សាលារៀនអន្តរជាតិ ចុង ហ័រ ដែលជាសាលាមានភាពល្បីល្បាញ និងបទពិសោធយូរឆ្នាំក្នុងការបណ្តុះបណ្តាលដោយផ្តោតសំខាន់លើភាសាចិន ភាសាអង់គ្លេស និងភាសាខ្មែរ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ និងបណ្ណសរសើរដល់សិស្សពូកែប្រមាណជាង 200នាក់នៅព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2019 នេះ។
លោក ZHU BANGJIANG នាយកសាលាអន្តរជាតិ ចុង ហ័រ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដែលយើងទាំងអស់គ្នាគួរចងចាំ ដោយយើងបានជួបជុំគ្នាដើម្បីអបអរសាទរដល់សិស្សកម្រិតមត្តេយ្យ និងសិស្សបឋមសិក្សាដែលបានទទួលសញ្ញាបត្រ និងបណ្ណសរសើរបន្ទាប់ពីបានបញ្ចប់វគ្គសិក្សា។ យើងទាំងអស់គ្នាមកទីនេះដើម្បីបញ្ជាក់ និងចែករំលែកពីភាពរីកចម្រើនរបស់សិស្សានុសិស្សទាំងអស់គ្នា។
លោក ZHU BANGJIANG បានមានប្រសាសន៍ថា៖ «ថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួប 10ឆ្នាំរបស់សាលាអន្តរជាតិ ចុង ហ័រ ផងដែរ។ 10ឆ្នាំដែលឆ្លងកាត់ព្យុះភ្លៀង បានធ្វើឱ្យសាលារីកចម្រើនគ្រប់ផ្នែក។ នៅឆ្នាំនេះ សាលារបស់យើងបានបន្ថែមថ្នាក់អនុវិទ្យាល័យ បន្ទាប់ពីយើងទទួលបានការគាំទ្រពីសំណាក់អាណាព្យាបាល និងសង្គម»។
លោកនាយកសាលាបានបន្ថែមទៀតថា 10ឆ្នាំកន្លងមកនេះ សិស្សរបស់យើងទទួលបានពិន្ទុល្អក្នុងសាលារៀន ហើយក្រោយពេលពួកគេបានបន្តការសិក្សានៅក្រៅប្រទេស ពួកគេនៅតែអាចរក្សាបាននូវកម្រិតពិន្ទុល្អដដែល។ នេះបញ្ជាក់ថា ការសិក្សាភាសាចិននៅក្នុងស្រុក ក៏ទទួលបានផលល្អដូចនៅក្រៅប្រទេសដែរ ដែលនេះជាមោទនភាពមួយសម្រាប់សិស្សរបស់យើង។ លោកនាយកក៏បានលើកឡើងផងដែរថា ការលូតលាស់របស់សិស្ស គឺជាគោលបំណងរបស់អាណាព្យាបាល ហើយលោកសូមថ្លែងអំណរគុណដល់អាណាព្យាបាលគ្រប់រូបដែលតែងតែគាំទ្រ សហការ និងផ្តល់មតិយោបល់ជាមួយសាលាកន្លងមក។ នៅថ្ងៃអនាគត សាលានឹងខិតខំប្រឹងប្រែងអភិវឌ្ឍបន្តទៀតដើម្បីឱ្យសិស្សានុសិស្សមានបរិស្ថានសិក្សាល្អ និងមិនធ្វើឱ្យអាណាព្យាបាលខកបំណងឡើយ។
គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសដែលនាំឱ្យសាលារៀនអន្តរជាតិ ចុង ហ័រ បណ្តុះបណ្តាលសិស្សឆាប់ចេះ និងមានចំណេះផ្នែកភាសាចិនល្អ ដោយសារសាលាជ្រើសរើសគ្រូបង្រៀនដែលជាជនជាតិដើម ជាមួយនឹងបទពិសោធខ្ពស់ទាំងអស់ មិនមែនគ្រូខ្មែរបង្រៀនថ្នាក់ភាសាចិនឡើយ។ ក្រៅពីនេះ សាលារៀនអន្តរជាតិ ចុង ហ័រ ក៏មានបន្ថែមផងដែរនូវវគ្គសំខាន់ៗដើម្បីឱ្យសិស្សអភិវឌ្ឍសមត្ថភាព និងយល់ដឹងពីការរស់នៅកាន់តែល្អ ដោយមានបង្រៀនក្បាច់គុណកុងហ៊្វូ មានបង្រៀនគូរគំនូរ និងតន្ត្រីដល់សិស្សានុសិស្សថែមទៀតផង៕