បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យឃើញថា តារាចម្រៀងស្រី សុវត្ថិឌី ធារិកា ជាអតីតបេក្ខប្រលងកម្មវិធី Cambodian Idol ខណៈនេះបានចុងត្រាជាមួយផលិតកម្មថ្មីៗមួយ ដែលមានការជួយជ្រោមជ្រែងពីសំណាក់អ្នកសម្រួលតន្ត្រីនៅផលិតកម្មថោនគឺ នាយ ដា ភ្លេង។
តារាចម្រៀងតូចច្រលឹងរូបនេះចាប់ផ្តើមមានទ្រនំថ្មីជ្រកកោន ក្នុងវិស័យឧស្សាហកម្មកម្សាន្តមានកុងត្រាត្រឹមត្រូវ តែត្រូវបានដឹងថាមិនមែនក្នុងផលិតកម្មថោនឡើយ ។ លោក ដា ភ្លេង ដែលជាតារាចម្រៀង និងជាអ្នកធ្វើភ្លេងប្រចាំអតីតផលិតកម្មថោន បានបញ្ជាក់ថា សម្រាប់រូបលោកគឺបានចាកចេញពីផលិតកម្ម ថោនរួចរាល់ហើយ ដោយកំពុងជ្រកក្នុងផលិតកម្មថ្មី គឺ Top Music ។
បើតាមការបញ្ជាក់របស់លោក ដា ភ្លេង ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សម្រាប់ សុវត្ថិឌី ធារិកា គឺមិនមែនចូលក្នុងផលិតកម្មថោនទេ គឺក្នុងផលិតកម្ម Top Music ដោយបានកុងត្រារយៈពេល ៥ឆ្នាំជាមួយផលិតកម្ម ។ អតីតតារាចម្រៀង និងអ្នកធ្វើបទភ្លេងនៅផលិតកម្មថោនរូបនេះ បានបន្តថា ដោយមើលឃើញថា សុវត្ថិឌី ធារិកា មានសំឡេងល្អ និងមានសមត្ថភាព ហើយនឹងអាចមានភាគរយល្បីល្បាញទៅមុខទៀត ។ លោកបានបន្តថា សម្រាប់សាមីខ្លួនគឺធារិកា ក៏បានសំឡឹងឃើញថា Top Music ជាផលិតកម្មមួយ ដែលអាចយោងគាត់ ប្រម៉ូតគាត់ឱ្យកាន់តែល្បី ក្នុងពេលឆាប់ៗនេះដែរ ។ លោកថា ហេតុផលដែលធ្វើឱ្យធារិកាល្បីឆាប់ៗ ដោយសារតែមានខ្ញុំ ជាអ្នករៀបចំការងារ ធ្វើយ៉ាងណាឱ្យគាត់កាន់ តែមានភាពល្បីល្បាញបន្តទៀត ។ គួរបញ្ជាក់ផងដែរថា កន្លងទៅ ធារិកា ក៏ធ្លាប់បានដើរជ្រកក្នុងផលិតតូចៗ និងចេញបទចម្រៀងជាច្រើនដែរ លក្ខណៈរាយរង និងឯកជន ប៉ុន្តែហាក់ មិនសូវក្តោបបានទីផ្សារខ្ពស់ទាល់តែសោះ ៕