មនុស្សភាគច្រើនយល់ថាអាការកណ្ដាស់ តឹងច្រមុះ និងដកដង្ហើមខ្លីៗ ជាអាការនៃជំងឺផ្ដាសាយធម្មតា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពនៃរោគសញ្ញា ឬអាការទាំងនេះ គឺអាចជាការអាឡែកស៊ី ឬប្រតិកម្មចាញ់អ្វីម្យ៉ាង។ មនុស្សយើងមានសរសៃឈាមតូចឆ្មារជាច្រើននៅក្នុងច្រមុះ ហើយនៅពេលដែលប៉ះពាល់ទៅនឹងខ្យល់ធូលី ក៏កើតការប៉ះលើសរសៃឈាមតូចឆ្មារនៅក្នុងស្បែកស្ដើងនៃច្រមុះ ដែលបណ្ដាលឱ្យពិបាកក្នុងការដកដង្ហើម និងតឹងច្រមុះ។ តើកត្តារោគរលាកអ្វីខ្លះដែលធ្វើឱ្យអ្នក ក្អក កណ្ដាស់ញឹកញាប់? វាមានហានិភ័យដល់រាងកាយ និងសុខភាពឬទេ? តោះមកពិចារណាចំណុចខាងក្រោមនេះដូចតទៅ៖
1.រោគប្រតិកម្មចាញ់អាកាសធាតុ
ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងមិនមានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាពរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថា អាចនឹងកើតរោគប្រតិកម្មចាញ់អាកាសធាតុ ឬជំងឺច្រមុះបានដែរ ព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសររបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់។
2. អាការរលាកច្រមុះ
ពេលខ្លះមិនប្រាកដថា ក្អកស្ងួត ហៀរសំបោរ កណ្ដាស់ ឈឺក្បាល សុទ្ធតែជាជំងឺផ្ដាសាយទេ។ វាអាចជាអាការរបស់អាការរលាកច្រមុះ ដែលអ្នកកំពុងប្រឈម និងនឹកស្មានមិនដល់។ វាកើតឡើងនៅពេលប្រហោងច្រមុះហើម និងរលាក ដោយសារការឆ្លងវីរ៉ុស។ ហើយវាបង្កឱ្យធ្ងន់ធ្ងរ ឬស្រាល រយៈពេលយូរ និងខ្លី តាមប្រភេទមេរោគ ហើយវាកើតឡើងយូរបំផុតគឺរយៈពេល 6 ទៅ 8សប្ដាហ៍។ ប្រសិនបើមិនព្យាបាលទេ វាអាចធ្វើឱ្យខូចប្រហោងច្រមុះ ឆ្លងដល់ត្រចៀក និងភ្នែក ឬអាចឈានដល់ជំងឺរលាកស្រោមខួរក៏ថាបានដែរ។ យ៉ាងណាមិញជាទូទៅការព្យាបាលត្រូវបានពន្យារពេលដោយសារតែមិនដឹងអំពីអាការរបស់វា និងស្មានថាវាគឺជាជំងឺផ្ដាសាយ។អ្នកអាចធ្វើកំណត់សម្គាល់រោគសញ្ញានៃការឆ្លងមេរោគក្នុងច្រមុះ ហើយដឹងថាវាមិនមែនជាជំងឺផ្ដាសាយដូចជា៖
. ឈឺចាប់នៅលើផ្ទៃមុខ ឬមានសម្ពាធនៅលើផ្ទៃមុខ
. ហៀរសំបោរពណ៌ខៀវ ឬពណ៌លឿង
. ក្អកមានស្លេស
. តឹងច្រមុះយូរ
. ឈឺក្បាល
. ដកដង្ហើមមកមានក្លិនអាក្រក់
. ឈឺធ្មេញ ដោយសារសម្ពាធប្រហោងឆ្អឹងច្រមុះ
. និងហឹងត្រចៀក… ជាដើម។
3. ជំងឺរលាកសួត
មនុស្សមួយចំនួនងាយនឹងមានហានិភ័យជាមួយនឹងជំងឺរលាកសួត ជាពិសេសចំពោះកុមារដែលមិនទាន់មានការលូតលាស់នូវប្រព័ន្ធភាពស៊ាំរាងកាយ និងចំពោះអ្នកដែលមានអាយុលើសពី65ឆ្នាំ ដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ។ លើសពីនេះទៅទៀត ជំងឺរលាកសួតវាមានហានិភ័យទៅលើអ្នកជក់បារី អ្នកដែលមានជំងឺហឺត និងអ្នកជំងឺសរសៃឈាមបេះដូង ឬជំងឺមហារីកក៏ងាយនឹងមានហានិភ័យផងដែរ។ មួយវិញទៀត ជំងឺនេះអាចឆ្លងតាមរយៈការក្អក កណ្តាស់ និងការចែកអាហារបរិភោគជាមួយគ្នាជាដើម។ ម្យ៉ាងទៀតចំពោះបុគ្គលដែលរស់នៅជិតស្និទ្ធជាមួយគ្នា ឬរស់នៅផ្ទះតែមួយ សិស្ស និស្សិត ឬបងប្អូនបង្កើតជាដើម ក៏ងាយនឹងឆ្លងដែរ។ រោគសញ្ញាទូទៅនៃជំងឺរលាកសួតមានដូជា ៖
– ក្អក (ក្អកមានស្លេស ក្អកគ្មានស្លេស ឬមានសំបោរពណ៌លឿង)
– កណ្ដាស់ញឹកញាប់ហើយអស់កម្លាំង
– ហើយថែមទាំងគ្រុនក្តៅញ័រញាក់
– ចង្អោររកកលចង់ក្អួត ឬក្អួតតែម្តង
– ចង្វាក់បេះដូងដើរលឿន
– មិនស្រួលក្នុងខ្លួនបែកញើស
– មានដង្ហើមខ្លី
– មានការឈឺចាប់នៅដើមទ្រូង និងមានដង្ហើមដង្ហក់ ឬដង្ហើមជ្រៅ ហើយក្អកទៀតផង
– ពិបាកដកដង្ហើម ហើយមានសូរសំឡេងក្រេតក្រតៗផងដែរ៕