ការចាប់ផ្តើមជីវិតអាជីវកម្មលើវិស័យអចលនទ្រព្យ មិនមែនជារឿងងាយស្រួលពេកទេក្នុងការធ្វើឱ្យសម្រេចបានជោគជ័យលើវិស័យនេះ។ជាការពិតមានអ្នកប្រឡូកក្នុងវិស័យនេះច្រើនណាស់នៅកម្ពុជា តែបុគ្គលទទួលបានជោគជ័យដែលយើងបានឃើញ មានតិចតួចណាស់ ព្រោះងាយស្រួលចាប់ផ្តើម តែពិបាកធ្វើឱ្យជោគជ័យ ដោយសារតែឧបសគ្គមួយចំនួនធំ គឺកើតចេញពីសហគ្រិនខ្លួនឯងតែម្តង។
ក៏ប៉ុន្តែ “តាមការស្វែងយល់ពីបច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យអ្នកមានភាគច្រើននៅស្រុកខ្មែរ គឺមានដោយសារវិស័យអចលនទ្រព្យ ហើយនៅលើលោកនេះមាន4%នៃអ្នកមានគ្រប់គ្រងទ្រព្យសម្បត្តិដល់ទៅ90%ក្នុងពិភពលោក ជាពិសេសអ្នកមានទាំងនេះ គឺមានដោយសារវិស័យអចលនទ្រព្យ។
នោះគឺជាជោគជ័យក្នុងវិស័យនេះ ដែលមាននៅក្នុងទីផ្សារអចលនទ្រព្យ។ បច្ចុប្បន្នភាពប្រកួតប្រជែង ដើម្បីទាក់ទាញប្រជាប្រិយភាព ការជឿទុកចិត្ត គាំទ្រពីអតិថិជន ហើយក្រៅពីនោះគេមិនដែលបានឃើញ និងកម្រឃើញ អ្នកធ្វើជំនួញជោគជ័យណាមួយបានបង្ហាញពីយុទ្ធសាស្ត្រជោគជ័យរបស់ខ្លួនដែលខ្លួនបានទទួលជោគជ័យនោះដែរ។
លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី (KEY REA ESTATE CO.,LTD) បានប្រាប់ឡារ៉ែនពាណិជ្ជថា៖“ខ្ញុំពុំបានគិតថា ភាពជោគជ័យក្នុងអាជីវកម្ម ឬយុទ្ធសាស្ត្រជោគជ័យក្នុង វិស័យអចលនទ្រព្យមានទំហំប៉ុនណានោះទេ។ព្រោះដោយសារថាវិស័យអចលនទ្រព្យមានភាពទូលំទូលាយណាស់ វាមានកត្តាចូលរួមជាច្រើន ទើបអាចសម្រេចជោគជ័យបាន”។
លោក នាយកប្រតិបត្តិបានបញ្ជាក់ថា៖“ខ្ញុំគិតថាយើងមិនត្រូវចាប់អារម្មណ៍ទៅលើអ្វីច្រើនពេកទេ។ ការឆ្លងកាត់ការងារជាច្រើនមក គឺយើងបានផ្តោតលើការងារ ហើយផ្តោតលើផែនការដែលយើងបានរៀបចំ ទាំងផែនការរយៈពេលវែង រយៈពេលខ្លីរបស់យើង។ផែនការនោះគឺយើងបានកំណត់ថាយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានលទ្ធផលមកវិញ។ផែនការនោះមានចំណូល ចំណាយ ធ្វើការពង្រឹង និងអភិវឌ្ឍធនធានមនុស្សរបស់យើង រួមទាំងតំបន់ ដែលជាទិសដៅត្រូវវិនិយោគ។
លោកសន សៀបបានបញ្ជាក់ថា៖“នៅក្នុងការធ្វើផែនការ ក៏យើងមានគម្រោងប្លង់គោលដែលបានមកពីការស្រាវជ្រាវ និងសិក្សាពីគម្រោងប្លង់ដែលត្រូវអភិវឌ្ឍ ដែលគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលផងដែរ ព្រោះបើយើងមិនយកព័ត៌មានសំខាន់ៗ មកដាក់ក្នុងគម្រោងផែនការទេ គឺយើងនឹងមានការអនុវត្តទៅខុស។ព្រោះការវិភាគការតាមដាន និងសិក្សាស្វែងយល់ពីរបត់នៃទីផ្សារអចលនទ្រព្យពេលកន្លងមក និងបច្ចុប្បន្នបានល្អិតល្អន់ អាចជួយអ្នកបាន ។
លោកសន សៀបបានបញ្ជាក់ទៀតថា៖“ខ្ញុំពុំមានទ្រឹស្តី ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រអ្វីច្រើនទេ គឺធ្វើនិងគិត តាមការមានបទពិសោធ តាមចំណេះដឹង តាមការមានព័ត៌មានពីការស្រាវជ្រាវ ជាមួយដៃគូខាងក្រៅ និងក្រុមការងារ ខាងក្នុងក្រុមហ៊ុន។យើងគិតតែខំប្រឹងធ្វើតាមទិសដៅការងាររបស់យើងៗខំប្រឹងធ្វើ តែមានការវាយតម្លៃក្នុង1ឆ្នាំម្តងដើម្បីស្វែងយល់ពីលទ្ធផលដែលយើងទទួលបាន និងចាប់ផ្តើមគិតពីការងារសម្រាប់ឆ្នាំខាងមុខទៀត។
ដោយឡែកសហគ្រិន ក្នុងវិស័យផ្គត់ផ្គង់សម្ភារសំណង់ម្នាក់ ក៏បានចែករំលែកបទពិសោធយុទ្ធសាស្ត្រក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្ម និងគន្លឹះសំខាន់ៗមួយចំនួនដល់អ្នកធ្វើជំនួញ ឬម្ចាស់អាជីវកម្មវ័យក្មេងដទៃទៀត ក៏ដូចជាដៃគូរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មរបស់ពួកគេ បើកទ្វាររកស៊ីបានយូរអង្វែង និងទទួលបានជោគជ័យ។
លោកហួត ជា បានក្លាយជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ការបើកអាជីវកម្មមានភាពងាយស្រួល តែការរក្សាគ្រប់គ្រងអាជីវកម្មឱ្យមាននិរន្តរភាពមិនមានភាពងាយស្រួលនោះទេ នៅពេលដែលអាជីវកម្មចាប់ផ្តើមបើកភ្លាម បញ្ហាជាច្រើនបានក្លាយជាលំហាត់ មករកម្ចាស់អាជីវកម្មឱ្យធ្វើការដោះស្រាយប្រសិនបើម្ចាស់អាជីវកម្ម គ្មានសមត្ថភាពដោះស្រាយនោះទេ អាជីវកម្មនោះនឹងត្រូវបិទទ្វារជាក់ជាមិនខានឡើយ។
លោកហួត ជា បានមានប្រសាសន៍ថា៖“សម្រាប់ខ្ញុំៗទី1ឆន្ទៈ ទី2គំនិត នៅពេលដែលមានឆន្ទៈ និងគំនិតហើយគឺបន្ទាប់មកយើងអនុវត្តនូវអ្វីដែលជាឆន្ទៈនិងគំនិតរបស់យើង។ដូច្នេះសូមបងប្អូនយុវវ័យ កុំគិតថាដល់តែមានទុនគ្រប់គ្រាន់ ឬដល់មានលុយគ្រប់គ្រាន់ សំខាន់គឺ គំនិតយើងទេ ដែលជួយយើងឱ្យមានទិសដៅ។បន្ទាប់មកគឺភាពស្មោះត្រង់ជាទុនរបស់យើងមួយផងដែរ”។
លោកបានបញ្ជាក់ដែរថា៖“ការក្លាយជាអ្នកជំនួញបាន នោះគឺយើងត្រូវមានចំណុច3ជាសំខាន់់គឺទី1-សុខភាព ទី2-មានគុណធម៌ ទី3-គឺមានគំនិតបានមកពីការអប់រំ ក្លាយជាចំណេះដឹង ទើបយើងអាចក្លាយជាអ្នកជំនួញមួយល្អ ជាងអ្នកជំនួញដទៃទៀត ដែលគេអាចមានចំណុចខ្វះខាត”។
លោកហួត ជាបានបញ្ជាក់ទៀតថា៖“ដើម្បីក្លាយខ្លួន ជាអ្នកជំនួញដ៏រឹងមាំបាន ទាល់តែអ្នកត្រូវតែមានគំនិត ”ចក្ខុវិស័យ“ កំណត់គោលដៅច្បាស់លាស់ សម្រាប់អនាគតនៃគម្រោងវិនិយោគរបស់អ្នក។ចេះប៉ាន់ប្រមាណ ទៅលើតម្លៃនៃប្រតិបតិ្តករពង្រឹងសមត្ថភាពគ្រប់គ្រង ក្តាប់ឱកាសទទួលយកព័ត៌មានជាក់លាក់ វិភាគពីភាពអាចទៅរួច និងពង្រីកយន្តការអាជីវកម្ម្ មានចក្ខុវិស័យត្រឹមត្រូវ នឹងដើរទៅតាមផែនការអនាគតក្នុងទិសដៅតែមួយ”។
ជាសរុបទៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ គឺពិតជាត្រូវទាមទារឱ្យវិនិយោគិនខ្លួនឯងថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ។ ក្នុងនាមជាបុគ្គលជោគជ័យ មិនថាផ្នែកណាក៏ដោយ ជាពិសេសផ្នែកអចលនទ្រព្យ ត្រូវតែមានផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំខែប្រចាំឆ្នាំ។ ជាពិសេសក្រុមការងារ ត្រូវបែងចែកទៅតាមជំនាញ ទើបទទួលបានជោគជ័យលើបេសកកម្មរបស់ខ្លួន។ សម្រាប់វិនិយោគថ្មីថ្មោង អ្នកពិតជាមិនអាចធ្វើការសម្រេចចិត្ត ដោយខ្វះការប្រឹក្សាយោបល់ពីអ្នកជំនាញបានទេ៕