផ្លូវ និងទីតាំងឱ្យសមស្របនឹងតម្រូវការជាក់ស្ដែង។
ដោយឡែក សម្រាប់ទិញដើម្បីរស់នៅ ត្រូវមើលពីភាពចូលចិត្តនៃការរស់នៅ មានន័យថា អ្នកខ្លះចូលចិត្តរស់នៅតាមដងទន្លេ ចំណែកអ្នកខ្លះទៀតចូលចិត្តរស់នៅតាមតំបន់ស៊ីវីល័យ ដូច្នេះក្នុងនាមយើងជាអ្នកលក់ គួរតែណែនាំបង្ហាញពីផលប្រយោជន៍ក្នុងតំបន់ផ្សេងគ្នាទាំងនេះ។ ដូច្នេះក្នុងនាមជាអ្នកជំនាញត្រូវយល់ឱ្យច្បាស់អំពីស្ថានភាព និងតម្រូវការរបស់អតិថិជនច្បាស់លាស់ ទើបអាចឱ្យដំណើរការនៃការលក់ទទួលបានផលល្អ និងចំណេញថវិកា”។
អ្នកជំនាញវិស័យអចលនទ្រព្យខាងលើក៏បានថ្លែងពីសកម្មភាពមួយចំនួននៅក្នុងវិស័យអចលនទ្រព្យផងដែរ ដោយលើកឡើងពីនៅការវាយតម្លៃខុសពីការពិតដែលផ្ទុយពីវិជ្ជាជីវៈ ដែលទង្វើបែបនេះអាចកើតមានចំពោះក្រុមមួយចំនួនតូចដែលបង្កកើតឡើងដោយមិនស្របច្បាប់ ឬមិនបានទទួលបានការបណ្តុះបណ្តាលជំនាញជាអ្នកអាជីពដែលករណីវាយតម្លៃអចលនវត្ថុខ្ពស់ជាងតម្លៃក្នុងទីផ្សារដើម្បីទទួលបានប្រយោជន៍ទាំងសងខាងនេះ មិនមែនមានតែក្នុងប្រទេសយើងនោះទេ នៅតាមបណ្តាប្រទេសនានាលើសកលលោកក៏ធ្លាប់កើតមានដែរ រហូតមានស្ថាប័នដែលជាក្រុមហ៊ុនជំនាញក្នុងវិស័យនេះបានចងក្រងជាក្រមសីលធម៌ និងតម្រូវឱ្យគោរពអនុវត្តទាំងអស់គ្នា។
បច្ចុប្បន្ននេះនៅកម្ពុជា មិនទាន់មានច្បាប់កំណត់ពីកម្រិតនៃការទទួលទោសពីការវាយតម្លៃអចលនទ្រព្យខុសនោះទេ គឺមានតែការបង្កើតជាច្បាប់វិជ្ជាជីវៈ និងក្រមសីលធម៌ដែលបង្កើតឡើងដោយសមាគមជំនាញដែលពាក់ព័ន្ធក្រោមការរួមគ្នាបង្កើតតែប៉ុណ្ណោះ។ ជាដំណោះស្រាយ និងអាចគេចផុតពីករណីទាំងអស់នេះ ទាំងម្ចាស់ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ (ធនាគារម្ចាស់បំណុល) ដែលពាក់ព័ន្ធ គួរតែស្វែងរកក្រុមហ៊ុនជំនាញ ឬភ្នាក់ងារវាយតម្លៃស្របច្បាប់ធ្វើជាដៃគូ ចៀសវាងការខាតបង់ផលប្រយោជន៍៕