ការអប់រំ ជាផ្នែកយ៉ាងសំខាន់ក្នុងការកំណត់ពីវាសនាអនាគតរបស់មនុស្សម្នាក់ៗ និងសង្គមទាំងមូល ព្រោះប្រសិនបើកុមារ និងយុវជននាពេលបច្ចុប្បន្នទទួលបានការអប់រំល្អ នោះប្រមាណជាង 10ឆ្នាំទៀត ពួកគេនឹងក្លាយជាអ្នកជំនាញលើគ្រប់វិស័យដែលអាចឆ្លុះបញ្ចាំងឱ្យឃើញថា នៅថ្ងៃក្រោយសង្គមនឹងសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល។
លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីជំរុញឱ្យការបណ្តុះបណ្តាលសិស្សានុសិស្សរបស់យើងឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល និងស្របជាមួយនឹងទីផ្សារការងារសម្រាប់អនាគត យើងបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ ដោយផ្តោតលើកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាជាគោល ហើយបន្ថែមនូវកម្មវិធីល្អៗជាច្រើនផ្សេងទៀតដើម្បីបំពេញបន្ថែម។ កម្មវិធីដែលយើងបានដាក់បញ្ចូលឱ្យសិស្សរបស់យើងសិក្សាបន្ថែម ភាគច្រើនជាកម្មវិធីដែលពិភពលោកកំពុងត្រូវការដូចកម្មវិធីវិទ្យាសាស្ត្រពីប្រទេសម៉ាឡេស៊ី និងកម្មវិធីអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) រួមទាំងប្រភពចំណេះដឹងជាច្រើនផ្សេងទៀតដែលកំពុងអនុវត្តក្នុងប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់។
លោក ប៉ិច ប៉ូឡែន បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ ពិភពលោកកំពុងត្រូវការជំនាញ STEM ហើយក៏កំពុងវិវឌ្ឍបន្ថែមទៀតទៅជា STEAM ព្រោះគេរកឃើញថា ក្រៅពីចំណេះជំនាញផ្នែករឹងហើយ មនុស្សក៏ត្រូវការការបណ្តុះបណ្តាលជំនាញផ្នែកទន់មួយទៀតដែរ ដើម្បីឱ្យពួកគេមានជំនាញផ្នែកនេះច្រើន ដែលនឹងធ្វើឱ្យពួកគេក្លាយជាមនុស្សពូកែទាំងខាងសមត្ថភាពការងារ និងការចេះដំណើរការក្នុងជីវិតប្រកបដោយសេចក្តីសុខ និងរីកចម្រើនទៅជាមួយគ្នា។ សម្រាប់ វេសឡាញ យើងបានបញ្ចូលរួចជាស្រេចនូវជំនាញទាំងអស់នេះ ដែលវាជាជំហានដ៏ល្អមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពសិស្ស”។
ស្ថាបនិកគ្រឹះស្ថានសិក្សាខាងលើបានបន្ថែមទៀតថា ដើម្បីបណ្តុះបណ្តាលសិស្សរបស់យើងនូវជំនាញផ្នែកទន់សំខាន់ៗ យើងបានផ្តល់ជូនពួកគេនូវកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ Money Tree ដែលធ្វើឱ្យសិស្សកាន់តែមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេមានភាពឆ្លាតវៃក្នុងការគ្រប់គ្រងលុយកាក់នាថ្ងៃអនាគត។ យើងក៏បានទិញសិទ្ធិកម្មវិធីទម្លាប់ល្អទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាព ដើម្បីឱ្យសិស្សរបស់យើងអាចរៀបចំផ្នត់គំនិតប្រកបដោយភាពទទួលខុសត្រូវខ្ពស់ មានភាពជាម្ចាស់ការ ចេះរៀបចំ ឬបែងចែកផែនការការងារអាទិភាព និងចេះសហការគ្នាជាក្រុមបានល្អជាដើម។ ការដាក់បញ្ចូលនូវកម្មវិធីទាំងអស់នេះ នឹងអាចជួយឱ្យពួកគេក្លាយជាធនធានដែលមានសមត្ថភាពខ្ពស់ និងកាន់តែមានសក្តានុពលសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារនៅថ្ងៃខាងមុខ។ បន្ថែមពីលើនេះ យើងក៏មើលឃើញផងដែរពីការប្រែប្រួលនៃពិភពលោកក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ហេតុនេះយើងបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាសម្រាប់ការអប់រំ ដោយបំពាក់នូវកុំព្យូទ័រទំនើបៗ រួមទាំងបច្ចេកវិទ្យា VR (Virtual Reality) និងបច្ចេកវិទ្យា AR (Argument Reality) ដើម្បីឱ្យសិស្សបានផ្សាំុខ្លួន និងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពិភពលោក។
ចំពោះបញ្ហាគុណភាពគ្រូបង្រៀន លោក ប៉ិច ប៉ូឡែន បានលើកឡើងថា វេសឡាញយកចិត្តទុកដាក់ខ្លាំងលើគ្រូបង្រៀន ព្រោះលោកយល់ឃើញថា គ្រូជាអ្នកផ្តល់ចំណេះដឹងដល់សិស្ស ហេតុនេះទន្ទឹមនឹងសិស្សខិតខំរៀនសូត្រហើយ គ្រូក៏ចាំបាច់ត្រូវធ្វើការអភិវឌ្ឍជាប្រចាំផងដែរ ដើម្បីធានាថា ការអប់រំអាចឆ្លើយតប និងប្រើប្រាស់បានល្អសម្រាប់អនាគតរបស់សិស្ស។ វេសឡាញ តែងតែរៀបចំនូវកម្មវិធីវេទិកាគ្រូបង្រៀនជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ទទួលបានគំនិតថ្មីៗបន្ថែមពីអ្នកជំនាញ និងធ្វើការផ្លាស់ប្តូរមតិគ្នា ក្នុងគោលបំណងពង្រឹងចំណេះដឹងថ្មីៗសម្រាប់ចែករំលែកទៅកាន់សិស្សឱ្យកាន់តែខ្លាំងឡើង។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕