បន្ទាប់ពីបានសិក្សាឈ្វេងយល់ពីចិត្តគ្នាច្បាស់លាស់ហើយ ពេលនេះតារាកំប្លែងភេទទី៣ កញ្ញា ផេនខេក បានសម្រេចចិត្តប្រកាសរៀបការជាមួយគូស្នេហ៍របស់នាងហើយ ជាបុរសសង្ហាឈ្មោះ ឆ័យ ដែលនាងក៏ធ្លាប់បានទម្លាយរូបភាពចំណងស្នេហ៍របស់ខ្លួនជាមួយបុរសរូបនេះឱ្យមហាជនបានដឹងរួចមកហើយដែរនាពេលកន្លងទៅ។
ព្រមជាមួយគ្នានេះ ផេនខេក ក៏បានបង្ហាញរូបភាពនាង ជាមួយគូស្នេហ៍ក្នុងសម្លៀកបំពាក់ជាច្រើនឈុតនៅលើគណនីហ្វេសប៊ុកដែរ ជាហេតុធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងបំផុត អំពីការប្រកាសជាសាធារណៈពីចំណងស្នេហាដ៏ផ្អែមល្ហែមរបស់នាងនៅពេលនេះ។ មិនត្រឹមតែប៉ុណ្ណោះ តារាកំប្លែងសាច់ទ្រលុកទ្រលន់រូបនេះបានសរសេរពាក្យខ្លីៗ តែមានន័យមួយឃ្លាថា «អូនដេញបងមិនទៅ អូនមិននៅបងតាមរក... ទីបំផុតពួកយើងក៏មានថ្ងៃនេះ» ក្រោយពីបានឃើញទាំងរូបភាព និងពាក្យពេចន៍នេះបង្ហោះជាសាធារៈភ្លាម មិត្តភក្ដិ ហ្វេនៗ និងមហាជននៅលើបណ្ដាញសង្គមបានចូលរួមអបអរសាទរ ដល់ពួកគេទាំងពីរនាក់ថែមទៀតផង។
តារាសម្ដែងស្រីទើបតែបានកែភេទហើយថ្មីៗនេះ បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ខ្លូនបានក្លាយជាស្រីពេញរូបរាងហើយ និងគ្រោងរៀបការជាមួយគូស្នេហ៍ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច ជាការពេញពីមេបាទាំងសងខាង។ សូមជម្រាបផងដែរថា បុរសសង្ហាឈ្មោះ ឆ័យ ជាគូស្នេហ៍របស់តារាស្រីរូបនេះ សព្វមានជំនួញនៅក្នុងដៃមិនអន់ប៉ុន្មានទេ ហើយបានសម្រេចចិត្តរៀបការជាមួយ ផេនខេក ដោយក្ដីស្រឡាញ់ចេញពីចិត្តតែម្ដង៕