តាមរយៈវីដេអូ Live នៅរសៀលថ្ងៃទី12 ខែសីហា ឆ្នាំ២០១៩នេះ តារាចម្រៀងល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា បានអះអាងថាអ្នកនាងចង់បានកូនភ្លោះ និងមិនប្រកាន់ភេទសម្រាប់កូនដំបូងនោះទេ ដោយអ្នកនាងបង្ហើបថា ស្រលាញ់ទាំងអស់ក្នុងពេលមិនទាន់អាចដឹងពីភេទនៅពេលនេះ។ យ៉ាងណាមិញអ្នកនាងបានថ្លែងបញ្ជាក់ថា ខ្លួនចង់ឱ្យទារកក្នុងផ្ទៃជាកូនប្រុសច្រើនជាង បើទោះជាអ្នកនាងប្រាប់ថាស្រលាញ់ខ្លាំងមិនថាជាកូនប្រុស ឬ កូនស្រី។
យ៉ាងណាមិញ មកទល់នឹងពេលនេះ នាងក៏ទទួលបាននូវសេចក្តីសុខយ៉ាងពេញលេញ ក្រោយបានរៀបការ និងកំពុងតែពរពោះកូនក្នុងផ្ទៃដែលមិនទាន់ដឹងថាប្រុសស្រី ក្លាយជាម្តាយគេនៅក្នុងពេលឆាប់ៗនេះ។ អ្នកនាងមិនបានបញ្ជាក់ថាអ្នកនាងមានផ្ទៃពោះប៉ុន្មានសប្ដាហ៍ឱ្យច្បាស់នោះទេ ប៉ុន្តែយោងតាមប្រភពជិតស្និទ្ធិគឺអ្នកនាងមានផ្ទៃពោះជាង3ខែទៅហើយ ខណៈដែលអ្នកនាងទើបតែរៀបការបានតែជិត3ខែ។
ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានបន្ថែមថា តាមចិត្តនាងចង់បានកូនប្រុសច្រើនជាងកូនស្រី ព្រោះកូនប្រុសអាចធ្វើជាបុគ្គលរឹងមាំចំពោះគ្រួសារ ក៏ដូចជាមើលថែប្អូនៗ ម្យ៉ាងវិញទៀតនាងធ្លាប់ជាកូនស្រីច្បង ដែលពិតជាពិបាកខ្លាំង ព្រោះបានឆ្លងកាត់នូវការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ មើលថែប្អូនៗសព្វបែបយ៉ាងរហូតមកដល់ពេលនេះ។ តែទោះជាយ៉ាងណាក្តី ពេលដឹងលទ្ធផលកូនប្រុសឬស្រី នាងនៅតែទទួលយក ជាមួយនឹងការពេញចិត្ត ទាំងប្រុសស្រី គឺស្រលាញ់គ្រប់ៗគ្នា ហើយពេលនេះនាងក៏កំពុងតែទទួលបាននូវសេចក្តីសុខពោរពេញដោយស្នាមញញឹមផងដែរ៕