កាលពីថ្ងៃទី៩ សីហា កន្លងទៅ ក្រុមសប្បុរសធម៌ FTV និងសិល្បករជាច្រើន បានចុះចែកអំណោយ និងសំណេះសំណាលជាមួយកុមារៗ និងលោកគ្រូអ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ នៅក្នុងសកម្មភាពសប្បុរសធម៌នោះ ក៏មានការចែករំលែកបទពិសោធន៍ជីវិត និងផ្ដល់កម្លាំងចិត្តពីសំណាក់សិល្បករមួយចំនួនបន្ថែមពីលើការច្រៀងរាំ និងប្រគល់អំណោយជូនផងដែរ។
លោក ឃិន ចិន្តា ហៅរ៉េម ប្រធានក្រុមសប្បុរសធម៌ បានអះអាងជំនួយសប្បុរសធម៌ដែលបានប្រគល់ជូន រួមមាន អង្ករ ថវិកា និង សម្ភារៈសិក្សាមួយចំនួន គឺជាទឹកចិត្តរបស់អគ្គនាយក FTV Entertainment និង ក្រុមការងារ ដែលជាសិស្សទទួលការបណ្ដុះបណ្ដាលជំនាញសិល្បះពីតារាជើងចាស់ អ្នកនាង ស្វែង សុជាតា។ លោកថា មណ្ឌលកុមារកំព្រាព្រៃជុំ មានកុមារកំព្រាសរុបចំនួន៤៥នាក់ និងមាន លោកគ្រូ អ្នកគ្រូចំនួន៩នាក់ កំពុងត្រូវការ ការចូលរួមឧបត្ថម្ភ គាំពារ។ លោកក៏បានប្រកាសជំហរថា នឹងបន្តជួយ និងគៀគរក្រុមសប្បុរសធម៌ជួយដល់មណ្ឌលមួយនេះនៅជំហានក្រោយៗទៀត ដើម្បីចែករំលែកក្ដីស្រលាញ់។ ជាមួយគ្នានោះលោកក៏ប្រកាសឱ្យដឹងថា ដើម្បីរួមចំណែកជួយដល់សង្គម ក្រុមការងារសប្បុរសធម៌របស់លោក ក៏នឹងបន្តពង្រីកសកម្មភាពសប្បុរសធម៌របស់ខ្លួនអោយកាន់តែទូលំទូលាយ ដើម្បីបានជួយដល់កុមារកំព្រា និងទីតាំងខ្វះខាតផ្សេងៗទៀត ជាប្រយោជន៍ដល់សង្គមផងដែរ។ នៅក្នុងពិធីនោះ ក្រុមសប្បុរសធម៌របស់ FTV Entertainment ក៏បានគៀគរសមាជិកសមាជិការបស់គ្រួសារតារាកម្ពុជា ឱ្យចូលរួមបរិច្ចាគជំនួយជាកាតាប អង្ករ សៀវភៅ ប៊ិច នំចំណី ទឹកដោះគោ ភេសជ្ជៈ និង ថវិកាជូនដល់លោកគ្រូអ្នកគ្រូ និងកុមារៗ បន្ថែមពីលើជំនួយរបស់ក្រុម FTV Enterteainment ផងដែរ។
សូមបញ្ជាក់ថា FTV Entertainment ត្រូវបានបង្កើតឡើងដោយមានជំនួយពីសមាគមអប់រំនៅបរទេស។ FTV Entertainment បានបម្រើអារម្មណ៍ប្រជាជនកម្ពុជាលើផ្នែកសិល្បៈកម្សាន្ត និង ការអប់រំដ៏សម្បូរបែបដោយបានធ្វើការរៀបចំផលិតវីដេអូកម្សាន្តល្អៗជាច្រើន។
សូមទស្សនាទិដ្ឋភាពនៃសកម្មភាពសប្បុរសធម៍ខាងក្រោម៖