ការប្រគំតន្រ្តីដ៏ធំមួយរបស់កំពូលតារាចម្រៀង Britney Spears នៅក្នុងទីក្រុងបាងកក ប្រទេសថៃពិតជាកក្រើកមែនដោយសារមានអ្នកគាំទ្រជាច្រើនបានចូលរួម។
នៅក្នុងវេទិកាប្រគំតន្រ្តី Britney Spears Live in Bangkok 2017 កំពូលតារាចម្រៀងប៉ុបស្រីរូបនេះ បានរៀបចំបទចម្រៀងដែលមានភាពពេញនិយមខ្លាំងដូចជាបទ Work Bitch, Womanizer, Gimme More, Slave4U, Toxic, Stronger, Me against the music ដែលសុទ្ធសឹងតែជាបទចម្រៀងដ៏ពេញចិត្តពេញថ្លើមរបស់អ្នកគាំទ្រ។
ទន្ទឹមនឹងមានការគាំទ្រចំពោះការរៀបចំប្រគំតន្ត្រីខា្នតធំនេះ ស្រាប់តែតារាចម្រៀងស្រីថៃ Gam Wichayanee ជាតារាចម្រៀងប្រចាំផលិតកម្ម GMM Grammy បានចេញមុខរិះគន់អ្នករៀបចំការប្រគំតន្រ្តីនេះយ៉ាងចាស់ដៃ ដោយនាងបានអន់ចិត្តចំពោះអ្នករៀបចំកម្មវិធីដែលបានបណ្ដោយឱ្យអ្នកគាំទ្រមកឈរខាងមុខវេទិកាពាសពេញ ទាំងដែលនាងបានទិញសំបុត្រអស់ 12,000បាត ជាតម្លៃសំបុត្រថ្លៃជាងគេបំផុត ក្នុងការចូលទស្សនាការសម្ដែង Britney Spears ជួរមុខក្បែរឆាកវេទិកា តែបែរជាត្រូវខកចិត្តទៅវិញ។ នាងនិយាយថា” ខ្ញុំបានទិញសំបុត្រកៅអីជួរមុខគេតម្លៃ 12,000បាត ចំនួន 2សន្លឹក តែត្រូវខាងអ្នករៀបចំកម្មវិធីបណ្តោយឱ្យមនុស្សនៅខាងក្រោយរត់មកឈរបាំងជិតអស់ទៅវិញ ពិតជាល្អមែនទែន Britney Live in Bangkok” ៕