នៅពេលថ្មីៗនេះ លោកគ្រូអភិរក្សល្ខោនបាសាក់ អ៊ុល សំអាង បានបដឹកនាំក្រុមសម្ដែង និងបង្ហាញវត្តមាននៅក្នុងវិធីចម្រៀងគ្រួសារខ្មែរ លោកត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីសរសើរហើយសរសើរទៀត ខណៈដែលលោកថ្លែងពីក្ដីរំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់យកចិត្តទុកដាក់ចំពោះខ្លួនដែលជាសិល្បករល្ខោនបាសាក់។
គ្រូល្ខោនបាសាក់ដែលទើបតែទទួលតំណែងឯកឧត្តមមួយនេះ បានថ្លែងក្ដីរំភើបថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ព្រោះតែលោកគឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក់ លោកថាខ្លួនកាន់តែមានកម្លាំងចិត្តដែលត្រូវបានក្រសួងព័ត៌មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។
គួរបញ្ជាក់ថា លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូបដែលបានបម្រើវិស័យសិល្បៈបុរាណនេះប្រមាណជា២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យវាតយកអស់ការគាំទ្រ។ លោកទើបតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើឯកឧត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណាម្នាក់មានសំណាងដូច។ លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៏នឹងមានកម្លាំងចិត្តតស៊ូផងដែរជាមួយនឹងសិល្បៈបុរាណមួយនេះ៕