កាលពីថ្ងៃទី9 ខែសីហា លោក Willander Fonseca បានចុះកុងត្រាធ្វើជាគ្រូផ្នែកកាយសម្បទា ជាមួយសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា សម្រាប់ត្រៀមដឹកនាំក្រុម U-22 របស់មីយ៉ាន់ម៉ាក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី30 នាខែវិច្ឆិកា ចុងឆ្នាំនេះ នៅប្រទេសហ្វីលីពីន។
លោក Willander Fonseca គឺជាគ្រូផ្នែកកាយសម្បទាម្នាក់ដែលមានបទពិសោធខ្ពស់នៅតំបន់អាស៊ាន ដោយធ្លាប់បានដឹកនាំក្លិប និងក្រុមជម្រើសជាតិជាច្រើនក្នុងតំបន់នេះ ដែលមានដូចជា ឡាវ ថៃ កម្ពុជា វៀតណាម និង ចុងក្រោយគឺមីយ៉ាន់ម៉ានេះឯង។
គ្រូបង្វឹករូបនេះបានចំណាយពេលជាង 10ឆ្នាំជាមួយនឹងអាជីពនេះ ដោយក្នុងនោះក្លិបល្បីៗជាច្រើនដែលធ្លាប់បានឆ្លងកាត់ការបង្វឹករបស់លោក មានដូចជា Burriram (ថៃ) Lanxiang United (ឡាវ) ក្រុមជម្រើសជាតិកម្ពុជា ក្រុមជម្រើសជាតិវៀតណាម និងចុងក្រោយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៕