មួយរយៈចុងក្រោយនេះ គេបានដឹងថា លោកគ្រូ អ៊ុល សំអាង គឺជាអភិរក្សល្ខោនបាសាក់ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយថ្មីនេះលោកបានទទួលតំណែងថ្មីមួយទៀតហើយ។
ក្នុងចំណោមទីប្រឹក្សាក្រសួងព័ត៍មាន១០៦រូបដែលទើបតែងតាំងថ្មី លោក អ៊ុល សំអាង ដែលត្រូវគេស្គាល់ថាជាតួឯកល្ខោន និងជាថៅកែវង់ល្ខោនបាសាក់ អ៊ុល សំអាង រាជធានីភ្នំពេញ ក៍មានឈ្មោះនៅក្នុងបញ្ជីនោះផងដែរ។ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជាទីប្រឹក្សាក្រសួងព័ត៍មាន មានឋានៈស្មើនឹងអគ្គនាយក ដែលមានគោរមងារជាឯកឧត្តម។
ព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ដែលបានត្រាស់បង្គាប់ដោយព្រះមហាក្សត្រមួយនេះ បានសម្រេចទទួលស្គាល់លោក អ៊ុល សំអាង ជាអ្នកសិល្បៈផ្នែកល្ខោនបាសាក់ ឲ្យក្លាយជាទីប្រឹក្សាផ្លូវការ ខណៈដែលតួនាទីជាឯកឩត្តមរបស់លោក ក៏ជាតំណែងមិនធ្លាប់មានសម្រាប់អ្នកជំនាញផ្នែកល្ខោនបាសាក់បែបនេះផងដែរ។ តួនាទីរបស់លោកត្រូវគេមើលឃើញថាជាការលើកទឹកចិត្តចំពោះអ្នកសិល្បៈល្ខោនបាសាក់ដែលត្រូវបានគេមើលរំលង និងជាការជំរុញឲ្យសិល្បៈមួយនេះមានសំឡេងឡើងវិញក្នុងកិច្ចការធំៗរបស់ក្រសួងព័ត៍មាន។
លោក អ៊ុល សំអាង បានថ្លែងបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលលោកត្រូវបានព្រះមហាក្សត្រសម្រេចតែងតាំងជាទីប្រឹក្សាក្រសួងព័ត៍មាន ដើម្បីឲ្យលោកបានរួមចំណែកក្នុហកិច្ចការសង្គម និងជួយដល់កិច្ចការរបស់ក្រសួងព័ត៍មាន។ លោកថាខ្លួនបានបម្រើវិស័យសិល្បៈក្នុងជំនាញល្ខោនបាសាក់ និងចម្រៀងជាយូរមកហើយ ប៉ុន្តែមិនបានដឹងថាខ្លួនមានកិត្តិយសដូចអ្វីដែលមហាជនទើបបានដឹងឮនោះឡើយ។ ជាមួយនឹងតំណែងជាឯកឩត្តមនេះ លោកថាសប្បាយចិត្ត ហើយក៏កាន់តែមានកម្លាំងចិត្តផងដែរ បើទោះជាពេលកន្លងមកអាជីពល្ខោនបាសាក់ និងការតស៊ូបើកវង់ល្ខោន អ៊ុល សំអាង ធ្វើឲ្យលោករារែកម្ដងៗ ព្រោះតែការគាំទ្រធ្លាក់ចុះក្ដី។ លោកប្រកាសថាខ្លួននឹងបន្តបំផុសឲ្យមានការយកចិត្តទុកដាក់លើល្ខោនបាសាក់ឡើងវិញ ដើម្បីអភិរក្សសិល្បៈរបស់ខ្មែរមួយនេះ កុំឲ្យបាត់បង់៕