នៅលើបណ្ដាញសង្គមហ្វេសប៊ុកព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ តារាម៉ូដែល BN បានប្រកាសពីសមាជិក ក៏ដូចជាតារាចំណូលថ្មីនៃគ្រួសារតារាកម្ពុជា ត្រូវបានគណកម្មការ Miss Global International ជ្រើសជាតំណាងកម្ពុជាជា ដើម្បីឱ្យនាងទៅប្រកួតបវរកញ្ញាឯកពិភពលោក Miss Global នៅខែកញ្ញា ខាងមុខ។ ហេតុផលនៃការជ្រើសយក គឺដោយសារយុវតីវ័យ២២ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា កម្ពស់ខ្ពស់ល្អ និងមានចំណេះដឹងផ្នែកភាសាបរទេសជ្រៅជ្រះ។ ម្យ៉ាងមកពីកញ្ញា គឺសិល្បការិនីពន្លកថ្មី ដែលទទួលបានការចាប់អារម្មណ៍ស្រាប់ក្នុងអាជីពបង្ហាញម៉ូដ និងសកម្មក្នុងកិច្ចការសង្គមនាពេលចុងក្រោយ ក្រោយពីសមាជិកគ្រួសារតារាកម្ពុជាផង។
លោក អឿន រតនៈ តំណាងគណកម្មការ Miss Global International បានអះអាងថាបន្ទាប់ពីបានដាក់សំណើរបេក្ខនារីខ្មែរជាច្រើនរូប ទៅកាន់គណកម្មការអន្តរជាតិ ដែលជាអ្នករៀបចំការប្រកួតនៅក្រៅប្រទេស កញ្ញា អៃ សុគន្ធពិដោរ ត្រូវបានឯកភាពជារួម ឲ្យតំណាងប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងប្រទេស Jamica ខែ៩ខាងមុខ។ លោកនឹងដឹកនាំបេក្ខនារីរូបនេះ ទៅកាន់ប្រទេសចាម៉ៃកា នៅថ្ងៃទី២៣ ខែ៩ ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែ៩ ជាមួយនឹងវត្តមានបេក្ខនារីមកពីជាច្រើនប្រទេស។
កញ្ញា អៃ សុគន្ធពិដោរ នាងត្រូវបានជ្រើសបន្ទាប់ពីបានបង្ហាញខ្លួនក្នុងការប្រកួតឈុតបុរាណនៅប្រាសាទសំបូរព្រៃគុក ហើយត្រូវបានណែនាំឱ្យស្គាល់តំណាងគណកម្មការ Miss Global International ដែលជាគណអធិបតីក្នុងការប្រកួតនោះ និងបន្ទាប់ពីនាងបានក្លាយជាសមាជិកគ្រួសារតារាកម្ពុជា។ នាងបានអះអាងថា រំភើបចិត្តយ៉ាងខ្លាំង ដែលត្រូវបានលោក អឿន រតនៈ និង គណកម្មការ Miss Global International ជ្រើសជាតំណាងប្រទេសកម្ពុជា បន្ទាប់ពីកញ្ញាបានជួបលោក អឿន រតនៈ នៅក្នុងការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា នៅសំបូរព្រៃគុក។ កញ្ញាថាខ្លួនមានកម្ពស់១ម៉ែត្រ៦៨ ជានិស្សិតផ្នែកគណនេយ្យឆ្នាំទី៣ ជាតារាម៉ូដែលប្រចាំក្រុមBN និងជាសមាជិកគ្រួសារតារាកម្ពុជា។ កញ្ញាបានត្រៀមរួចហើយក្នុងការយកឈុតអប្សរា-ស ទៅបង្អួតនៅព្រឹត្តិការណ៍នោះ ដោយកញ្ញាបញ្ជាក់ថា បើទោះក្ដីសង្ឃឹមក្នុងការដណ្ដើមមកុដនៅមិនទាន់មាន តែក៏បានបង្ហាញពីអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិនាឱកាសនោះ៕