មនុស្សយើងម្នាក់ៗ ចេះស្ងាបតាំងពីមិនទាន់កើត ចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យ ធ្វើជាជីដូន ជីតា ទួតគេ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាអ្នកទាំងអស់ នោះចាំបាច់ស្ងាប? គ្មានអ្នកណាដឹងច្បាស់អំពីមូលហេតុរបស់វាឡើយ ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឹស្តីជាច្រើនដែលនិយាយអំពីមូលហេតុដែលធ្វើឲ្យមនុស្សត្រូវស្ងាប។
មូលហេតុទីមួយនោះគឺនៅពេលដែលយើងមានភាពនឿយហត់ និងមានអារម្មណ៍ធុញថប់ពីព្រោះនៅពេលដែលយើងមានអារម្មណ៍បែបនេះ យើងមិនអាចដកដង្ហើមបានវែងដូចជាពេលធម្មតានោះទេ។
យោងទៅតាមទ្រឹស្តីមួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើងស្រូបយកអុកស៊ីសែនបានតិចពីព្រោះការដកដង្ហើមរបស់យើងមានការថយចុះ។ដូច្នេះការស្ងាបអាចជួយឲ្យយើងស្រូបយកអុកស៊ីសែនចូលទៅក្នុងឈាម និងបញ្ជូនឧស្ម័នកាបូនិចចេញពីក្នុងឈាម។មួយវិញទៀតការស្ងាបអាចជួយឲ្យយើងគ្រប់គ្រងកម្រិតអុកស៊ីសែន និងឧស្ម័នការបូនិចនៅក្នុងសារពាង្គកាយរបស់យើង។
ការអះអាងមួយនេះស្តាប់ទៅពិតជាល្អខ្លាំងណាស់ដោយឡែកការសិក្សាដទៃទៀតបានបង្ហាញថាការស្រូបយកឧស្ម័នអុកស៊ីសែនច្រើនមិនអាចកាត់បន្ថយការស្ងាបបាននោះទេ។ ដូចគ្នានេះដែរការទទួលយកនូវឧស្ម័នកាបូនិចច្រើនក៏មិនមែនធ្វើឲ្យយើងស្ងាបច្រើនដែរ។
អ្នកផ្សេងទៀតជឿជាក់ថាការស្ងាបអាចជួយឲ្យសួតរបស់យើងមានដំណើរការបានល្អព្រមទាំងមានសុខភាពល្អ។ទោះជាយ៉ាងណាក្តីក៏នៅមានទ្រឺស្តីមួយទៀតដែលនិយាយអំពី រឿងនេះដោយពូកគេបានលើកឡើងថាស្ងាបគឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ។
ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់អ្នកដទៃដែលនៅក្នុងថ្នាក់នោះក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ។ ជាពិសេសទៀតនោះសូម្បីតែអ្នកគិតអំពីរឿងស្ងាបក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ៕