Skip to content

ធនាគារជាតិ​៖ ផ្នែក​មីក្រូហិរញ្ញវត្ថុ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​

ធនាគារជាតិនៃកម្ពុជា​ (NBC​) បាន​រាយការណ៍​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ ដោយ​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា​ ប្រាក់កម្ចី​ និង​កំណើន​ប្រាក់បញ្ញើ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​មានកម្រិត​ខ្ពស់​ក្នុង​ឆមាស​ទី​ 1នៃ​ឆ្នាំនេះ​ ដែល​ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​។

របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ប្រាក់កម្ចី​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%នៅក្នុង​ឆមាស​ទី1​ កើនឡើង​ 27,7ពាន់​លាន​ដុល្លារ​។ តម្លៃ​នៃ​ប្រាក់កម្ចី​បាន​កើនឡើង​ដល់​ 21,5ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ធនាគារ​ និង​ 6,2ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​។

ឥណទាន​សរុប​របស់​ធនាគារ​មាន​ជាង​ 21ប៊ី​លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ទៅកាន់​វិស័យ​ សេដ្ឋកិច្ច​សំខាន់​ដូចជា​ការ​ជួញដូរ​រាយ​ 16​% ការ​ជួញដូរ​ដុំ11​%ការខ្ចី​ទិញ​លំនៅឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ ខ្លួន​ 10​% កសិកម្ម​ 9% សំណង់10​% តម្រូវការ​ផ្ទាល់ខ្លួន​ 8% ការ​-ជួញដូរ​អចលនទ្រព្យ​ 7% និង​កម្មន្ត​ សាល​កម្ម​ 5%។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប​មាន​ទឹកប្រាក់​ 6,2​ ប៊ី​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ក្រុម​គ្រួសារ​ 36​% វិស័យ​កសិកម្ម20​% វិស័យ​ពាណិជ្ជកម្ម18​% សេវា13​% និង​សំណង់​ 3%។

ឯកឧត្តម​ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពូ​ជា​បាន​មានប្រសាសន៍​ថា​ វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ និង​សកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​។ ការ​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​បន្ត​ពង្រីក​នៅក្នុង​ប្រទេស​ បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ និង​ជនបទ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​។

ឯកឧត្តម​មានប្រសាសន៍​ថា​៖“ ដោយសារ​កំណើន​នេះ​ បទប្បញ្ញត្តិ​នៃ​វិស័យ​នេះ​ចាំបាច់​ត្រូវ​ពង្រឹង​រួម​ជាមួយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ កត្តា​ម៉ាក្រូ​ និង​មីក្រូ​សេដ្ឋកិច្ច​ទាំងអស់​ត្រូវតែ​មាន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​”។

វិស័យ​ធនាគារ​បាន​ចូលរួម​ចំណែក​ និង​គាំទ្រ​ដល់​ការ​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​។ ឧទាហរណ៍​នេះ​គឺ​ជា​ក្របខ័ណ្ឌ​អាស៊ាន​ និង​អាស៊ាន​បូក3​ (ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​) ដែល​មាន​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ បានឱ្យ​ដឹង​ថា​ អេ​ស៊ី​លីដា​កំពុង​ផ្តោត​លើ​ការ​ជួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ឱ្យ​រីកចម្រើន​។

“ធនាគារ​អេ​ស៊ី​លីដា​បាន​ និង​កំពុង​រីកចម្រើន​ដោយសារ​សកម្មភាព​ផ្តល់​ប្រាក់កម្ចី​ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ យើង​មិន​ខ្វល់​អំពី​ប្រាក់កម្ចី​ធំ​ទេ​។ យើង​ចង់​ជួយ​អតិថិជន​សហគ្រាស​ធុន​តូច​ និង​មធ្យម​របស់​យើង​ឱ្យ​រីកចម្រើន​។ ឥឡូវនេះ​យើង​កំពុង​ផ្តល់​ប្រាក់កម្ចី​ប្រហែល​ 6ពាន់​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ហើយ​យើង​នឹង​បន្ត​ដើរ​លើ​ផ្លូវ​នេះ​”។

ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ប្រាក់បញ្ញើ​នៅ​អេ​ស៊ី​លីដា​ឈាន​ដល់​ជាង4​ ពាន់​លាន​ដុល្លារ​ ខណៈ​ប្រាក់កម្ចី​មាន​ចំនួន​លើស​ពី​ 3,5ពាន់​លាន​ដុល្លារ​។ ប្រាក់ចំណេញ​របស់​ធនាគារ​បន្ទាប់ពី​បង់ពន្ធ​ប្រហែល​60លាន​ដុល្លារ​។

លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​កត់សម្គាល់​ថា​ ការ​រីកចម្រើន​នេះ​គឺជា​លទ្ធផល​នៃ​ការ​សង្កត់ធ្ងន់​ថ្មី​របស់​ធនាគារ​ទៅលើ​ឌីជីថល​ និង​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​-អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬហិរញ្ញវត្ថុ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​កែ​លម្អ​សេវាកម្ម​។

លោក​បាន​មានប្រសាសន៍​ថា​៖“ធនាគារ​ ពិតជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ ដែល​អាច​ជួយ​ឱ្យ​មាន​កំណើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ កាលពី​ឆ្នាំមុន​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​កើនឡើង7.5​ % ហើយ​នៅ​ឆ្នាំនេះ​រដ្ឋាភិបាល​បាន​ព្យាករ​ថា​ នឹង​មាន​អត្រាកំណើន​ 7.1​% ដូច្នេះ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​”។

យោង​តាម​ធនាគារជាតិនៃកម្ពុជា​ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ត​រីកចម្រើន​ទាំង​ទំហំ​ និង​វិសាលភាព​ដោយ​បច្ចុប្បន្ន​វិស័យ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​រួមមាន​៖ធនាគារពាណិជ្ជ44​ ធនាគារ​ឯកទេស15​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ពីសា​ធារ​ណជន7​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ មិន​ទទួល​ប្រាក់បញ្ញើ74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន254​ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ15​ អ្នកដំណើរ​ការ​តតិយ​ភាគី4​ និង​គ្រឹះស្ថាន​សេវា​ទូទាត់16​។

ចំណែក​ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង19.2​% ឈាន​ដល់​ 180ទ្រី​លាន​រៀល​ ឬស្មើ​ 44.8ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​គាំទ្រ​ដោយ​កំណើន​ដើម​ ទុន20​% កំណើន​មូលនិធិ​កម្ចី17​% និង​កំណើន​ប្រាក់បញ្ញើ​អតិថិជន22​%។ បច្ចុប្បន្ន​មាន​ការិយាល័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​ 2,367​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​ម៉ាស៊ីន​អេ​ធី​អឹ​មចំនួន​ 2,228​ គ្រឿង​។

លោក​ ចូវ​ សោភ័ណ្ឌ នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​មានប្រសាសន៍​ថា​ គិត​ត្រឹម​ឆមាស​ទី1​ ដើមឆ្នាំ2019​ នេះ​ការ​ផ្តល់​ឥណទាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជា​រួម​ មាន​ទឹកប្រាក់​ជាង​ 6ពាន់​លាន​ដុល្លារ​អាមេរិក​ មាន​កំណើន​ប្រមាណ16​%។ អ្នកប្រើ​ប្រាស់​សេវា​ឥណទាន​មាន​ជាង​ 2,1​ លាន​នាក់​ហើយ​ប្រាក់បញ្ញើ​សន្សំ​ទទួល​ពីអ​តិថិ​ជន​មាន​ប្រមាណ​2,543លាន​ដុល្លារ​ មាន​កំណើន​ជាង​ 20​%, អ្នកប្រើ​ប្រាស់​សេវា​ប្រាក់បញ្ញើ​សន្សំ​មាន​ជាង​ 2,5លាន​នាក់​។

កាលពី​ឆ្នាំ2018​ ឆមាស​ទី1​ ដូចគ្នា​ការ​ផ្តល់​ឥណទាន​មាន​កំណើន​ប្រមាណ​ 12​% ហើយ​ប្រាក់បញ្ញើ​សន្សំ​មាន​កំណើន​ប្រមាណ​ 12.83​%។ ឥណទាន​មិន​ដំណើរការ​ជាមធ្យម​មាន​អត្រា​ប្រមាណ​ជា​ 1% មានន័យថា​ អតិថិជន​មានលទ្ធភាព​សង​ត្រឡប់​បាន​ល្អ​ និង​ទៀងទាត់​៕

Leave a Reply

Your email address will not be published. Required fields are marked *