ធនាគារជាតិនៃកម្ពុជាបានប្រកាសថា កំពុងធ្វើតេស្តប្រព័ន្ធកម្មវិធីបង់ប្រាក់ចល័តដែលគេឱ្យឈ្មោះថា“ប្រព័ន្ធបាគង” (Bakong) ដោយយោងតាមធនាគារកណ្តាល ប្រព័ន្ធថ្មីនេះនឹងជួយសម្រួលដល់ការផ្ទេរប្រាក់ និងការបង់ប្រាក់(នៅទូទាំងប្រទេស) ស្របពេលដែលមានការបង្កើនការដាក់បញ្ចូលហិរញ្ញវត្ថុនៅក្នុងប្រទេស។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា៖“គម្រោងនេះមានគោលបំណងផ្តល់សេវាធនាគារទៅដល់តំបន់ដែលមិនមានធនាគារ ជាពិសេសនៅតំបន់ជនបទ”។ ធនាគារកណ្តាលបានឱ្យដឹងទៀតថា៖ “ប្រព័ន្ធនេះមានសុវត្ថិភាពងាយស្រួល ឆាប់រហ័ស និងមិនគិតថ្លៃ ដោយបានកត់សម្គាល់ថា ប្រព័ន្ធនេះ គឺជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាផ្ទាល់។ ”ប្រព័ន្ធ Bakong» គឺជាសេវាផ្ទេរប្រាក់តាមម៉ាស៊ីនដែលមានស្រាប់ និងអាចរកបានសម្រាប់អតិថិជនលក់រាយរបស់ធនាគារដែលចូលរួមនៅក្នុងប្រទេសកម្ពុជា”។
“ប្រព័ន្ធបាគង”ជាប្រព័ន្ធដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ Download យកពីក្នុងទូរស័ព្ទ Smart Phone មកប្រើប្រាស់ដោយបំពេញតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកម្មវិធី។ បន្ទាប់ពីបង្កើតរួចរាល់យើងទៅរកធនាគារដែលជាដៃគូជាមួយនឹងប្រព័ន្ធបាគងនេះ ដោយប្រាប់ភ្នាក់ងារធនាគារថា ចង់ដាក់បញ្ចូលលុយក្នុងប្រព័ន្ធបាគង នោះខាងធនាគារជាដៃគូនឹងដាក់បញ្ចូលប្រាក់ចូលទៅក្នុងប្រព័ន្ធបាគង ដោយប្រើប្រាស់បានទៅតាមប្រព័ន្ធ QR Code ទៅតាមទីកន្លែងណាដែលបញ្ជាក់ថា មានប្រើប្រាស់ប្រព័ន្ធបាគង។
សូមជម្រាបថា លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានប្រជុំជាមួយគណៈកម្មការទូទាត់នៃសមាគមធនាគារនៅកម្ពុជា និងតំណាងគ្រឹះស្ថានផ្តល់សេវាទូទាត់ ដើម្បីពិភាក្សាអំពីគម្រោងបាគងដែលជាគំនិតផ្តួចផ្តើមថ្មីរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងករណីសិក្សាពីលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិកសម្រាប់ប្រតិបត្តិការទូទាត់អន្តរធនាគារ។ជាក់ស្តែង ការលេចចេញជារូបរាងនៃការដាក់ឱ្យដំណើរការសាកល្បងកម្មវិធី“ប្រព័ន្ធបាគង” NBC បានសហការជាមួយធនាគារជាដៃគូចំនួន 4ដំបូងគេរួមមានធនាគារអេស៊ីលីដា ធនាគារ FTB ធនាគារវឌ្ឍន: និងធនាគារឯកទេសវីង។
នៅក្នុងការដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធបាគង” ត្រូវបានគូសបញ្ជាក់ថា គឺជាដំណើរវឌ្ឍនភាពក្នុងយុគសម័យថ្មីរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជាពិតជាមានមោទនភាពណាស់ដែលបានក្លាយជាប្រទេសដំបូងគេក្នុងការដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយគេក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុសំដៅផ្តល់សេវាហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ប្រព័ន្ធនេះអនុញ្ញាតឱ្យផ្ទេរប្រាក់រៀល ឬដុល្លារអាមេរិក“អ្នកប្រើលែងត្រូវការស្គាល់តួលេខច្រើននៃគណនីធនាគាររបស់អ្នកទទួលទៀតហើយ ដោយឥឡូវនេះពួកគេអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅលេខទូរស័ព្ទរបស់ពួកគេ ឬស្គែនកូដ QR តាមរយៈកម្មវិធី ប្រព័ន្ធបាគង ឬតាមរយៈសេវាកម្មធនាគារផ្សេងទៀត ដែលផ្តល់ដោយធនាគារសមាជិក។ វាឥតគិតថ្លៃ និងអាចប្រើបាន 24/7ក្នុងរយៈពេល 365 ថ្ងៃ”។
លោកស្រី សូផន ណារី នាយិការងប្រតិបត្តិរបស់ធនាគារអេស៊ីលីដា បានប្រាប់ថា ប្រព័ន្ធថ្មីនេះស្រដៀងទៅនឹងកាបូបឌីជីថលរបស់ធនាគារអេស៊ីលីដា។លោកស្រីបាននិយាយថា កម្មវិធី Toan Chet របស់អេស៊ីលីដាមានឈ្មួញប្រហែល 20%ដោយមានអតិថិជនជាង 980.000 នាក់ ទទួលយកការទូទាត់តាមរយៈកម្មវិធី។ ពោលជាមធ្យមមាន 69,671ប្រតិបត្តិការត្រូវបានធ្វើឡើងតាមរយៈកម្មវិធីរៀងរាល់ថ្ងៃជាមធ្យម 17,740,211ដុល្លារក្នុង 1ថ្ងៃ។
លោកស្រីបានមានប្រសាសន៍ថា៖“យើងនឹងភ្ជាប់ប្រព័ន្ធរបស់យើង គឺអេស៊ីលីដាទាន់ចិត្ត Toan Chet ទៅនឹង ”ប្រព័ន្ធបាគង” ដែលកម្មវិធីនេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់យើងផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគង។ វាមិនមែនជាកម្មវិធីនៃការប្រកួតប្រជែងនោះទេ គឺបាគងបាននាំធនាគារទាំងអស់មកជាមួយគ្នា ដោយនិយាយអំពីការតភ្ជាប់គ្នា និងធ្វើការជាមួយគ្នា”។
កាលពីខែកុម្ភៈ ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតប្រព័ន្ធទូទាត់ដែលមានមូលដ្ឋានលើកូដ QR ។ យោងតាម តំណាងធនាគារកណ្តាលបានឱ្យដឹងថា ប្រព័ន្ធទូទាត់នាពេលខាងមុខមានបំណងសម្រួលការផ្លាស់ប្តូរឆ្លងកាត់ព្រំដែនក្នុងរូបិយប័ណ្ណក្នុងស្រុក។
កាលពីខែមិថុនា ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ធនាគារក្នុងស្រុកចំនួន2 និងធនាគារ ថៃមួយបានចូលរួមជាមួយប្រព័ន្ធទូទាត់ប្រាក់តាម QR ដែលធនាគារកណ្តាលកំពុងអភិវឌ្ឍជាមួយ ប្រទេសថៃ។ ធនាគារនេះបានឱ្យដឹងថា ធនាគារ FTB ធនាគារអេស៊ីលីដា និងធនាគារពាណិជ្ជ Siam Com mercial Bank(SCB) នឹងក្លាយជាធនាគារឧបត្ថម្ភក្នុងគម្រោងនេះ៕