បន្ទាប់ពីមានឱកាសបង្ហាញខ្លួនជាតួអង្គម្នាក់ក្នុងរឿង“ដើម្បីកូន” ដែលជាស្នាដៃប្រកាសផលិតថ្មីរបស់លោកហ៊ុយយ៉ាឡេងតារាសម្ដែងសំបូរសាច់ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់កញ្ញាទេពស្រីពៅហាក់រំពឹងយ៉ាងខ្ពស់ថាភាពយន្តរបស់លោកហ៊ុយយ៉ាឡេងដែលនាងបានសម្ដែងមួយរឿងនេះនឹងជួយឲ្យនាងឈានឡើង។ បើទោះជានាងនិយមស្ទីលចំហរដើមទ្រូងសុិចសុីប៉ុន្តែកញ្ញាបែរជាភាពស្ទាក់ស្ទើរក្នុងការទទួលថតឈុតស្រើបស្រាល។
កញ្ញាទេពស្រីពៅថ្លែងប្រាប់ក្នុងពិធីក្រុងពាលីរបស់លោកហ៊ុយយ៉ាឡេងថាកញ្ញាទើបតែហក់ចូលវិស័យសិល្បៈរយៈពេលខ្លីប៉ុន្តែនាងមានឱកាសបានសម្ដែងពីរបីរឿងមកហើយខណៈដែលឈុតឆាកក្នុងបទចម្រៀងក៍បានប្រឡូកមិនតិច។ ក្នុងនោះនាងបានទាំងច្រានចោលការសម្ដែងមួយចំនួនព្រោះតែរវល់ការងារផ្ទាល់ខ្លួននិងដោយសារតែការសម្ដែងខ្លះទាក់ទងជាន់គ្នាដែលមិនអាចឱ្យនាងជ្រែកខ្លួនបាននោះផង។ នាងថាការប្រឡូកសម្ដែងនាពេលចុងក្រោយបានត្រឹមតែអាចឲ្យនាងមិនដាច់ការងារជាហូរហែរប៉ុណ្ណោះប៉ុន្តែសម្រាប់ឱកាសល្បីឈ្មោះគឺនាងរំពឹងលើស្នាដៃក្នុងរឿង“ដើម្បីកូន” ដែលភាពយន្តថ្មីរបស់លោកហ៊ុយយ៉ាឡេងដោយសារតែភាពយន្តនេះនាងត្រូវផលិតករតម្រូវឲ្យសម្ដែងជានារីលូយឆាយនិងមានឈុតលេចធ្លោក្នុងរឿង។ នាងថាខ្លួនមានឈុតមួយចំនួនត្រូវសម្ដែងសុិចសុីប៉ុន្តែបើឲ្យសម្ដែងសុិចសុីហួសហេតុគឺដាច់ខាតមិនសម្ដែងឡើយ។
ទេពស្រីពៅបន្តថានាងស្រលាញ់វិស័យសម្ដែងនិងចង់ប្រឡូកការសម្ដែងឲ្យបានគ្រប់ទម្រង់មិនថាតួឆ្នាស់តួចិត្តអាក្រក់តួសុិចសុីឬតួកម្សត់នោះទេប៉ុន្តែសម្រាប់ការសម្ដែងក្នុងឈុតស្នេហារោលរាលគឺនាងផ្អើលៗអត់ហ៑ានថតទេ។ ជាក់ស្ដែងបើតាមតែនាងហ៑ានថតគឺនាងប្រហែលជាមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្តរៀងខ្ពស់ជាងនេះទៅហើយ។នាងថាខ្លួនពេញចិត្តល្បីតាមដំណើរជាជាងបានល្បីក្រោមសម្រែករិះគន់ហើយជាលទ្ធផលធ្វើឲ្យនាងអាម៉ាស់។ នាងគម្រោងឈោងឆាប់ការសម្ដែងឲ្យស៑ប់ពេញទំហឹងដោយក្រោយថតរឿងថ្មីឲ្យលោកហ៊ុយយ៉ាឡេងក៍នឹងត្រៀមទទួលថតភាពយន្តនិងថតMV ដែលកំពុងចចារបន្តបន្ទាប់ផងដែរ៕