តារាប្រដាល់ដ៏ល្បីល្បាញរបស់ហ្វីលីពីន Manny Pacquiao បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីហើយ នៅមុនពេលការប្រកួតដណ្តើមខ្សែក្រវាត់របស់គេជាមួយនឹងកីឡាករ Jeff Horn និងបានប្រកាសថា៖ «ខ្ញុំនឹងវិលត្រឡប់ទៅផ្ទះវិញក្នុងនាមជាម្ចាស់ខ្សែក្រវាត់ពិភពលោកដដែល»។
កីឡាករដែលមានរហស្សនាមថា Pac Man រូបនេះ បានធ្វើដំណើរពីទីក្រុងម៉ានីលទៅដល់ទីក្រុង Brisbane កាលពីល្ងាចថ្ងៃសៅរ៍ ក្រោមការទទួលស្វាគមន៍ពីសំណាក់អ្នកគាំទ្រដ៏ច្រើនកុះករ ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់66.7គីឡូក្រាមនៅឯសង្វៀន Suncorp Stadium នៅចុងសប្តាហ៍ក្រោយនេះ។ Pacquiao បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានថា៖ «ក្នុងចំណោមការប្រកួតប្រដាល់រយៈពេលជាច្រើនឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ទទួលបានការលើកទឹកចិត្តដ៏ខ្ពស់សម្រាប់ការប្រកួតដូចលើកនេះឡើយ»។
Pacquiao ដែលមានកំណត់ត្រាឈ្នះ59លើក ចាញ់6លើក ស្មើ2លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់38លើក ត្រូវបានគេរំពឹងទុកថា ជាកីឡាករមានក្តីសង្ឃឹមច្រើនក្នុងការយកឈ្នះលើ Horn ដែលមានកំណត់ត្រាឈ្នះ11លើក មិនដែលចាញ់ និងស្មើ1លើក៕
ប្រភពពី៖ Sport24