ក្រោយពីជោគជ័យ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករល្បីឈ្មោះម្នាក់ផ្ដើមផលិតស្នាដៃថ្មីមួយទៀតហើយគឺរឿង”ដើម្បីកូន” ដែលនិយាយពីជីវិតតស៊ូពុះពារគ្រប់ឧបសគ្គរបស់អ្នកធាក់ស៊ីក្លូ។
លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាអ្នកដឹកនាំរឿង “ធ្មប់” ដ៏ល្បីល្បាញ បានប្រកាសក្រុងពាលីថ្មីរបស់ខ្លួនមួយទៀតហើយគឺរឿង “ដើម្បីកូន” នៅកៀនរបងវត្តឧណា្ណលោម កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ។ ថ្លែងក្នុងពិធីក្រុងពាលីព្រឹកនេះ លោកហ៊ុយ យ៉ាឡេង រៀបរាប់ថា “ដើម្បីកូន” ជាសាច់រឿងថ្មីនិយាយពីជីវិតអ្នកធាក់ស៊ីក្លូចំហៀងវត្តឧណ្ណាលោម និងផ្សារកណ្តាល ពិសេសគុណតម្លៃនៃស៊ីក្លូខ្មែរ ដែលគ្រប់គ្នាមើលរំលង។
កញ្ញា មាន សូនីតា បានលើករៀបរាប់ថា នេះជាលើកទីមួយហើយដែលខ្លួនចាប់ដៃគូសម្តែងជាមួយ លោក ហ៊ុយ យ៉ាឡេង។ កញ្ញា រំភើបខ្លាំងដែលបានរួមចំណែកក្នុងរឿង “ដើម្បីកូន” ព្រោះកញ្ញា បានផ្អាកមិនបានទទួលថតរឿងប្រមាណមួយឆ្នាំមកហើយ។ ដោយពេញចិត្តខ្លាំងតាំងពីឮចំណងជើង រួមទាំងអត្ថន័យនៃរឿងចាក់ចំបេះដូងអ្នកទស្សនា ធ្វើឱ្យកញ្ញា រំពឹងខ្លាំងថានឹងទទួលការគាំទ្រពីទស្សនិកជន។
យ៉ាងណាមិញ ហ៊ុយ យ៉ាឡេង ផលិតករនិងជាអ្នកដឹកនាំរឿងរូបនេះបន្តថា នេះជាប្រភេទរឿងបែបអប់រំ ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមសព្វថ្ងៃដែលកំពុងកើតមាន និងបទពិសោទធន៍ជីវិតដែលអ្នកធាក់ស៊ីក្លូធ្លាប់ជួបប្រទះ។ ដូច្នេះទើបលោកសម្រេចចិត្តផលិតរឿងនេះឡើង ដោយចេតនាចង់ចងក្រងពីស៊ីក្លូខ្មែរ ដែលមានអាយុកាលជាង៨០ឆ្នាំ ឲ្យគ្រប់គ្នា ពិសេសយុវជនខ្មែរ បានយល់និងងាកមកចាប់អារម្មណ៍ពីតម្លៃអាជីពមួយនេះ។
ចំណែក កញ្ញា ស្រីពៅ តារាប្រឡូកថ្មីពេញដោយសមត្ថភាពក៏លើកឡើងស្រដៀងគ្នានិងកញ្ញា សូនីតាដែរ ដែលក្នុងរឿងនេះខ្លួនជាតួអង្គប្រពន្ធដែលឈ្លក់ទឹកម៉ាស៊ីននៅភ្នំពេញរហូតបោះបង់ប្តីនិងកូនដែលកំសត់កម្រជាមួយគ្នានៅខេត្ដ។ ដូច្នេះ ទើបកញ្ញាជឿជាក់ខ្លាំងថាប្រជាប្រិយភាពខ្លួននឹងមានការកើនឡើងក្រោយរឿងនេះចាក់បញ្ចាំងជាផ្លូវការ។
សូមជម្រាបផងដែរថា បើតាមការគ្រោងទុករឿង “ដើម្បីកូន” គ្រោងចាយទុនផលិតប្រមាណ ៥ទៅ៦ម៉ឺនដុល្លារ នឹងបង្ហាញវត្តមានជូនទស្សនិកជនទស្សនានាចុងឆ្នាំនេះ៕