ថ្មីៗនេះ អ្នកច្នៃម៉ូដ និងផាត់មុខធ្វើសក់ឲ្យតារាល្បីៗ រំដួលលិចទឹក បានរំលឹកលើកយកកន្ទេលស្លឹករំចេក មកច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត សម្រាប់បង្ហាញក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”។
យោងតាមប្រភពទំព័រហ្វេសប៊ុកផ្លូវការរបស់ រំដួលលិចទឹក បានឲ្យដឹងថា «កន្ទេលស្លឹករំចេក ច្នៃបែបប្រពៃណីខ្មែរ សំពត់បទ អាវក៏ជ្រុង ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃពីកន្ទេលស្លឹករំចេកក្នុងកម្មវិធី “អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង” ដែលឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និង រំដួលលិចទឹក -ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលិចទឹក និង បង សេម -ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលិចទឹក ច្នៃដោយរំដួលលិចទឹក»។
សូមជម្រាបដែរថា កន្លងទៅរំដួលលិចទឹកឈ្នះពានរង្វាន់បាន២ក្នុងថ្ងៃតែមួយក្នុងការរចនាឈុតកែឆ្នៃពីកន្ទេលស្លឹករំចេក ជាឈុតអប្សរា ដែលបានដាក់ចូលរួមប្រកួតឈុតបុរាណនាឆ្នាំ ២០១៨ ។ កន្ទេលស្លឹករំចេក គឺជាកន្ទេលតម្បាញបុរាណខ្មែរមួយដែលមានអាយុកាលយូរលង់ណាស់មកហើយ ដោយសព្វថ្ងៃយើងហាក់រកឃើញស្ទើរតែគ្មានលក់ក្នុងទីផ្សារ ព្រោះតែសង្គមបច្ចុប្បន្នសឹងតែលុបបំបាត់ចោលការប្រើប្រាស់កន្ទេលស្លឹករំចេកមួយនេះ៕