នៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការកោតសរសើរមិនតិចទេ ក្នុងពេលដែលនាងបង្ហោះឱ្យឃើញថា នាងទើបតែប្ដូររថយន្តម៉ាកឡិចស៊ីស NX 200T ឆ្នាំ២០១៦ យ៉ាងថ្មីសន្លាង ដែលត្រូវគេដឹងថាមានតម្លៃជិត៧ម៉ឺនដុល្លារ។ រថយន្តនេះត្រូវនាងបង្ហាញឡើងកាលពីល្ងាចថ្ងៃទី៧ សីហា ឆ្នាំ២០១៩នេះ ខណៈដែលរថយន្តនេះគ្រាន់តែមានការបង្ហោះនាងប្ដូរក្ដៅៗ ក៍មានការខ្សឹបខ្សៀវភ្លាមៗថា ប្រហែលជាមនុស្សបុរសទ្រព្យស្ដុកណាមួយទិញចង់ភ្ជាប់ចិត្តនាងហើយ បើទោះនាងប្រកាសអមដោយរូបភាពថាជាកាដូរបស់ម៉ាក់។
ឆ្លើយតបនឹងបន្ទិលនេះ សោភា ទេពី បញ្ជាក់ថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង គឺពិតជាកាដូរបស់ម្ដាយ១០០ភាគរយ ដោយមិនមានបុរសណាម្នាក់យកលុយមកជះឱ្យនាងក្នុងតួលេខដ៏ច្រើនបែបហ្នឹងបានទេ។ នាងលើកឡើងដោយមិនស្ទាក់ស្ទើរថា ម្ដាយរបស់នាងចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថានាងស្រលាញ់រថយន្តសេរីនឹងផង ទើបម្ដាយរបស់នាងទៅកុម្ម៉ង់ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង។
នាងអះអាងថា ម្ដាយខ្លួនគឺជាអ្នកជំនួញ និងមានមុខរបរធំដំគួរសមក្នុងដៃជាយូរមកហើយ ទើបត្រឹមលទ្ធភាពថរយន្តដែលបានកាដូឱ្យ គឺមិនចាំបាច់ដល់ថ្នាក់បុរសណាម្នាក់យកមកជះ។ ជាមួយនឹងសេរីរថយន្តថ្មីទំនើប ពិតជាធ្វើឲ្យ សោភា ទេពី មានមុខថែមមួយកម្រិតនៅក្នុងវិស័យសិល្បៈមិនអន់នោះទេ ក្នុងពេលដែលនាងក៍កាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស៕