ក្នុងពិធីក្រុងពលីរឿង«ល្បិចលួងល្បួងស្នេហ៍» កាលពីព្រឹកថ្ងៃទី៧ សីហា ឆ្នាំ២០១៩ B&S Goodday ឃើញថាមានការចូលរួមពីថៅកែផលិតកម្ម អ្នកដឹកនាំរឿង តារាសម្តែងក្នុងសាច់រឿងជាច្រើនដួងចូលរួមនិងបណ្តាសារព័ត៌មានមួយចំនួនផងដែរ។ ផ្ទៃរឿងមួយនេះផ្តោតលើវិស័យវាយនភ័ណ្ឌកម្ពុជាប៉ុន្តែបានក្លាយជាការព្រួយបារម្ភរបស់អ្នកដឹកនាំរឿងផ្ទាល់នូវពេលបណ្តារោងចក្រនានាមានចេតនាមិនសូវចង់សហការ។
ចាងហ្វាងផលិតកម្ម B&S Good Day លោក ប៊ុន ស៑ា បានថ្លែងក្នុងថ្ងៃក្រុងពាលីនោះថា នេះជារឿងមួយថ្មីដែលលោកបានិពន្ធសាច់រឿងមិនចម្លងពីរឿងផ្សេងៗ ហើយនិយាយពីស្ថានភាពរីកចំរើននៃវិស័យរោងចក្រនៅកម្ពុជា។ ក្នុងសាច់រឿងនេះ ក្រៅពីលើកឡើងពីស្នេហា ពីជីវភាពរបស់កម្មករកម្មការិនីរោងចក្រ ក៏លើកឡើងពីទំនាក់ទំនងរវាងថៅកែរោងចក្រ និង បុគ្គលិកបម្រើការផងដែរ។ យ៉ាងណាមិញលោកកំពុងព្រួយបារម្ភពីបញ្ហាបណ្ដារោងចក្រមិនចង់សហការផ្ដល់កន្លែងថតផងដែរ បន្ទាប់ពីលោកដាក់សំណើរសុំទីតាំងថតច្រើនរោងចក្រ តែមិនមានការឆ្លើយតប។ រឿងភាគនេះគម្រោងចំណាយយ៉ាងហោច១០ម៉ឺនដុល្លារ ខណៈដែលការចំណាយជាក់ស្ដែងលោកថាគឺថាមិនទាន់កំណត់។
បើតាមការរៀបរាប់របស់លោក ទិត ធារិទ្ឋ អ្នកដឹកនាំរឿងជើងចាស់ពេញដោយបទពិសោធន៍បានលើកឡើងក្នុងអារម្មណ៍តឹងតែងថា «ជាការមើលឃើញរបស់លោកផ្ទាល់យល់ថារឿង ល្បិចលួងល្បួងស្នេហ៍ មានការបង្ហាញពីវិស័យវាយនភណ្ឌកម្ពុជាពីទិដ្ឋភាពរោងចក្រកម្ពុជាអាចមានន័យថាជាការបង្ហាញឱ្យវិនិយោគទុនផ្សេងៗមើលឃើញហើយកាន់តែចាប់អារម្មណ៍មកលើវិស័យរោងចក្រកម្ពុជា»។ លោកអះអាងទៀតថាអ្វីដែលជាការពិបាកសម្រាប់លោកជាអ្នកដឹកនោះបែរជាលេចសញ្ញាមិនល្អពីបណ្តាថៅកែរោងចក្រមិនមានចេតនាសហការដែលលោកចង់បង្ហាញនូវទិដ្ឋភាពពិតៗនៅក្នុងរោងចក្រជាជាងការកែច្នៃរៀបចំហាក់មិនសូវល្អ។ លោកកំពុងតែស្នើសុំដល់សមាគមរោងចក្រឱ្យគេយោគយល់ឬសហការតាមអ្វីដែលលោកស្នើ។ ប្រសិនបើមិនមានការយោគយល់លោកនិងក្រុមការងារមានតែកែខៃទីតាំងណាមួយធ្វើជាកន្លែងរោងចក្រដើម្បីកុំឱ្យខកដំណើរការថតតាមជាក់ស្តែង។ រឿងនេះរៀបរាប់ពីស្នេហ៍រវាងថៅកែរោងចក្រនិងតួឯកស្រីដែលមានតួនាទីជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់។
គួរបញ្ជាក់ផងដែរថា ស្នាដៃថ្មីនេះគ្រោងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តី៍លេខ៥នាចុងឆ្នាំ២០១៩ដោយមានចំនួនជិត៤០ភាគ។ រឿងនេះចូលរួមសម្តែងដោយកញ្ញាពុធ ស្រីខួច លោកឃឹម សានីត លោកសុធា ពិសិដ្ឋ កញ្ញាហ្វីយ៉ាដា កញ្ញាវ៉ាន់ លីលី អ្នកស្រីសំ សុផល និងតារាប្រុសស្រីជាច្រើនដួងទៀត។