បច្ចុប្បន្ននេះ នៅក្នុងចង្វាក់ផលិតកម្មសំខាន់ៗបានចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ឬrobot ជំនួសមនុស្សហើយ ព្រោះវាមានភាពងាយស្រួល ចំណាយតិច មិនបារម្ភពីគ្រោះថ្នាក់ មិនចេះរអ៊ូរទាំ និងធ្វើការងារបានពេញ 24ម៉ោង រាល់ថ្ងៃដោយគ្មានការសម្រាក។ បន្ថែមពីលើនេះដោយសារតែវត្តមាននៃបញ្ញាសិប្បនិម្មិត ឬAI បានធ្វើឱ្យគ្រឿងយន្តកាន់តែមានភាពឆ្លាតវៃ ហើយមានសមត្ថភាពអាចធ្វើការងារជាច្រើនផ្សេងទៀតក្រៅពីការងារប្រើប្រាស់កម្លាំងសុទ្ធសាធនៅក្នុងពិភពលោក។
យោងតាមការសិក្សាថ្មីៗនេះដោយអ្នកសេដ្ឋកិច្ចបានលើកឡើងថា នៅឆ្នាំ2030 គ្រឿងយន្តនឹងទាញយកការងារក្នុងចង្វាក់ផលិតកម្មប្រមាណជាង 20លានការងារ។ តាមការសិក្សាថ្មីៗនេះពីផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Oxford បានឱ្យដឹងថា នៅរយៈពេល 11ឆ្នាំទៀត គ្រាន់តែនៅប្រទេសចិនតែមួយ អាចនឹងប្រើប្រាស់ចំនួនរ៉ូបូតដល់ទៅជាង14លានគ្រឿង ដើម្បីធ្វើការងារក្នុងចង្វាក់ផលិតកម្មនានា។ ក្រុមអ្នកស្រាវជ្រាវសេដ្ឋកិច្ចទាំងអស់នោះបានបង្ហាញពីចរន្តនៃថ្ងៃអនាគតផងដែរថា ការធ្វើស្វ័យប្រវត្តិកម្មការងារលើពិភពលោកនឹងកើនឡើង 3ដង ហើយនឹងបន្តកើនឡើងបន្តបន្ទាប់ទៀតដែលវាអាចនឹងប៉ះពាល់ដល់ការងាររបស់មនុស្ស។
ជាលទ្ធផលនៃការធ្វើស្វ័យប្រវត្តិកម្មនេះ ត្រូវបានគេរំពឹងទុកថា វានឹងធ្វើឱ្យសក្តានុពលសេដ្ឋកិច្ចនឹងកើនឡើងខ្លាំង ព្រោះប្រសិទ្ធភាពនៃការផលិតកើនឡើង តែទន្ទឹមនឹងនេះ ប្រទេសក្រីក្រដែលមានប្រជាជនមានចំណេះដឹងទាបអាចនឹងប៉ះពាល់។ កម្មករជំនាញតិចនឹងអស់ការងារ ហើយជំនួសមកវិញនូវម៉ាស៊ីនស្វ័យប្រវត្តិដែលទាមទារឱ្យមនុស្សត្រូវបោះបង់ការងារនោះព្រោះអ្នកវិនិយោគនឹងចាំបាច់ត្រូវតែប្រើប្រាស់ម៉ាសុីនដើម្បីអាចប្រកួតប្រជែងជាមួយចង្វាក់ផលិតកម្មដទៃបានលើពិភពលោក។ ការងារដែលធ្វើដដែលៗនឹងត្រូវបាត់បង់ ព្រោះការងារទាំងអស់នោះត្រូវបានគេចម្លងទៅជាប្រព័ន្ធមួយដែលម៉ាស៊ីនអាចធ្វើបានដូចគ្នា។
ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងក្តីព្រួយបារម្ភសម្រាប់ការផ្លាស់ប្តូរដ៏ធំដែលអាចនឹងកើតមានឡើងក្នុងសេដ្ឋកិច្ចពិភពលោកនេះ អ្នកជំនាញសំខាន់ៗក៏បានបញ្ជាក់ផងដែរថា ស្របពេលដែលអាជីពចាស់ៗត្រូវបាត់បង់អាជីពថ្មីៗក៏នឹងកើតឡើងដែរ។ អ្វីដែលរដ្ឋាភិបាល និងប្រជាជនត្រូវធ្វើ គឺផ្លាស់ប្តូរការអប់រំ បច្ចេកវិទ្យា និងអភិវឌ្ឍន៍សមត្ថភាពឱ្យស្របទៅនឹងរបត់ទីផ្សារជំនាន់ថ្មី។ទន្ទឹមនឹងរបត់បដិវត្តន៍ឧស្សាហកម្មទី4 ត្រូវបានគេអនុវត្ត ពិភពលោកក៏បានបង្កើតប្រព័ន្ធអប់រំ 4.0 ដើម្បីបណ្តុះបណ្តាលមនុស្សឱ្យទទួលបាននូវចំណេះដឹងថ្មីដើម្បីត្រៀមខ្លួនទុកជាមុនផងដែរ។
ប្រសិនបើប្រទេសណាអាចបត់បែនបានជាមួយនឹងចរន្តថ្មីនេះ នោះមានន័យថា គេនឹងនៅតែមានឱកាសក្នុងការប្រកួតប្រជែងកាន់តែទូលំទូលាយ ហើយរក្សាបាននូវលំនឹងសម្រាប់ទីផ្សារការងារ។ ស្ថានភាពវិជ្ជមាននឹងនៅតែកើតមានឡើងក្នុងទីផ្សារការងារ គ្រាន់តែទាមទារឱ្យមនុស្សត្រូវខិតខំប្រឹងប្រែងបន្ថែមឱ្យបានកាន់តែខ្លាំងឡើងលើការអភិវឌ្ឍសមត្ថភាព ដែលមានលក្ខណៈស៊ីជម្រៅ និងភាពជាក់លាក់ខ្លាំងជាងមុន។ ប្រជាជនគួរចាប់ផ្តើមផ្សាំុខ្លួន និងចេះទាញយកផលប្រយោជន៍វិជ្ជមានពីបច្ចេកវិទ្យាដើម្បីទប់ស្កាត់ជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលធ្វើឱ្យបច្ចេកវិទ្យាគ្រប់គ្រងបាន ហើយអាចគ្រប់គ្រងបច្ចេកវិទ្យាដើម្បីជាប្រយោជន៍។ អភិវឌ្ឍសមត្ថភាពក្នុងការគិតពិចារណា ភាពជាអ្នកដឹកនាំ ការបង្កើតថ្មី និងការដឹកនាំការងារជាក្រុមជាដើម ដើម្បីក្លាយជាមនុស្សដែលពិភពលោកនៅតែត្រូវការ ព្រោះចំណេះដឹងទាំងអស់នេះម៉ាស៊ីនមិនអាចជំនួសមនុស្សបាននោះទេ៕