ភ្នំពេញ៖ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែមានសកម្មភាពរស់រវើកថែមទៀត ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវកាលពីចុងសប្តាហ៍មុននេះបានសម្ពោធបើកការិយាល័យតំណាងពាណិជ្ជកម្មខេត្តគួយចូវ ប្រចាំកម្ពុជាក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មតំណាងរាជរដ្ឋាភិបាល និងក្នុងនាមឯកឧត្តមផ្ទាល់បានសម្តែងនូវការស្វាគមន៍ និងមោទនភាពជាខ្លាំងដែលខេត្តគួយចូវបានជ្រើសរើសកម្ពុជាជាប្រទេសដំបូងគេក្នុងប្រទេសអាស៊ានក្នុងការបង្កើតការិយាល័យតំណាងពាណិជ្ជកម្មក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរវាងកម្ពុជា និងខេត្តគួយចូវក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋចិន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវលក្ខណៈអំណោយផលដែលដៃគូទាំងពីរ ត្រូវពូនជ្រំប្រើប្រាស់សក្តានុពលដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ដូចជា ៖ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។ ដោយឡែកទាក់ទងនឹងវិស័យឧស្សាហកម្ម ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យក្រុមហ៊ុនមកពីខេត្តគួយចូវវិនិយោគផ្នែកការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវមានការរីកចម្រើនជាខ្លាំងលើវិស័យនេះ។
ក្នុងនោះដោយមានអំណោយផលផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធពីខេត្តគួយចូវនូវវិធីព្យាបាលរោគតាមបែបធម្មជាតិ អេកូ-បរិស្ថានដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិអាចអនុវត្តបានដូចគ្នា ដែលវាក៏ជាចំណែកមួយក្នុងការទាក់ទាញវិស័យទេសចរណ៍ផងដែរ។ តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុនមកពីគួយចូវនឹងមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជានៅរង់ចាំសហការសម្របសម្រួលជានិច្ច ។
ឯកឧត្តម Sun zhigang អភិបាលខេត្តគួយចូវបានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពលនៃប្រទេសទាំងពីរ ដែលអាចជំរុញក្នុងការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំ ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា៖ បច្ចុប្បន្នមាននិស្សិតកម្ពុជាទៅសិក្សាជំនាញផ្សេងៗនៅខេត្តគួយចូវ ប្រមាណជា300នាក់ ស្របពេលដែលខេត្តគួយ ចូវមានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជាប្រមាណជាង20កន្លែង ដែលជាផ្នែកមួយក្នុងកិច្ចជំរុញវិស័យអប់រំនៃប្រទេសទាំងពីរ៕