ប្រព័ន្ធ HarmonyOS ដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន នឹងត្រូវបំពាក់ទៅលើទូរទស្សន៍ឆ្លាតវៃ 2ម៉ូដែលមាន Honor Vision និង Honor Vision Pro ដែលផលិតផលទាំង 2នេះ គឺជាឧបករណ៍ដំបូងបង្អស់របស់ Huawei ដែលនឹងសម្ពោធប្រើប្រាស់ OS ថ្មី។ ក្នុងនោះដែរ Huawei ក៏បានដាក់លក់ឧបករណ៍ប្រើ HarmonyOS មុនគេបង្អស់នៅតម្លៃ 540ដុល្លារ។
តាមសារព័ត៌មាន Gadgets360 បានឱ្យដឹងថា ក្រុមហ៊ុនយក្សប្រទេសចិន នឹងចាប់ផ្ដើមដាក់លក់ទូរទស្សន៍ឆ្លាតវៃទាំង2 នៅក្នុងទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី15 សីហា តទៅ ដោយទូរទស្សន៍ Honor Vision ថ្លៃ 540ដុល្លារ និង Honor Vision Pro ថ្លៃ 680ដុល្លារ។ ជាទូរទស្សន៍មានបំពាក់អេក្រង់ធំទំហំ 55អ៊ីញ ផ្តល់ជូនកម្រិតបង្ហាញដល់ទៅ 4K ប្រើអង្គគណនា Honghu 818 8-core ជាមួយនឹង GPU ប្រភេទ Mali-G51។
OS ថ្មីនេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍតាំងពីឆ្នាំ2017 មកម្ល៉េះ សព្វថ្ងៃមិនទាន់ប្រកាសជាផ្លូវការលើការបំពាក់ក្នុងស្មាតហ្វូនជំនាន់ណាមួយនៅឡើយ ពោលគឺរង់ចាំអ៊ុតមើលស្ថានការណ៍រវាងក្រុមហ៊ុន Google របស់អាមេរិកបន្តិចសិន៕